បទយកការណ៍ / បទសម្ភាសន៍
សាកលវិទ្យាធិការ​ថា គុណភាព ZAMAN មាន​កម្រិត​ស្មើ​សាកលវិទ្យាល័យ​កម្រិត​ម​ធ្យ​ម​នៅលើ​ពិភពលោក
03, Feb 2017 , 10:54 am        
រូបភាព
​ភ្នំពេញ​៖ លោក ដេ​ត សុខ​ឧ​ត្ត​ម សាកលវិទ្យាធិការ​នៃ​សាកលវិទ្យា​ល័យ ZAMAN នៅក្នុង​ប្រទេស​កម្ពុជា បាន​អះអាងថា គុណភាព​នៃ​សាកលវិទ្យាល័យ​របស់លោក​ស្ថិតនៅក្នុង​លេខ​រៀង​ល្អ​នៅក្នុង​ប្រទេស​កម្ពុជា និយាយ​ជារួម​។ តែបើ​ប្រៀបធៀប​ជាមួយ​សាកលវិទ្យាល័យ​នៅលើ​ពិភពលោក​វិញ លោក សុខ​ឧ​ត្ត​ម បញ្ជាក់ថា វា​មាន​កម្រិត​ស្មើនឹង​គុណភាព​សាកលវិទ្យាល័យ​កម្រិត​ម​ធ្យ​ម​នៅលើ​ពិភពលោក​។ ទោះជា​យ៉ាងណាក៏ដោយ ក៏​លោក​ទទួលស្គាល់ថា គុណភាព​អប់រំ​នៃ​សាកលវិទ្យាល័យ​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​ស្ថិតនៅ​កម្រិត​ទាប​ទៅ​ឡើយ​។ ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក ដេ​ត សុខ​ឧ​ត្ត​ម សាកលវិទ្យាធិការ​នៃ​សាកលវិទ្យា​ល័យ ZAMAN នៅក្នុង​ប្រទេស​កម្ពុជា ដូចតទៅ​៖



​សំឡេង​បទ​សម្ភាស​




​បើ​និយាយ​ពី​សាកលវិទ្យាល័យ ZAMAN, លោក សុខ​ឧ​ត្ត​ម មិន​រួញរា​នឹង​អះអាងថា Zaman ជាសាកលវិទ្យាល័យឈានមុខគេមួយ​នៅ​រាជធានី​ភ្នំពេញ​ឡើយ​។ តែបើ​ប្រៀបធៀប​នៅលើ​ពិភពលោក​វិញ សាកលវិទ្យាធិការ​រូបនេះ បាន​ប្រាប់ថា វា​មាន​កម្រិត​ស្មើនឹង​គុណភាព​សាកលវិទ្យាល័យ​កម្រិត​ម​ធ្យ​ម​នៅលើ​ពិភពលោក​តែប៉ុណ្ណោះ​។

​ការអះអាង​របស់លោក​គឺ​ផ្អែកលើ​គុណភាព​ជំនាញ និង​គុណភាព​ចំណេះដឹង​ភាសាបរទេស​របស់​និស្សិត​នៅ​សាកលវិទ្យាល័យ ZAMAN​។ បន្ថែម​ពីលើ​អំណះអំណាង​ខាងលើ លោក សុខ​ឧ​ត្ត​ម បញ្ជាក់ថា និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ ZAMAN មានការ​ងារ​ធ្វើ​ទាំងអស់គ្នា​។ រីឯ និស្សិត​ដែល​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស​វិញ ពួកគេ​បាន​បញ្ជាក់ថា ពួកគេ​អាច​សិក្សា​បាន​ដោយ​គ្មាន​ប្រឈម​នឹង​បញ្ហា​អ្វី​ឡើយ ដូចជា ករណី និស្សិត​ទៅ​សិក្សា​នៅក្នុង​ទីក្រុង​តូ​ក្យូ​នៃ​ប្រទេស​ជប៉ុន​ជាដើម​។ ប្រសិនបើ​និ​សិ​ត្ស​បញ្ចប់​ការសិក្សា​នៅ ZAMAN, ហើយ​ពួកគេ​សម្រេចចិត្ត​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​នៅក្នុង​ប្រទេស​កម្ពុជា​វិញ ពួកគេ​សម្តែង​អារម្មណ៍​ថា ពួកគេ​ហាក់បីដូចជា​មានចំណេះដឹង​ទូទៅ​ទូលំទូលាយ​ជាង​និស្សិត​មកពី​សាកល​វិទ្យាល័យ​ផ្សេងៗ​។



​ជាថ្មី​ម្តងទៀត គុណភាព ZAMAN អាច​ទទួលយកបាន ក៏​ដោយសារតែ​គុណភាព​កម្មវិធី​ល្អ និង​គុណភាព​សាស្ត្រ​ចា​រ្យ​ប្រសើរ​ដែរ​។ សាស្ត្រាចារ្យ​នៅទីនេះ​, បើ​យោងតាម​លោក សុខ​ឧ​ត្ត​ម​,  មានគុណ​ដូច​សាស្ត្រាចារ្យ​នៅក្នុង​ប្រទេស​ដទៃទៀត​ដែរ​។

​បើទោះបីជា​គុណភាព​អប់រំ​នៃ ZAMAN ប្រសើរ​គួរសម​មែន​ក្តី​។ តែ​លោក សុខ​ឧ​ត្ត​ម ទទួលស្គាល់ថា គុណភាព​អប់រំ​សម្រាប់​សាកលវិទ្យាល័យ​ទាំងមូល​នៃ​ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​កម្រិត​មួយ​ទាប បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​។ លោក សុខ​ឧ​ត្ត​ម បញ្ជាក់ថា​៖«​កម្ពុជា​អាច​ស្ថិតនៅក្នុង​លំដាប់​លេខ​រៀង​ទី​៧ ឬ​៨ ពោល គឺអាច​ប្រសើរ​ជាង​ឡាវ និង​ភូមា​។ បើ​និយាយ​ពី​ម៉ាឡេស៊ី ឬ​សឹង្ហ​បុរី គេ​ដើរ​លឿន​ជាង​យើង​»​។ តែ​បញ្ហា​យឺត​នេះ​ត្រូវបាន​លោក សុខ​ឧ​ត្ត​ម គិតថា វា​អាចជា​កំហុស​មួយផ្នែក​នៃ​សង្គ្រាមស៊ីវិល​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​អតីតកាល​ផងដែរ​។

​តើ​គេ​ត្រូវការ​ប៉ុន្មាន​ឆ្នាំ​ទៀត​ដើម្បី​ពង្រឹងគុណភាព​សាកលវិទ្យាល័យ​នៅ​កម្ពុជា​?

​លោក ដេ​ត សុខ​ឧ​ត្ត​ម សាកលវិទ្យាធិការ​នៃ​សាកលវិទ្យា​ល័យ ZAMAN នៅក្នុង​ប្រទេស​កម្ពុជា​រួញរា​ក្នុងការ​ប៉ាន់ស្មាន​បន្តិច​។ តែ​ទោះជា​យ៉ាណា លោក​គិតថា គេ​អាច​ត្រូវការ​ពី​១០​ទៅ​២០​ឆ្នាំ​បន្ថែមទៀត​។ ហើយ​នេះ គេ​ក៏ត្រូវ​ការពង្រឹង​វិស័យ​អប់រំ​ពី​ថ្នាក់មូលដ្ឋាន​ផងដែរ​៕




Tag:
 សង្គម​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com