ជាតិ
ក្រោយ​លុប​ប្រការ ៤៨ ថ្មី​(​បី​) រដ្ឋសភា​យក​ខ្លឹមសារ​ប្រការ ៤៨ ថ្មី (​ពីរ​) នៃ​បទបញ្ជាផ្ទៃក្នុង មក​ប្រើ​ឡើងវិញ
03, Feb 2017 , 1:55 pm         4512
រូបភាព
​ភ្នំពេញ​៖ ប្រការ​៤៨​ថ្មី (​បី​) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ដែល​ចែង​ពី​ប្រធាន​ក្រុមតំណាងរាស្ត្រ និង​ប្រធាន​ក្រុម​មតិ​ភាគតិច ដែលមាន​ឋានៈ​ស្មើនឹង​នាយករដ្ឋមន្ត្រី ត្រូវបាន​លុបចោល​ហើយ​។ ក្រោយ​លុបចោល រដ្ឋសភា ក៏​ប្រកាស​ឲ្យ​ប្រើប្រាស់​ប្រការ ៤៨​ថ្មី (​បួន​) ដែល​ទើបនឹង​អនុម័ត​។ ខ្លឹមសារ​ទាំងស្រុង​នៃ​ប្រការ​៤៨​ថ្មី (​បួន​) គឺ​ដកស្រង់​ពី​ប្រការ​៤៨​ថ្មី (​ពីរ​) ដែល​រដ្ឋសភា ធ្លាប់ប្រើ​កាលពីមុន​។​


​រដ្ឋសភា បាន​យក​ខ្លឹមសារ​ទាំងស្រុង​ក្នុង​ប្រការ​៤៨​ថ្មី (​ពីរ​) មកប្រើប្រាស់​ឡើងវិញ បន្ទាប់ពី​ប្រការ​៤៨​ថ្មី (​បី​) ត្រូវបាន​លុបចោល​។ ដូច្នេះ ប្រកាស​៤៨​ថ្មី (​ពីរ​) នេះ បានក្លាយ​ទៅជា​ប្រការ​៤៨​ថ្មី (​បួន​) តាមរយៈ​ការធ្វើ​វិសោធនកម្ម​របស់​រដ្ឋសភា កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧​។​

​ក្រោយ​រដ្ឋសភា អនុម័ត ហើយ​ក្រុមប្រឹក្សាធម្មនុញ្ញ ក៏​ពិនិត្យ​ចប់សព្វគ្រប់​ផង​នោះ ប្រការ​៤៨​ថ្មី (​បួន​) ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ នៅពេលនេះ​។​

​ប្រការ​៤៨​ថ្មី (​បួន​) ដែល​ដកស្រង់​ចេញពី​ខ្លឹមសារ​ទាំងស្រុង នៃ​ប្រការ​៤៨​ថ្មី (​ពីរ​) បានសរសេរថា​៖«​អាស​នា​នុ​ក្រម នៃ​ក្រុមតំណាងរាស្ត្រ ត្រូវ​រៀបចំ​ជា​ក្រុមៗ តាម​គណបក្សនយោបាយ ពីមុខ​ទៅក្រោយ​។ ក្រុម​នីមួយៗ ត្រូវមាន​សមាជិក យ៉ាងតិច​១០​រូប​។ តំណាងរាស្ត្រ​១​រូប អាចជា​សមាជិក របស់​ក្រុម​តែ​១​ប៉ុណ្ណោះ​។ ក្រុម​នីមួយៗ​ត្រូវមាន​ប្រធាន​១​រូប និង​អនុប្រធាន​១​រូប​។ គណបក្សនយោបាយ​ណា មាន​អាសនៈ​តិចជាង​១០ ត្រូវ​ជ្រើសរើស​ក្រុម​ណា​១ ដែល​ខ្លួន​ពេញចិត្ត​នៅ​ជាមួយ​។ [……] »​។​

​ការសម្រេច​លុបចោល​នូវ​ប្រការ​៤៨​ថ្មី (​បី​) ហើយ​ត្រឡប់​ទៅប្រើ​ប្រការ​៤៨​ថ្មី (​ពីរ​) ឡើងវិញ គឺជា​សំណើ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​សម្តេច​ចោទថា គណបក្ស​សង្គ្រោះ​ជាតិ ចេះតែ​ប្រើ​តួនាទី​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ និង​តួនាទី​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច ដើម្បី​សុំ​ចរចា​ឲ្យ​ដោះលែង​អ្នកទោស​។​

​សូម​រម្លឹកថា ប្រការ ៤៨​ថ្មី (​បី​) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា បាន​ចែងថា គណបក្សនយោបាយ ដែលមាន​អាសនៈ​ចាប់ពី ៥ ភាគរយ​ឡើងទៅ អាចបង្កើត​ក្រុម​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ ដែលមាន​ប្រធាន​១​រូប ដែល​ហៅថា «​ប្រធាន​ក្រុមតំណាងរាស្ត្រ​»​។ ប្រការនេះ ថែមទាំង​សរសេរ​ពី «​ប្រធាន​ក្រុម​មតិ​ភាគតិច​» ដែលមាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី ថែមទៀត​។

​ប្រការ​ដដែល បាន​កំណត់ថា ប្រធាន​ក្រុមតំណាងរាស្ត្រ​នៃ​គណបក្សនយោបាយ ដែលមាន​អាសនៈ​ចាប់ពី​២៥​ភាគរយ ឡើងទៅ នឹង​ក្លាយជា​ប្រធាន​ក្រុម​មតិ​ភាគតិច ហើយ​ជា​ដៃគូ​សន្ទនា​ជាមួយនឹង​ប្រមុខ​រដ្ឋាភិបាល ពី​បញ្ហា​ប្រទេសជាតិ​។

​កាលពី​នៅមាន​ប្រការ​៤៨​ថ្មី (​បី​)  ខាងលើ ឯកឧត្តម កឹម សុខា គឺជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ហើយក៏​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច ដែល​ឋាន​ស្មើនឹង​នាយករដ្ឋមន្ត្រី​ផងដែរ​។ ចំណែកឯ សម្តេច ស ខេង គឺជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​៕

Tag:
 វិ​សោធ​កម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next