ជាតិ
ក្រោយលុបប្រការ ៤៨ ថ្មី(បី) រដ្ឋសភាយកខ្លឹមសារប្រការ ៤៨ ថ្មី (ពីរ) នៃបទបញ្ជាផ្ទៃក្នុង មកប្រើឡើងវិញ
× ភ្នំពេញ៖ ប្រការ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែលចែងពីប្រធានក្រុមតំណាងរាស្ត្រ និងប្រធានក្រុមមតិភាគតិច ដែលមានឋានៈស្មើនឹងនាយករដ្ឋមន្ត្រី ត្រូវបានលុបចោលហើយ។ ក្រោយលុបចោល រដ្ឋសភា ក៏ប្រកាសឲ្យប្រើប្រាស់ប្រការ ៤៨ថ្មី (បួន) ដែលទើបនឹងអនុម័ត។ ខ្លឹមសារទាំងស្រុងនៃប្រការ៤៨ថ្មី (បួន) គឺដកស្រង់ពីប្រការ៤៨ថ្មី (ពីរ) ដែលរដ្ឋសភា ធ្លាប់ប្រើកាលពីមុន។
រដ្ឋសភា បានយកខ្លឹមសារទាំងស្រុងក្នុងប្រការ៤៨ថ្មី (ពីរ) មកប្រើប្រាស់ឡើងវិញ បន្ទាប់ពីប្រការ៤៨ថ្មី (បី) ត្រូវបានលុបចោល។ ដូច្នេះ ប្រកាស៤៨ថ្មី (ពីរ) នេះ បានក្លាយទៅជាប្រការ៤៨ថ្មី (បួន) តាមរយៈការធ្វើវិសោធនកម្មរបស់រដ្ឋសភា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
ក្រោយរដ្ឋសភា អនុម័ត ហើយក្រុមប្រឹក្សាធម្មនុញ្ញ ក៏ពិនិត្យចប់សព្វគ្រប់ផងនោះ ប្រការ៤៨ថ្មី (បួន) ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅពេលនេះ។
ប្រការ៤៨ថ្មី (បួន) ដែលដកស្រង់ចេញពីខ្លឹមសារទាំងស្រុង នៃប្រការ៤៨ថ្មី (ពីរ) បានសរសេរថា៖«អាសនានុក្រម នៃក្រុមតំណាងរាស្ត្រ ត្រូវរៀបចំជាក្រុមៗ តាមគណបក្សនយោបាយ ពីមុខទៅក្រោយ។ ក្រុមនីមួយៗ ត្រូវមានសមាជិក យ៉ាងតិច១០រូប។ តំណាងរាស្ត្រ១រូប អាចជាសមាជិក របស់ក្រុមតែ១ប៉ុណ្ណោះ។ ក្រុមនីមួយៗត្រូវមានប្រធាន១រូប និងអនុប្រធាន១រូប។ គណបក្សនយោបាយណា មានអាសនៈតិចជាង១០ ត្រូវជ្រើសរើសក្រុមណា១ ដែលខ្លួនពេញចិត្តនៅជាមួយ។ [……] »។
ការសម្រេចលុបចោលនូវប្រការ៤៨ថ្មី (បី) ហើយត្រឡប់ទៅប្រើប្រការ៤៨ថ្មី (ពីរ) ឡើងវិញ គឺជាសំណើរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយសារសម្តេចចោទថា គណបក្សសង្គ្រោះជាតិ ចេះតែប្រើតួនាទីជាប្រធានក្រុមតំណាងរាស្ត្រ និងតួនាទីជាប្រធានក្រុមមតិភាគតិច ដើម្បីសុំចរចាឲ្យដោះលែងអ្នកទោស។
សូមរម្លឹកថា ប្រការ ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា បានចែងថា គណបក្សនយោបាយ ដែលមានអាសនៈចាប់ពី ៥ ភាគរយឡើងទៅ អាចបង្កើតក្រុមថ្នាក់ដឹកនាំតំណាងរាស្ត្រ ដែលមានប្រធាន១រូប ដែលហៅថា «ប្រធានក្រុមតំណាងរាស្ត្រ»។ ប្រការនេះ ថែមទាំងសរសេរពី «ប្រធានក្រុមមតិភាគតិច» ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី ថែមទៀត។
ប្រការដដែល បានកំណត់ថា ប្រធានក្រុមតំណាងរាស្ត្រនៃគណបក្សនយោបាយ ដែលមានអាសនៈចាប់ពី២៥ភាគរយ ឡើងទៅ នឹងក្លាយជាប្រធានក្រុមមតិភាគតិច ហើយជាដៃគូសន្ទនាជាមួយនឹងប្រមុខរដ្ឋាភិបាល ពីបញ្ហាប្រទេសជាតិ។
កាលពីនៅមានប្រការ៤៨ថ្មី (បី) ខាងលើ ឯកឧត្តម កឹម សុខា គឺជាប្រធានក្រុមតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ហើយក៏ជាប្រធានក្រុមមតិភាគតិច ដែលឋានស្មើនឹងនាយករដ្ឋមន្ត្រីផងដែរ។ ចំណែកឯ សម្តេច ស ខេង គឺជាប្រធានក្រុមតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com