អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី នាយករដ្ឋមន្ត្រី ប្រធានសភា​..​មន្ត្រីជាន់ខ្ពស់​ឡាវ ឈប់​ជិះឡាន​ទំនើប ដើម្បី​សន្សំ​ថវិកាជាតិ
04, Feb 2017 , 1:18 pm        
រូបភាព
ដោយ:
 
​បើ​មិនមាន​ការប្រែប្រួល​នោះទេ ដំណើរការ​នៃ​ការដេញថ្លៃ​ឡាន​សេរី​ទំនើប​ថ្មី​បំផុត​ដែល​ដកហូត​ពី​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ឡាវ ដែល​រាប់បញ្ចូល​ទាំង​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ជាដើម​នោះ នឹងត្រូវ​ចាប់ផ្តើម​នៅក្រោយ​សប្តាហ៍​ហើយ​។ នេះ គឺជា​គោលនយោបាយ​មួយ​របស់​រដ្ឋាភិបាល​ឡាវ​ដើម្បី​បញ្ឈប់​មន្ត្រី​រដ្ឋាភិបាល​បើក​បរ​ឡាវ​ទំនើប និង​ជាពិសេស​នោះ​ជួយ​សន្សំ​ថវិកាជាតិ​។

 
​ឡាវ​ប្រភេទ BMW/Series 7/730li ចំនួន​៧​គ្រឿង និង Mercedes Benzes S350 ចំនួន​៨​គ្រឿង ដែល​ដកហូត​ពី​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ឡាវ នឹងត្រូវ​ដាក់តាំង​ដើម្បី​ឲ្យ​អ្នក​ចាប់​អាមរ​ម្មណ៍ និង​ភាគី​ពាក់ព័ន្ធ​ដេញថ្លៃ ឬ​ទិញ​នៅ​មជ្ឈមណ្ឌល​ពិ​ព៌​ណ​ជាតិ​ឡា​វនា​សប្តាហ៍​ក្រោយ​ហើយ​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​គណៈកម្មាធិការ​ជាតិ​ឡាវ ដែល​បាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ថៃ The Nation នៅ​ថ្ងៃទី ០៣ កុម្ភៈ​។ 
 
​សូម​ជម្រាប​ផងដែរ​ថា ការដកហូត​ឡាន​ទំនើប​ពី​មន្ត្រីជាន់ខ្ពស់ និង​ផែន​ការដាក់​ឲ្យ​ដេញថ្លៃ​នេះ ធ្វើឡើង​ក្រោយពី​មេដឹកនាំ​បក្ស​កុម្មុយនីស្ត និង​រដ្ឋាភិបាល​ឡាវ បាន​ព្រមព្រៀងគ្នា​ថា ឈប់​បើកបរ និង​ប្រើប្រាស់​យានយន្ត​ទំនើបៗ​ដូចជា BMW និង Mercedes Benzes ក្នុង​គោលដៅ​ដើម្បី​កាត់បន្ថយ​ការចំណាយ​ថវិកាជាតិ​។ ហើយ​ជំនួស​មកវិញ មន្ត្រីជាន់ខ្ពស់ អាច​ប្រើប្រាស់​យានយន្ត​ដែលមាន​ម៉ាក និង​តម្លៃថោក និង​សមរម្យ​បាន​ហើយ​។ 
 
​បើតាម​ប្រភពព័ត៌មាន​ដដែល​នោះ គណៈកម្មាធិការ​ជាតិ​ឡាវ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ការដេញថ្លៃ​ឡាន​ទំនើប​នាពេលខាងមុខ​ដ៏​ខ្លី​នេះ គឺជា​ការដេញថ្លៃ​ជំនាន់​មួយ ដែល​ដកហូត​ពី​មេ​ដឹក​កម្រិត​មួយ (Level I) និង​កម្រិត​ពីរ (Level II)​។ មេដឹកនាំ​ដែល​ចាត់ទុក​ក្នុង​កម្រិត​មួយ​នោះ រួមមាន ប្រធានាធិបតី នាយករដ្ឋមន្ត្រី ប្រធានសភា ប្រធាន​បក្ស និង​សមាជិក​បក្ស​កុម្មុយនីស្ត​ឡាវ​។ ហើយ​សម្រាប់ មេដឹកនាំ​កម្រិត​ពីរ រួមមាន គណៈកម្មាធិការ​កណ្តាល​បក្ស អនុ​ប្រធានាធិបតី និង​អនុ​ប្រធានសភា និង​ឧបនាយករដ្ឋមន្ត្រី​។ 
 
​ដំណើរការ​ដេញថ្លៃ​ឡាន​របស់​មន្ត្រី​រដ្ឋាភិបាល​ឡាវ​នេះដែរ ក៏​មិនត្រូវ​បញ្ចប់​នា​សប្តាហ៍​ក្រោយ​ដែរ​។ បើតាម​គណៈកម្មាធិការ​ជាតិ​ឡាវ​ដដែល​នោះ នឹងមាន​ការដេញ​ថៃ្ល​ជា​បន្តបន្ទាប់​ទៀត ដ្បិត នៅមាន​ឡាវ​ទំនើបៗ​ជាច្រើន​ផ្សេងទៀត ដែល​ទិញ​ដោយ​ស្ថាប័ន​ផ្សេងៗ​របស់​រដ្ឋាភិបាល​ឡាវ នៅ​មិនទាន់បាន​ដកហូត​នៅឡើយ​នោះទេ​៕ 
 

Tag:
 ឡាវ​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com