អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
|​ចិន​៖ គម្រោង​ខែល​ការពារជាតិ THAAD អាមេរិក​នៅ​កូរ៉េខាងត្បូង ធ្វើ​ឲ្យ​អស្ថិរភាព​ឧបទ្វីប​កូរ៉េ​
04, Feb 2017 , 7:39 pm        
រូបភាព
ដោយ:
 
​បើទោះបីជា​ក្រុង​វ៉ាស៊ីនតោន បាន​អះអាង​ហើយ​ថា​ការដំឡើង​ខែល​ការពារ​មី​ស៊ី​ល THAAD នៅ​កូរ៉េខាងត្បូង ដើម្បី​តបត និង​ប្រឆាំង​កូរ៉េខាងជើង​តែមួយគត់​ក៏ដោយ រដ្ឋាភិបាល​ក្រុង​ប៉េកាំង មិន​សុខចិត្ត​ឡើយ​។ ក្រុង​ប៉េកាំង បានបង្ហាញ​គោលជំហរ​ជំទាស់​ជាថ្មី និង​ចាត់ទុក​ផែនការ​ដំឡើង​ប្រព័ន្ធ​ការពារ​ធុន​ធំ​នោះ ថា​ជាការ​បំផ្លាញ​សន្តិសុខ​នៅក្នុង​តំបន់​។

 
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ថ្មី លោក James Mattis នៅ​ថ្ងៃទី​០២ កុម្ភៈ បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​កូរ៉េខាងត្បូង​ជា​លើកដំបូង​ក្នុងនាម​ជា​ប្រមុខ​ការពារជាតិ​នៃ​រដ្ឋបាល​ថ្មី​របស់លោក​ប្រធានាធិបតី Donald Trump​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នោះ លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ពី​ជំហរ​មិន​ប្រែប្រួល​របស់​អាមេរិក​ម​ក​កាន់​ឧបទ្វីប​កូរ៉េ និង​ការការពារ​សម្ព័ន្ធមិត្ត​របស់ខ្លួន តាមរយៈ​គោលនយោបាយ​ប្រឆាំងនឹង​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ 
 
​ជាងនេះទៅទៀត​នោះ ប្រមុខ​ការពារជាតិ​ដែល​ទើប​ស្បថ​កាន់តំណែង​រូបនេះ ថែមទាំង​ផ្ញើ​សារ​ដល់​ប្រទេស​ក្នុង​តំបន់ ដែល​តែងតែ​បារម្ភ​ពី​វត្តមាន​របស់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​ទៀតផង​។  «​ខែល​ការពារ​មី​ស៊ី​ល THAAD គឺ​សម្រាប់តែ​ការពារ​ប្រជាជន​នៃ​សម្ព័ន្ធមិត្ត​របស់​យើង និង​ទាហាន​របស់​យើង ដែល​បាន​ប្តេជ្ញាចិត្ត​ចំពោះ​កិច្ចការ​ការពារ​របស់​ពួកគេ ហើយ​ប្រសិនបើ​កូរ៉េខាងជើង មិន​បង្ហាញ​ពី​ឥរិយាបថ​បង្ករឿង​នោះទេ យើង ក៏​មិន​ដំឡើង​ខែល​ការពារ​មី​ស៊ី​ល​នៅ​ទីនោះ​ផងដែរ​»​។ នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​លោក​រដ្ឋមន្ត្រី​ការពារជាតិ James Mattis​។ 
 
​លោក​រដ្ឋមន្ត្រី​ការពារជាតិ ក៏បាន​សង្កត់ធ្ងន់​ទៀតថា ប្រទេស​ដទៃ​ផ្សេងទៀត មិនចាំបាច់​ព្រួយបារម្ភ​អំពី​ខែល​ការពារ​មី​ស៊ី​ល​នេះឡើយ ដ្បិត​ខែល​នោះ បំពាក់​ឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​កូរ៉េខាងជើង​ប៉ុណ្ណោះ​។​
 
​មិន​ខុសពី​ពេលមុន​ឡើយ ក្រុង​ប៉េកាំង បាន​ប្រតិកម្ម​ខ្លាំង​ពី​ការ​ផែនការ​ដំឡើង​នេះ​។ ក្រុង​ប៉េកាំង តាមរយៈ​អ្នកនាំពាក្យ​ក្រសួង​បរទេស​ចិន នៅ​ថ្ងៃទី ០៣ កុម្ភៈ បាន​ហៅ​ផែនការ​នោះ ថា «​ជាការ​បំផ្លាញ​ផលប្រយោជន៍​យុទ្ធសាស្ត្រ​សន្តិសុខ​នៃ​ប្រទេស​ក្នុង​តំបន់ ដែល​រាប់បញ្ចូល​ទាំង​ចិន និង​មិនមាន​ច​រិ​ក​លក្ខណៈ​ណាមួយ​ជួយ​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ​ឡើយ​»​។ 
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang ក៏បាន​សង្កត់ធ្ងន់​ទៀតថា​៖«​យើង​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​បញ្ចប់​ផែនការ​ដំឡើង​ប្រព័ន្ធ​ការពារ និង​បញ្ឈប់​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ទៅ​»៕ 
 

Tag:
 ចិន​
  អាមេរិក​
  កូរ៉េខាងត្បូង​
  THAAD
© រក្សាសិទ្ធិដោយ thmeythmey.com