អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
របាយការណ៍​UN៖ កងកម្លាំង​មី​យ៉ាន់​ម៉ា បាន​ដុត​ផ្ទះ រំលោភ និង​សម្លាប់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​យ៉ាង​ព្រៃផ្សៃ​ ​
04, Feb 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស នៅ​ថ្ងៃទី​០៣ កុម្ភៈ បានចេញ​របាយការណ៍​មួយ ដែល​បាន​រកឃើញថា មានការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដោយ​កម្លាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​នៅក្នុង​រដ្ឋ Rakhine​។ របាយការណ៍ បានចាត់ទុក​ការបំពាន​នេះ ថា អាច​ក្លាយជា​បទល្មើស​ប្រឆាំង​មនុស្សជាតិ​បាន​។

 
​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​នៃ​ឧ​ត្ត​ម​ស្នង​ការទទួល​សិទ្ធិមនុស្ស (OHCHR) ដែល​យោងតាម​កិច្ចសម្ភាសន៍​ជាមួយនឹង​ប្រជាជន​ដែល​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា ក្រោយ​ការវាយប្រហារ​នៅ​ដើមខែ​តុលា​ឆ្នាំមុន បាន​បង្ហាញថា មានការ​ករណី​រំលោភ សម្លាប់ ដែល​រាប់បញ្ចូល​ទាំង​ទារក និង​កុមារ ការធ្វើ​ទារុណកម្ម​ព្រៃផ្សៃ និង​សកម្មភាព​រំលោភសិទ្ធិ​មនុស្ស​ផ្សេងទៀត​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដោយ​កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​។ 
 
​តាម​ចម្លើយ​ដែល​ផ្សាយ​ចេញ​តាម​របាយការណ៍​នោះ កងកម្លាំង​មី​យ៉ាន់​ម៉ា មិន​ត្រឹមតែ​ប្រព្រឹត្ត​បទល្មើស​ប៉ុន្មាន​ខាងលើ​នោះទេ តែ​ពួកគេ ក៏បាន​ដុត​ផ្ទះសម្បែង សាលារៀន ផ្សារ វិហារ និង​ដីស្រែ​ជនជាតិភាគតិច​ទាំងនោះ និង​ថែមទាំង​មាន​ឃាត់​ក្រុម​ទាំងនោះ​នៅក្នុង​ផ្ទះ ហើយ​ដុត​សម្លាប់​ពួកគេ​តែម្តង​។ 
 
​តាម​ចម្លើយ​ក្នុង​របាយការណ៍​ដដែល​នោះ ស្ត្រី​ច្រើនជាង​ពាក់កណ្តាល ដែល​បានផ្តល់​កិច្ចសម្ភាសន៍​នោះ បាន​អះអាងថា ពួកគេ​សុទ្ធសឹងតែ​រង​ការឈឺចាប់​ដោយសារ​ការរំលោភ និង​ហិង្សា​ផ្លូវភេទ​ជាច្រើន​ទម្រង់​ផ្សេងទៀត​។​
 
​ជុំវិញ​ចម្លើយ​របាយការណ៍​នេះ ប្រធាន​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ Zeid Ra'ad Al Hussein បាន​ប្រតិកម្ម​យ៉ាង​ដូច្នេះ​ថា​៖«​អំពើ​ឃោរឃៅ​ទៅលើ​កុមារ​រ៉ូ​ហ៊ីង​យ៉ា គឺជា​រឿង​ដែល​មិនអាច​អត់​ឳ​ន​បានឡើយ​។ នេះ គឺជា​រឿង​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម​ដែល​បុរស​(​កងកម្លាំង​) ចាក់​សម្លាប់​ទារក ដែល​កំពុងតែ​ស្រែកយំ​ដើម្បី​បំបៅ​ដោះ​ម្តាយ ខណៈ​ម្តាយ​ដែល​បានឃើញ​ឃាតកម្ម​នោះ ត្រូវបាន​រំលោភ​ដោយ​កងកម្លាំង​នោះ​»​។ 
 
​ជាមួយគ្នានេះ ប្រមុខ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក៏បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បញ្ឈប់​សកម្មភាព​ប្រឆាំង​ប្រជាជន​ខ្លួនឯង ហើយ​ជំនួស​ដោយ​ការបដិសេធ​ពី​ហេតុការណ៍​ដែល​កើតឡើង​នៅ​ទីនោះ រដ្ឋាភិបាល ហើយ​ទទួលស្គាល់​ពី​ការទទួលខុសត្រូវ​ដើម្បី​ទទួល​ថា​ជនរងគ្រោះ​អាច​ទទួលបាន​យុត្តិធម៌ សុវត្ថិភាព និង​ការ​ប៉ះប៉ូវ​ឡើងវិញ​៕ 
 

Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន​
  UN
  រ៉ូ​ហ៊ីង​
© រក្សាសិទ្ធិដោយ thmeythmey.com