ជាតិ
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចំ​ខួប​៥០​ឆ្នាំ​អាស៊ាន កម្ពុជា​រៀបចំ «​មហា​ស្រព​អាស៊ាន​បូក​បី​»
05, Feb 2017 , 11:43 am        
រូបភាព
រូបភាព៖ ទំព័រហ្វេសប៊ុក ASEAN + 3 Festival
រូបភាព៖ ទំព័រហ្វេសប៊ុក ASEAN + 3 Festival
 
​កម្មវិធី​«​មហា​ស្រព​អាស៊ាន​បូក​បី​» នឹងត្រូវ​រៀបចំឡើង​វិទ្យាស្ថាន​ភាសាបរទេស (IFL) នៅ​ថ្ងៃ ១១ ខែមីនា​ខាងមុខនេះ​។ មហោស្រព​ដំបូង​បំផុត​នេះ នឹងត្រូវ​រៀបចំឡើង​ដោយ​ដេ​ប៉ា​តឺ​ម៉​ង់​សិក្សា​អន្តរជាតិ (Department of International Studies) ក្នុង​គោលដៅ ផ្សព្វផ្សាយ ចំណេះដឹង​ស្តីពី​អាស៊ាន​និង​ប្រទេស​ដៃគូ​សន្ទនា​បី​ផ្សេងទៀត ក៏ដូចជា​លើកស្ទួយ​ការ​សាមគ្គីភាព​និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ក៏ដូចជា​វិស័យ​ទេសចរណ៍​អាស៊ាន​ផងដែរ​។


​ដេ​ប៉ា​តឺ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នឹង​រៀបចំ​កម្មវិធី​«​មហោស្រព​អាស៊ាន​បូក​បី​» នៅ​ថ្ងៃ ១១ មីនា​ខាងមុខ​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង​។ មហោស្រព​អាស៊ាន​បូក​បី ឬ​មហោស្រព​ប្រទេស​អាស៊ាន​១០ បូក ចិន​, ជប៉ុន​និង​កូរ៉េខាងត្បូង​នេះ នឹងត្រូវ​ប្រារព្ធ​ឡើង​នៅ​បរិវេណ​វិទ្យាស្ថាន​ភាសាបរទេស (IFL) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​
 
​លោក​សាស្ត្រាចារ្យ នាក់ ចិន្តា​រិ​ទ្ធ ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​សិក្សា​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ភាសាបរទេស បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កម្មវិធី​មហោស្រព​អាស៊ាន​បូក​បី​នេះ​មាន​គោលដៅ​សំខាន់​ផ្តល់​ចំណេះដឹង​ស្តីពី​វប្បធម៌​, អរិយធម៌​, នយោបាយ និង​សេដ្ឋកិច្ច អាស៊ាន​ក៏ដូចជា​ប្រទេស​បី​ជា​ដៃគូ​សន្ទនា​ដែរ​។ 
 
​លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​គោលដៅ​សំខាន់​នៃ​កម្មវិធី​នេះ​គឺ​ផ្តល់​ចំណេះដឹង​ពី​អត្តសញ្ញាណ​វប្បធម៌ អរិយធម៌​សម្បូរបែប​របស់​អាស៊ាន ដល់​យុវជន​។  ហើយ​វា​ក៏មាន​កម្មវត្ថុ​បង្ហាញ​ពី​សក្តានុពល​ទេសចរណ៍ និង​លើកកម្ពស់​ការ​សាមគ្គី​ក្នុង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​ក្នុង​តំបន់​អាស៊ាន​និង​ប្រទេស​ជា​ដៃគូ​បី​ទៀតផង​»​។​
 
​សួរថា តើ​កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​សាទរ​ខួប ៥០​ឆ្នាំ​នៃ​អាស៊ាន​ឬ​យ៉ាងណា លោក នាក់ ចិន្តា​រិ​ទ្ធ បាន​ឆ្លើយតប​ថា វា​ជា​ផ្នែក​មួយ​ដែរ ថ្វីបើ​កម្មវិធី​មហោស្រព​នេះ​ត្រូវ​ប្រារព្ធ​ឡើង​មិន​ចំ​ថ្ងៃ​ខួបកំណើត​ទី​៥០​របស់​អាស៊ាន​ថ្ងៃ ៨ សីហា​ក៏ដោយ​។ លោក​បន្តថា  កម្ពុជា​រៀបចំ​កម្មវិធី​មហោស្រព​នេះ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​តួនាទី​សំខាន់​របស់​កម្ពុជា​ក្នុងនាម​ជា​សមាជិក និង​ជួយ​លើក​ស្ទូ​យ​ការយល់ដឹង​និង​ទំនាក់ទំនង​រវាង​សមាជិក​អាស៊ាន​ផង​និង​រវាង​ប្រទេស​ជា​ដៃគូ​ផង​។​
 
​បើតាម​លោក នាក់ ចិន្តា​រិ​ទ្ធ ដដែល នៅ​ថ្ងៃ ១១ មីនា ក្នុង​មហោស្រព​នេះ អ្នកចូលរួម​នឹង​អាច​ទស្សនា​និង​ស្វែងយល់បាន​ច្រើន​ពី​អាស៊ាន​ផង និង​ប្រទេស​ជា​ដៃគូ​ទាំងបី​ផង ព្រោះ​វា​មានកម្ម​វិធី​និង​សកម្មភាព​សំខាន់ៗ​ជាច្រើន​។ អ្នកចូលរួម​អាច​ចូល​ទស្សនា​តាម​ស្តង់ តំណាង​ប្រទេស​នីមួយៗ​ទាំង​១៣ ដែលមាន​រៀបចំ​ពិព័រណ៍​ម្ហូបអាហារ​អាស៊ាន​, ការលេង​ល្បែង​ប្រជាប្រិយ​, ការ​ម្តែ​ង​សិល្បៈ​មាន​ចម្រៀង និង​របាំ​អាស៊ាន​ផង​។​
 
 ហើយ​ក្រៅពីនេះ​អ្នកចូលរួម​ក៏​អាច​ស្វែងយល់​ពី​ភាសា​អាស៊ាន និ​ប្រទេស​បី​ផ្សេងទៀត ក៏ដូចជា​ស្វែងយល់​បន្ថែម​ពី​វប្បធម៌​, សេដ្ឋកិច្ច និង​នយោបាយ​របស់​ប្រទេស​ទាំងនោះ​ព្រោះ​គេ​នឹង​ដាក់តាំង​ឯកសារ​ផងដែរ​។ អ្វីដែល​សំខាន់​នោះ វា​នឹងមាន​ការផ្សព្វផ្សាយ​ព័ត៌មាន​អាហារូបករណ៍ ក្នុង​កម្មវិធី​មហោស្រព​នេះដែរ ដែល​វា​ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែល​ចង់ទៅ​រៀន​បរទេស​ដូចគ្នា​៕
 

Tag:
 ASEAN+3
  DIS
  IFL
  មហោស្រព​អាស៊ាន​បូក​បី​
© រក្សាសិទ្ធិដោយ thmeythmey.com