អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន ក្តៅក្រហាយ​ខ្លាំង​នឹង​សេចក្តីថ្លែងការណ៍​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​រឿង​អធិបតេយ្យ​ប្រជុំ​កោះ​ជម្លោះ​ចិន​-​ជប៉ុន
05, Feb 2017 , 1:29 pm        
រូបភាព
ដោយ:
 
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​០៤ កុម្ភៈ បាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន កុំ​ឲ្យ​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​។ ការព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​នៃ​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​អះអាងថា តំបន់​វិវាទ​អធិបតេយ្យ​ដែល​ចិន និង​ជប៉ុន​បានទាមទារ​ត្រួតស៊ីគ្នា​នោះ ស្ថិតក្រោម​កិច្ចព្រមព្រៀង​ការពារ​រ​វាង​អាមេរិក និង​ជប៉ុន​។

 
 
« ខ្ញុំ បាន​និយាយ​ច្បាស់​ហើយ​ថា គោលនយោបាយ​របស់​យើង​មិន​ប្រែប្រួល​ឡើយ​ចំពោះ​តំបន់​កោះ Senkaku ... អាមេរិក បន្ត​ទទួលស្គាល់​បណ្តុំ​កោះ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​របស់​ជប៉ុន ក៏ដូចជា​ប្រការ​ប្រាំ​នៃ​សន្ធិសញ្ញា​សម្ព័ន្ធមិត្ត​អាមេរិក​-​ជប៉ុន​»​។ នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក James Mattis នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​០៤ កុម្ភៈ ជាមួយនឹង​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោកស្រី Tomomi Inada​។ 
 
​ប្រការ​ប្រាំ​នៃ​សន្ធិសញ្ញា​សម្ព័ន្ធមិត្ត​អាមេរិក​-​ជប៉ុន បាន​បញ្ញត្តិ​ថា អាមេរិក នឹង​ការពារ​អធិបតេយ្យ​ក្រោម​រដ្ឋបាល​របស់​ជប៉ុន ដែល​រាប់បញ្ចូល​ទាំង​បណ្តុំ​កោះ Senkaku ដែល​ចិន បាន​ហៅថា Diaoyu និង​ទាមទារ​ផងដែរ​នោះ​។ 
 
​សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ ប្រាកដ​ណាស់​ថា ធ្វើ​ឲ្យ​ចិន មិន​សប្បាយ​ចិន​ឡើយ​។ « ប្រជុំ​កោះ Diaoyu និង​តំបន់​ក្បែរ​នោះ គឺជា​ផ្នែក​មួយ​នៃ​អធិបតេយ្យ​ចិន​តាំងពី​យូរយា​ណាស់់​មកហើយ​។ ហើយ​នេះ ក៏​ជា​រឿង​ប្រវត្តិសាស្ត្រ​មួយ​ដែល​មិនមាន​ការប្រែប្រួល​ផងដែរ​។​» នេះ គឺជា​សេចក្តីថ្លែងការណ៍​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​អាមេរិក​។ 
 
​អ្នកនាំពាក្យ​រូបនេះ បាន​បន្តទៀតថា​យ៉ាង​ដូច្នេះ​ថា​៖« យើង ទទូច​ឲ្យ​ភាគី​អាមេរិក​មាន​ឥរិយាបថ​ទទួលខុសត្រូវ បញ្ឈប់​ការធ្វើ​អត្ថាធិប្បាយ​ខុស និង​ចៀស​ឲ្យ​បាន​ការធ្វើ​ឲ្យ​បញ្ហា​កាន់​ស្មុគស្មាញ និង​បង្ក​ជា​អស្ថិរភាព​នៅក្នុង​តំបន់​»​។ 
 
​សូម​ជម្រាប​ផងដែរ លោក​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​អាមេរិក James Mattis នៅ​សប្តាហ៍​នេះ បាន​បំពេញ​ទស្សនកិច្ច​មកកាន់​កូរ៉េខាងត្បូង និង​ជប៉ុន ជា​លើកដំបូង​ក្នុងនាម​ជា​ប្រមុខ​ការពារជាតិ​ថ្មី​នៃ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ប្រមុខ​ការពារជាតិ​រូបនេះ ដើម្បី​បង្ហាញ​ពី​ជំហរ​មិន​ប្រែប្រួល​របស់​អាមេរិក​ម​ក​កាន់​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​ខ្លួន​គឺ ជប៉ុន និង​កូរ៉េខាងត្បូង​។ 
 
​អ្វី​គួរកត់សម្គាល់​នោះ ក្នុង​វត្តមាន​របស់លោក​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដែលជា​ចំណត​ទីមួយ​នៃ​ដំណើរ​ទស្សនកិច្ច​នោះ បានធ្វើ​ឲ្យ​ចិន ក្តៅក្រហាយ​ម្តង​រួចទៅហើយ​។ ក្តៅក្រហាយ​នោះ ក៏​ព្រោះតែ ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​ទីនោះ លោក​ប្រមុខ​ការពារជាតិ បាន​អះអាង​ជាថ្មី​ថា នឹង​បំពាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD របស់​អាមេរិក នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​នៅក្នុង​ឆ្នាំនេះ​។ កន្លងមក ចិន តែងតែ​បង្ហាញ​ជំហរ​ជំទាស់​ដាច់ខាត​ក្នុង​ការដំឡើង​ប្រព័ន្ធ​ការពារ​នោះ ដ្បិត ចិន យល់ឃើញថា វា បំផ្លាញ​សន្តិសុខ​នៅក្នុង​តំបន់ និង​ផលប្រយោន​ជ៍​សន្តិសុខ​របស់​ចិន​តែម្តង​៕ 

Tag:
 អាមេរិក​
  ចិន​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com