បទយកការណ៍ / បទសម្ភាសន៍
សិស្ស​ពូកែ​ទូទាំងប្រទេស និង​ជាប់​និទ្ទេស​A ស៊ាន ម៉ូ​នី​តា ប្រាប់​គន្លឹះ​រៀន​យក​អាហារូបករណ៍​ទៅ​ជប៉ុន
05, Feb 2017 , 9:59 pm        
រូបភាព
ដោយ:
   
​ភ្នំពេញ​៖ រយៈពេល​តែ​១​ឆ្នាំ កញ្ញា ស៊ាន ម៉ូ​នី​តា បានសម្រេច​សមិទ្ធផល​ចំនួន​៣ ក្នុងការ​សិក្សា​។ នាង​ប្រឡង​ជាប់​ជា​សិស្ស​ពូកែ​គណិតវិទ្យា​ទូទាំងប្រទេស​លេខ​១   ទទួលបាន​និទ្ទេស​A ក្នុងការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៦ និង​ទទួលបាន​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្ររង​ជំនាញ​ស្ថាបត្យកម្ម នៅ​ប្រទេស​ជប៉ុន​។ មុន​ឡើង​យន្តហោះ​ទៅ​ប្រ​ទស​ជប៉ុន ម៉ូ​នី​តា ផ្តាំ​ថា​ការត្រៀមខ្លួន ទំនាក់ទំនង កំណត់​គោលដៅ​ឲ្យ​ច្បាស់ និង​ការគិត​វិជ្ជមាន គឺជា​កត្តា​គន្លឹះ​សំខាន់ សម្រាប់​ឈោង​ចាប់​អាហារូបករណ៍​បរទេស​។


   
​ក្នុង​វ័យ​១៨​ឆ្នាំ កញ្ញា ស៊ាន ម៉ូ​នី​តា បានសម្រេច​ក្តី​សុបិន​របស់ខ្លួន​តាំងពី​កុមារ ដែល​ចង់ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​។ មូលហេតុ​ដែល​នាំ​ឲ្យ កញ្ញា ម៉ូ​នី​តា ចិញ្ចឹមចិត្ត​ចង់​សិក្សា​នៅ​ជប៉ុន ពីព្រោះ​នាង​មាន​មិត្តភក្តិ​ម្នាក់​ជា​កូនកាត់​ជប៉ុន ដែល​ធ្លាប់​រស់នៅ​ប្រទេស​ជប៉ុន​។ មិត្ត​ម្នាក់នេះ បាន​រៀបរាប់​ប្រាប់​នាង ពី​ការរស់នៅ​របស់​ប្រជាជន​ជប៉ុន និង​ប្រព័ន្ធ​អប់រំ​នៅ​ជប៉ុន​។ ជាមួយគ្នា​នោះ ពេល​នាង កំពុង​រៀន​ថ្នាក់​ទី​៩ ម៉ូ​នី​តា បាន​ស្គាល់​សិស្ស​ច្បង​ម្នាក់ទៀត ដែល​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ដែល​ធ្វើ​ឲ្យ​នាង​មាន​ក្តី​ស្រមៃ ចង់​សិក្សា​នៅ​ប្រទេស​ជប៉ុន​កាន់តែខ្លាំង​ឡើងៗ​។ 
 
​ព្រោះតែ​ក្តី​សុបិន​នេះ ស៊ាន ម៉ូ​នី​តា បាន​ខិតខំ​សិក្សា​តាំងពី​ថ្នាក់​ទី​១០ ។ ការប្រឹងប្រែង​នេះ ធ្វើ​ឲ្យ​ការសិក្សា របស់​ម៉ូ​នី​តា ជោគជ័យ​ជា​បន្តបន្ទាប់​។ អតីត​សិស្ស​វិទ្យាល័យ​សួង ក្នុង​ខេត្ត​ត្បូងឃ្មុំ ជា​សិស្ស​ពូកែ​គណិតវិទ្យា​ទូទាំងប្រទេស​ចំណាត់ថ្នាក់​លេខ​១ ជា​សិស្ស​និទ្ទេស​A ម្នាក់​ក្នុងចំណោម​សិស្ស​និទ្ទេស A ទាំង​៤០៥ នៃ​ការបាក់​ឌុប​ឆ្នាំ​២០១៦ និង​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៦​កន្លងទៅ យុវតី​សម្បុរ​ស្រអែម​រូបនេះ ប្រឡង​ជាប់​អាហារូបករណ៍​ទៅ​ប្រទេស​ជប៉ុន ថ្នាក់​បរិញ្ញាបត្ររង​ជំនាញ​ស្ថាបត្យកម្ម​។ ម៉ូ​នី​តា បញ្ជាក់​ក្តីរំភើប​ចំពោះ​ជោគជ័យ​ចុងក្រោយ​នេះ​ថា​៖«​ពេលចេញ​លទ្ធផល​ក្នុង​ចុងខែ​១២ ខ្ញុំ​សប្បាយចិត្ត​ណាស់ ព្រោះ​ខ្ញុំ​សម្រេចបាន អ្វីដែល​ខ្ញុំ​ចង់បាន​យូរហើយ​»​។  
  
 
​តាមពិត​ទៅមុន​ប្រឡង​ជាប់​អាហារូបករណ៍​ទៅ​ជប៉ុន ម៉ូ​នី​តា ក៏បាន​ទទួល​អាហារូបករណ៍ ពី​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(​តិច​ណូ​)​ដែរ ប៉ុន្តែ​នាង​បាន​ចោល​អាហារូបករណ៍​ទាំង​២​នេះ ដើម្បី​ឈោង​ចាប់​ការសិក្សា​នៅ​ជប៉ុន ដែល​នាង​ប៉ង​តាំងពីក្មេង​នោះ​។ 
 
​យុវតី​កូនច្បង​ក្នុងចំណោម​បងប្អូន​៣​នាក់ នៃ​គ្រួសារ​ធូរធារ​រូបនេះ នឹង​ទៅ​បន្ត​សិក្សា​នៅ​ប្រទេស​ជប៉ុន ក្នុង​ខែមេសា​ខាងមុខ​។ មុននឹង​ឡើង​យន្តហោះ​ទៅ​សិក្សា​នៅ​ទឹកដី​នៃ​ក្តី​សុបិន​របស់ខ្លួន នាង​មិន​កំណាញ់​សោះឡើយ ចំពោះ​ការចែករំលែក​បទពិសោធ​របស់ខ្លួន​អំពី​គន្លឹះ​សិក្សា និង​ការដាក់​អាហារូបករណ៍​ទៅ​បរទេស​ប្រាប់​ដល់​និស្សិត​ដទៃទៀត​។  
 
​បើតាម ម៉ូ​នី​តា ដើម្បី​ប្រឡង​អាហារូបករណ៍​ឲ្យ​បាន​ជោគជ័យ ទី​១ ត្រូវ​ត្រៀមខ្លួន​ទុកជាមុន ដោយ​ប្រមូល​លំ​ហាត់ និង​វិញ្ញាសា​ដែល​ធ្លាប់​ចេញ​ប្រឡង​មុនៗ ពីព្រោះ​ការចេញ​ប្រឡង​ភាគច្រើន វា​មាន​លំនាំ​ស្រដៀង​គ្នា​។ ទី​២ ត្រូវមាន​ទំនាក់ទំនង​ជាមួយ​សិស្ស​ច្បង​ដែល​ធ្លាប់​ទទួលបាន​អាហារូបករណ៍​បរទេស ហើយ​ប្រមូល​គំនិត និង​យោបល់​របស់​ពួកគាត់ មក​ពិចារណា និង​អនុវត្តន៍​តាម​។ ទី​៣ ត្រូវ​រក​ចំណុចខ្សោយ​ខ្លួនឯង​ឲ្យ​ឃើញ ដើម្បី​អភិវឌ្ឍន៍​វា​ឡើងវិញ​។ និង​ទី​៤ ត្រូវ​គិត​វិជ្ជមាន​ជានិច្ច​។  ម៉ូ​នី​តា​និយាយទៀតថា ពេល​រូបគេ​ប្រឡង​គេ​តែង​គិត​វិជ្ជា​មាន​ជានិច្ច ថា​នាង​នឹង​ប្រឡង​ជាប់​។ ក្នុងករណី​មិនជា​ប់ នាង​ក៏​មិន​បោះបង់​ដែរ​។​
  
 
​កញ្ញា ស៊ាន ម៉ូ​នី​តា បាន​និយាយថា ទម្រាំ​សម្រេច​បំណង​នេះ នាង​ត្រូវធ្វើ​ដំណើរ​មក​ភ្នំពេញ​ជា​ញឹកញាប់ ដើម្បី​ស្វែងរក​ព័ត៌មាន​អាហារូបករណ៍ និង​ត្រៀមខ្លួន​ប្រឡង ខណៈ​ការប្រឡង​បាក់​ឌុប និង​ប្រឡង​សិស្ស​ពូកែ ស្ថិតក្នុង​ពេលវេលា​កៀក​គ្នា​។ ម៉ូ​នី​តា ពន្យល់ថា​៖«​ខ្ញុំ​ត្រូវ​ត្រៀម​ជា​៣​ដំណាក់កាល ដើម្បី​ប្រឡង​បាក់​ឌុប ប្រឡង​សិស្ស​ពូកែ និង​អាហារូបករណ៍​ទៅ​ជប៉ុន​។ ការបែងចែក​ច្បាស់លាស់ និង​ការត្រៀម​នេះហើយ ទើប​ខ្ញុំ​ធ្វើ​បានល្អ​ទាំង​៣»​។  
 
​តាម​គម្រោង ម៉ូ​នី​តា នឹងសិក្សា​បន្ត​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​ជប៉ុន បន្ទាប់ពី​នាង​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្ររង​នៅ​ទីនោះ​។ ម៉ូ​នី​តា សន្យាថា នឹង​ស្ពាយ​ចំណេះដឹង​ផ្នែក​ស្ថាបត្យកម្ម ដែល​ខ្លួន​បាន​ក្រេបជញ្ជក់​ពី​ប្រទេស​ជប៉ុន មកជួយ​អភិវឌ្ឍន៍​មាតុភូមិ​របស់ខ្លួន​វិញ​។ ម៉ូ​នី​តា និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​មិន​ចង់​ធ្វើជា​ស្ថាបត្យករ​ដែលមាន​តែ​សញ្ញាបត្រ​នោះទេ តែ​ខ្ញុំ​ចង់​ធ្វើជា​ស្ថាបត្យករ ដែល​ពោរពេញ​ដោយ​សមត្ថភាព ដើម្បី​វិល​មកជួយ​ប្រទេស​យើង​វិញ​»៕             





Tag:
 ស៊ាន ម៉ូ​នី​តា​
  អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com