អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ដូ​ណា​ល់ ត្រាំ ប្រាប់​អ៊ីរ៉ង់​ថា លោក​មិន​ចិត្តល្អ​ដូច អូ​បា​ម៉ា ឡើយ​
05, Feb 2017 , 9:39 pm        
រូបភាព
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បន្ត​គំរាម​រដ្ឋ​ឈូង​សមុទ្រ​អ៊ីរ៉ង់ ដែល​មិន​ស្ដាប់​ការព្រមាន​របស់លោក ជុំវិញ​ធ្វើតេស្ត​មី​ស៊ី​ល​បាលី​ស្ទិ​ក ដែល​អាមេរិក​ចាត់ទុក​ជាការ​ល្មើស​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​រវាង​អ៊ីរ៉ង់ និង​មហាអំណាច ក៏ដូចជា​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ យ៉ាងណាក្ដី រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់ មិនបានរ​វីរ​ល់​នឹង​ការព្រមាន​នេះឡើយ ហើយក៏​ទំនងជា​ត្រៀមខ្លួន​ឆ្លើយតប​នឹង​សកម្មភាព​របស់​អាមេរិក​ទៀតផង​។

 
​ក្រោយ​អ៊ីរ៉ង់​មិន​ស្ដាប់​ការព្រមាន​របស់ខ្លួន ប្រ​ធានា​ធិ​ប​តិ​អាមេរិក ដូ​ណា​ល់ ត្រាំ រឹតតែ​ក្ដៅស្លឹកត្រចៀក​ខ្លាំង​ឡើង និង​បានដាក់​ទណ្ឌកម្ម​ថ្មី​ទៀត​លើ​រដ្ឋ​ឥស្លាម​មួយ​នេះ​។ អ៊ីរ៉ង់ បានធ្វើ​ឲ្យ​រដ្ឋបាល​ថ្មី​អាមេរិក ភ្ញាក់ផ្អើល​ខ្លាំង ក្រោយ​ប្រទេស​នេះ ប្រកាសថា​ខ្លួន​បាន​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក ផ្ទុយ​ពី​ការហាមឃាត់​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​អ៊ីរ៉ង់​សម្រេចបាន​ជាមួយ​មហាអំណាច​ពិភពលោក​ទាំង​៦ ជា​ថ្នូរ​នឹង​ការលើកលែង​ទណ្ឌកម្ម​។ 
 
​ជារឿយៗ លោក ដូ​ណា​ល់ ត្រាំ បន្ត​រិះគន់​កិច្ចព្រមព្រៀង​នុយ​ក្លែ​រ​អ៊ីរ៉ង់​ដែល​បង្កើតឡើង​រវាង​អ៊ីរ៉ង់​និង​មហាអំណាច​ប្រាំ បួ​កមួយ  ក្នុង​ជំនាន់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា កន្លងមក​។ លោក​គិតថា កិច្ចព្រមព្រៀង​នេះ មិនមាន​ឥទ្ធិពល​លើ​អ៊ីរ៉ង់​អ្វី​ដែរ ហើយ​លោក​គំរាម​ចរចា​លើ​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ​ថែម​ទៀតផង​។​
 
​នៅ​ព្រឹក​ថ្ងៃទី​៣ ខែមករា ប្រធានាធិបតី​អាមេរិក​រូបនេះ បាន​ប្រើ​ទំព័រ Twitter របស់លោក​ព្រមាន​ក្រុង​តេ​ហេ​រ៉ង់ ដែល​មិន​ខ្វល់ខ្វាយ​ពី​ការព្រមាន​លើក​មុនៗ​របស់លោក​។ លោក ដូ​ណា​ល់ ត្រាំ បានសរសេរថា​៖ «​អ៊ីរ៉ង់ កំពុង​ប្រលែង​លេង​ជាមួយ​ភ្លើង​។ អ៊ីរ៉ង់ មិនបាន​គិតថា រដ្ឋបាល​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ចិត្តល្អ​ដាក់ខ្លួន​កម្រិតណា​ឡើយ​។ ប៉ុន្តែ​ខ្ញុំ នឹងមិន​ចិត្តល្អ​ដូច​លោក អូ​បា​ម៉ា ឡើយ​»​។ 
 
​បើតាម​សារព័ត៌មាន Al Jazeera មិនយូរប៉ុន្មាន​ក្រោយ​ការ​បង្ហោះ​សារ​ព្រមាន​លើ Twitter របស់លោក ត្រាំ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ Mohammad Javad Zarif ក៏បាន​ប្រតិកម្ម​វិញ​ភ្លាមៗ​ដែរ​។ លោក Javad Zarif ក៏បាន​សរសេរ​លើ​គណ​នី Twitter របស់លោក​វិញ​ថា អ៊ីរ៉ង់ មិន​ខ្លា​ចការ​គំរាម​របស់​ប្រធានាធិបតី​អាមេរិក​ឡើយ​។ អ៊ីរ៉ង់ ក៏​នឹងមិន​ចាប់ផ្ដើម​សង្គ្រាម​ដែរ តែ​អ៊ីរ៉ង់ នឹង​ប្រើប្រាស់​សមត្ថភាព​ផ្ទាល់ខ្លួន ដើម្បី​ទប់ទល់​ពី​ការគំរាមកំហែង​ណាមួយ​។ 
 
​បន្ថែម​ពីលើ​នោះ ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ ក៏បាន​ផ្សាយ​ដែរ​ថា ក្រុង​តេ​ហេ​រ៉ង់ ក៏បាន​ហាមឃាត់​អត្ត​ព​លិ​ក​បោកចំបាប់​របស់​អាមេរិក ពី​ការចូលរួម​ការប្រកួត​ប្រជែង​កម្មវិធី​បោកចំបាប់​សេរី​ពិភពលោក​ផងដែរ​។ ការហាមឃាត់​នេះ គឺជា​ការឆ្លើយតប​នឹង​បទបញ្ជា​របស់លោក ត្រាំ ដែល​រារាំង​លំហូរ​ជន​មូ​ស្ល៊ី​ម​មកពី​ប្រទេស​ចំនួន​៧ រួមទាំង​អ៊ីរ៉ង់​ផង​នោះ​។​
 
​សូម​បញ្ជាក់ដែរថា នៅ​ថ្ងៃទី​២ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថ្កោលទោស និង​ប្រកាសថា ខ្លួន​ដាក់​អ៊ីរ៉ង់​ស្ថិតក្រោម​ការត្រួតពិនិត្យ​ក្រោយ​អ៊ីរ៉ង់​បាញ់​សាកល្បង​មី​ស៊ី​ល​។ ហើយ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ក៏បាន​ដាក់ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​តែម្ដង​។ សេចក្តីថ្លែងការណ៍​នោះបាន​បញ្ជាក់​ដូច្នេះ​«​អ៊ីរ៉ង់ ប្រឆាំង​ដំណោះស្រាយ​លេខ ២២៣១ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ ដែល​ទាមទារ​ឲ្យ​អ៊ីរ៉ង់​បញ្ឈប់​រាល់​សកម្មភាព​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​ការបង្កើត​កាំជ្រួច​មី​ស៊ី​ល​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន រួមទាំង​ការបាញ់​កាំជ្រួច​មី​ស៊ី​ឆ្លង​ទ្វីប​ដែរ​»៕

Tag:
 អ៊ីរ៉ង់​
  ដូ​ណា​ល់ ត្រាំ​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com