ជាតិ
ព្រះ​មហេសីផ្លូវការ​ទី ១ របស់​សម្តេច នរោត្តម សីហនុ ចូល​ទិវង្គត​
06, Feb 2017 , 12:30 pm         133114
រូបភាព
ព្រះមហាក្សត្រ និងសម្តេចព្រះរៀម នរោត្តម បុប្ផាទេវី យាងសួរសុខទុក្ខ សម្តេចរាជកន្និដ្ឋា នៅប្រទេសបារាំង​ កាលពីពេលកន្លងទៅ។  រូបពីហ្វេសប៊ុក Royal du Cambodge
ព្រះមហាក្សត្រ និងសម្តេចព្រះរៀម នរោត្តម បុប្ផាទេវី យាងសួរសុខទុក្ខ សម្តេចរាជកន្និដ្ឋា នៅប្រទេសបារាំង​ កាលពីពេលកន្លងទៅ។ រូបពីហ្វេសប៊ុក Royal du Cambodge
 
​សម្តេច​រាជ​កន្និដ្ឋា នរោត្តម ថា​វិត នរ​ល័​ក្ស ព្រះ​មហេសី​ផ្លូវការទី ១ របស់​ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ បាន​ចូល​ទិវង្គត នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​សៅ​រិ៍​ទី ៤ ខែកុម្ភៈ​។​

​មន្ត្រី​រាជវាំង កំពុង​ពិភាក្សាគ្នា​អំពី​ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​ព្រះ​សព​សម្តេច​រាជ​កន្និដ្ឋា នរោត្តម ថា​វិត នរ​ល័​ក្ស ព្រះ​មហេសី​ទី ១ របស់​ព្រះបាទ សម្តេច នរោត្តម សីហនុ​។ នេះ​បើតាម​លោក អ៊ុំ ដារ៉ាវុធ នាយក​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​។ លោក ដារ៉ាវុធ ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាងនេះ​ថា​៖« ព្រះមហាក្សត្រ និង​សម្តេចម៉ែ ក៏​ព្រះអង្គ​កំពុងតែ​ព្រះរាជតម្រិះ​ដែរ​ថា តើគួរចាត់ចែង​ពិធីបុណ្យ​យ៉ាងណា​។ ខ្ញុំគិតថា ប្រហែលជា​ធ្វើបុណ្យ​នៅ​បារាំង​ទេ ហើយ​ដង្ហែ​ព្រះ​ធាតុ​មក​ខ្មែរ​។ ខ្ញុំ​មិនទាន់​ដឹងថា ព្រះអង្គ​ទាំងពីរ នឹង​យាង​ទៅធ្វើ​បុណ្យ​នៅ​ប្រទេស​បារាំង​ឬ​អត់​ទេ​»​។​
 
​ទាក់ទង​ចំណងស្នេហា​រវាង​ព្រះបាទ​សម្តេច នរោត្តម សីហនុ ជាមួយ​សម្តេច​រាជ​កន្និដ្ឋា នរោត្តម ថា​វិត នរ​ល័​ក្ស លោក អ៊ុំ ដារ៉ាវុធ ដែលមាន​តួ​នា​នាទី​ជាទី​ប្រឹក្សា​អម​ព្រះរាជ​លេខាធិការដ្ឋាន​ស​ម្តេច​ម៉ែ​ផង​នោះ បញ្ជាក់​យ៉ាងនេះ​ថា​៖ « សម្តេច​រាជ​កន្និដ្ឋា ជា​មហេសី​ទី ១ របស់​ព្រះ​បរម​រតន​កោដ្ឋ​ ក្នុងចំណោម​មហេសី​ទាំង ៦ របស់​ព្រះអង្គ​។ ចំណែក​សម្តេចម៉ែ​បច្ចុប្បន្ន គឺជា​ព្រះ​មហេសី​ទី ៦ របស់​ព្រះ​បរម​រតន​កោដ្ឋ​។ ខ្ញុំ​សូមបញ្ជាក់ថា ក្នុងចំណោម​មហេសី​ទាំង ៦ អង្គ​នោះ មានតែ​ព្រះ​មហេសី​ទី ១ និង​ទី ៦ ទេ ដែលមាន​អេ​តា​ស៊ីវិល​ជាមួយព្រះបរមរតនកោដ្ឋ​»​។ 
 
​បើតាម​មន្ត្រី​រាជវាំង​ខាងលើ​ដដែល សម្តេច​រាជ​កន្និដ្ឋា នរោត្តម ថា​វិត នរ​ល័​ក្ស រៀប​អភិសេក​ជាមួយ​ព្រះបាទ​សម្តេច​នរោត្តម សីហនុ ក្នុងអំឡុង​ឆ្នាំ ១៩៥៥​។ ព្រះអង្គ បាន​យាង​ចេញពី​ប្រទេស​កម្ពុជា ទៅ​រស់នៅ​ប្រទេស​បារាំង​នៅ​ឆ្នាំ ១៩៧៥ រហូតដល់​ចូល​ទិវង្គត​ក្នុងព្រះ​ជន្ម ៩០ ព្រះវស្សា ​ដោយ​ជរាពាធនៅឆ្នាំ ២០១៧ នេះ ​។ តែ​យ៉ាងណា​ចំណងស្នេហា​រវាង ព្រះបាទ សម្តេច នរោត្តម សីហនុ និង​សម្តេច​រាជ​កន្និដ្ឋា មិនមាន​បុត្រ​នោះទេ​។

បើទោះ​បីជា​លោក អ៊ុំ ដារ៉ាវុធ នាយកខុទ្ទកាល័យព្រះមហាក្សត្រ​ អះអាងថា សម្តេច​រាជ​កន្និដ្ឋា នរោត្តម ថា​វិត នរ​ល័​ក្ស ជាមហេសីទី ១ ក្តី តែទំព័រហ្វេសប៊ុកមួយឈ្មោះ Royal du Combodge សរសេរថា​ សម្តេច​រាជ​កន្និដ្ឋា ជាព្រះមហេសីទី ៤ របស់​ព្រះ​បរមរតន​កោដ្ឋ​៕
 
Tag:
 នរោត្តម ថា​វិត នរ​ល័​ក្ស​
 ​ នរោត្តម សីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ