ជាតិ
ព្រះមហេសីផ្លូវការទី ១ របស់សម្តេច នរោត្តម សីហនុ ចូលទិវង្គត ព្រះមហាក្សត្រ និងសម្តេចព្រះរៀម នរោត្តម បុប្ផាទេវី យាងសួរសុខទុក្ខ សម្តេចរាជកន្និដ្ឋា នៅប្រទេសបារាំង កាលពីពេលកន្លងទៅ។ រូបពីហ្វេសប៊ុក Royal du Cambodge
×
សម្តេចរាជកន្និដ្ឋា នរោត្តម ថាវិត នរល័ក្ស ព្រះមហេសីផ្លូវការទី ១ របស់ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានចូលទិវង្គត នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃសៅរិ៍ទី ៤ ខែកុម្ភៈ។
មន្ត្រីរាជវាំង កំពុងពិភាក្សាគ្នាអំពីការរៀបចំព្រះរាជពិធីបុណ្យព្រះសពសម្តេចរាជកន្និដ្ឋា នរោត្តម ថាវិត នរល័ក្ស ព្រះមហេសីទី ១ របស់ព្រះបាទ សម្តេច នរោត្តម សីហនុ។ នេះបើតាមលោក អ៊ុំ ដារ៉ាវុធ នាយកខុទ្ទកាល័យព្រះមហាក្សត្រ។ លោក ដារ៉ាវុធ ប្រាប់សារព័ត៌មានថ្មីៗយ៉ាងនេះថា៖« ព្រះមហាក្សត្រ និងសម្តេចម៉ែ ក៏ព្រះអង្គកំពុងតែព្រះរាជតម្រិះដែរថា តើគួរចាត់ចែងពិធីបុណ្យយ៉ាងណា។ ខ្ញុំគិតថា ប្រហែលជាធ្វើបុណ្យនៅបារាំងទេ ហើយដង្ហែព្រះធាតុមកខ្មែរ។ ខ្ញុំមិនទាន់ដឹងថា ព្រះអង្គទាំងពីរ នឹងយាងទៅធ្វើបុណ្យនៅប្រទេសបារាំងឬអត់ទេ»។
ទាក់ទងចំណងស្នេហារវាងព្រះបាទសម្តេច នរោត្តម សីហនុ ជាមួយសម្តេចរាជកន្និដ្ឋា នរោត្តម ថាវិត នរល័ក្ស លោក អ៊ុំ ដារ៉ាវុធ ដែលមានតួនានាទីជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានសម្តេចម៉ែផងនោះ បញ្ជាក់យ៉ាងនេះថា៖ « សម្តេចរាជកន្និដ្ឋា ជាមហេសីទី ១ របស់ព្រះបរមរតនកោដ្ឋ ក្នុងចំណោមមហេសីទាំង ៦ របស់ព្រះអង្គ។ ចំណែកសម្តេចម៉ែបច្ចុប្បន្ន គឺជាព្រះមហេសីទី ៦ របស់ព្រះបរមរតនកោដ្ឋ។ ខ្ញុំសូមបញ្ជាក់ថា ក្នុងចំណោមមហេសីទាំង ៦ អង្គនោះ មានតែព្រះមហេសីទី ១ និងទី ៦ ទេ ដែលមានអេតាស៊ីវិលជាមួយព្រះបរមរតនកោដ្ឋ»។
បើតាមមន្ត្រីរាជវាំងខាងលើដដែល សម្តេចរាជកន្និដ្ឋា នរោត្តម ថាវិត នរល័ក្ស រៀបអភិសេកជាមួយព្រះបាទសម្តេចនរោត្តម សីហនុ ក្នុងអំឡុងឆ្នាំ ១៩៥៥។ ព្រះអង្គ បានយាងចេញពីប្រទេសកម្ពុជា ទៅរស់នៅប្រទេសបារាំងនៅឆ្នាំ ១៩៧៥ រហូតដល់ចូលទិវង្គតក្នុងព្រះជន្ម ៩០ ព្រះវស្សា ដោយជរាពាធនៅឆ្នាំ ២០១៧ នេះ ។ តែយ៉ាងណាចំណងស្នេហារវាង ព្រះបាទ សម្តេច នរោត្តម សីហនុ និងសម្តេចរាជកន្និដ្ឋា មិនមានបុត្រនោះទេ។
បើទោះបីជាលោក អ៊ុំ ដារ៉ាវុធ នាយកខុទ្ទកាល័យព្រះមហាក្សត្រ អះអាងថា សម្តេចរាជកន្និដ្ឋា នរោត្តម ថាវិត នរល័ក្ស ជាមហេសីទី ១ ក្តី តែទំព័រហ្វេសប៊ុកមួយឈ្មោះ Royal du Combodge សរសេរថា សម្តេចរាជកន្និដ្ឋា ជាព្រះមហេសីទី ៤ របស់ព្រះបរមរតនកោដ្ឋ៕
Tag:
នរោត្តម ថាវិត នរល័ក្ស
នរោត្តម សីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com