អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ដូ​ណា​ល់ ត្រាំ នឹង​ជួប​មេដឹកនាំ​ណា​តូ និយាយ​រឿង​បង្កើន​ថវិកា​យោធា​របស់​ណា​តូ​
06, Feb 2017 , 1:25 pm        
រូបភាព
ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​ជួប​ជាមួយ​បណ្ដា​មេដឹកនាំ​រដ្ឋ​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ នៅ​ខែឧសភា​ខាងមុខ ដើម្បី​ជជែក​លើ​បញ្ហា​ចំណាយ​របស់​សម្ព័ន្ធ​យោធា​នេះ​។ លោក ត្រាំ សន្យា​ដូចនេះ​ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​អគ្គលេខាធិការ​សម្ព័ន្ធ​ណា​តូ​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ចំពេល​ដែល​លោក ត្រាំ រិះគន់ថា សមាជិក​ណា​តូ​មិនបាន​បង់ប្រាក់​វិភាគទាន​របស់ខ្លួន​តាម​ការសន្យា​នោះ​។ លោក​ក៏បាន​គំរាម​ដក​អាមេរិក​ចេញពី​សម្ព័ន្ធ​យោធា​នេះ ដែល​ធ្វើ​ឲ្យ​សមាជិក​ណា​តូ ព្រួយបារម្ភ​យ៉ាងខ្លាំង​។​



​សេត​វិមាន នៅ​ថ្ងៃទី​៥ ខែកុម្ភៈ បាន​និយាយថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​អគ្គលេខាធិការ​សម្ព័ន្ធ​យោធា​ណា​តូ Jens Stoltenberg និង​បាន​ពិភាក្សាគ្នា​លើ​ប្រធានបទ​ជាច្រើន​ដោយ​រួមទាំង​វិបត្តិ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ផងដែរ​។ ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ លោក​ប្រធានាធិបតី ត្រាំ ក៏បាន​សន្យា​ទៅ​ជួប​មេដឹកនាំ​ប្រទេស​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​នៅ​ខែឧសភា ដើម្បី​ពិភាក្សា​លើ​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ ដែល​រអាក់រអួល​ខ្លាំង​ដោយសារ​គោលនយោបាយរ​ប​ស់លោក ត្រាំ ។​

​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន សេត​វិមាន បាន​ឲ្យ​ដឹង​ទៀតថា ប្រធានាធិបតី​អាមេរិក និង​ប្រមុខ​សម្ព័ន្ធ​យោធា​ណា​តូ បាន​ជជែក​គ្នា​ការចំណាយ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់​ស​ម្ព័​ន្ធ​យោធា​នេះ ក៏ដូចជា​ធ្វើយ៉ាងណា​ឲ្យ​សមាជិក​ទាំងអស់​បង់ប្រាក់​វិភាគទាន​តាម​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​។ រឿង​លុយ​ចំណាយ​នេះ ដែល​ធ្វើ​ឲ្យ​លោក ត្រាំ គំរាម​យក​អាមេរិក​ចេញពី​ណា​តូ ដ្បិត​កន្លងមក អាមេរិក​ជា​ចេញ​លុយ​ថ្លៃ​ចំណាយ​ច្រើនជាងគេ​នៃ​ចំណាយ​សរុប គឺ​រហូតដល់​ទៅ​៧០​ភាគរយ​ឯណោះ​។​

​តាំងតែ​ពី​យុទ្ធនាការ​ស្វែងរក​សំ​ឡេ​ឆ្នោត​មក​នោះ លោក​ប្រធានាធិបតី ត្រាំ បាន​សន្យា​ជំរុញ​ឲ្យ​សមាជិក​សម្ព័ន្ធ​យោធា​ដ៏​ធំ​នេះ បង្កើន​លុយ​ថ្លៃ​ចំណាយ​របស់ខ្លួន​ឲ្យ​បាន​២​ភាគរយ ដើម្បី​កាត់បន្ថយ​អ​ម្រែ​ក​ហិរញ្ញវត្ថុ​ដ៏​ច្រើន​លើសលប់​របស់​អាមេរិក​។ យ៉ាងណាក្ដី គំនិត​នេះ រង​ការប្រឆាំង​ខ្លាំង​ទាំងពី​សមាជិក​បក្ស​សាធារណរដ្ឋ ក្រុម​ប្រជាធិបតេយ្យ និង​សមាជិក​ណា​តូ​ផ្ទាល់ ព្រោះ​ពួកគេ​ខ្លាច​រុស្ស៊ី​ឆក់​ឱកាស​នេះ ដើម្បី​បន្ត​ការ​គំរាម​មកលើ​តំបន់​អឺរ៉ុប​ខាងកើត​។​

​ជាងនេះទៅទៀត បណ្ដា​សមាជិក​អឺរ៉ុប ក៏​មិនសូវ​សប្បាយចិត្ត ពេល​ឃើញ​ប្រធានាធិបតី ត្រាំ ងាក​ទៅរក​ចំណងមិត្តភាព​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី និង​ទុក​អឺរ៉ុប​ដោយឡែក​នោះ​។ ប្រធានាធិបតី​រូបនេះ ក៏​ត្រៀម​លុបចោល​ទណ្ឌកម្ម​ដែល​ដាក់​លើ​រុស្ស៊ី​កាលពី​ជំនាន់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ជុំវិញ​ការ​លេប​យក​តំបន់​គ្រី​មៀ ក៏ដូចជា​អំពើហិង្សា​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដែល​លោកខាងលិច​ចោទ​រុស្ស៊ី​ថា បាន​ជួយ​គាំទ្រ​ក្រុម​ផ្ដាច់ខ្លួន​ទៀតផង​។  

​មិន​ត្រឹមតែ​ចង់​ស្ដារ​ទំនាក់ទំនង​ដែល​រង្គោះរង្គើ​ឡើយ លោក ត្រាំ ក៏​នឹង​ធ្វើការ​ជាមួយ​រុស្ស៊ី ដើម្បី​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​លើ​ពិភពលោក និង​ដោះស្រាយ​វិបត្តិ​នៅ​ស៊ី​រី​ផង​នោះ​។ ប្រធានាធិបតី​រូបនេះ ហាក់​មិន​អើពើ​ពី​ការព្រួយបារម្ភ​របស់​អឺរ៉ុប​លើ​ការ​គំរាម​ពី​សំណាក់​រុស្ស៊ី​ឡើយ ដោយបាន​លោក​បាន​បែរខ្នង​ដាក់​សម្ព័ន្ធមិត្ត​ចាស់​របស់ខ្លួន និង​ងាក​ទៅរក​ភាពជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន ទៅវិញ​។ គេ​ប្រហែល​មិន​ភ្លេច​ទេ កាលពី​យុទ្ធនាការ​បោះឆ្នោត មេដឹកនាំ​ទាំងពីរ​បាន​សរសើរ​គ្នា​ទៅវិញទៅមក និង​អះអាងថា អាច​ធ្វើការ​ជាមួយគ្នា​បាន​៕ 


Tag:
 ដូ​ណា​ល់ ត្រាំ​
  NATO
  Jens Stoltenberg
© រក្សាសិទ្ធិដោយ thmeythmey.com