ជាតិ
​​​ន​យោ​បាយ​ជាតិ​
សេចក្តីព្រាងច្បាប់ ដែល​មិន​ឲ្យ​ទណ្ឌិត​ធ្វើ​មេបក្ស ជិត​មាន​រូបរាង​ហើយ
07, Feb 2017 , 6:40 pm        
រូបភាព
លោក សុខ ឥសាន អ្នក​នាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន អ្នក​នាំពាក្យគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ ក្រុមអ្នកច្បាប់​បក្ស​កាន់អំណាច ប្រហែលជា​មិនត្រូវ​ការ​ពេលវេលា​យូរ​ឡើយ ដើម្បី​បញ្ចប់​កិច្ចពិភាក្សា អំពី​ខ្លឹមសារ​នៃ​ច្បាប់ ដែល​មិន​អនុញ្ញាត​ឲ្យ​ទណ្ឌិត ធ្វើជា​ប្រធាន​គណបក្សនយោបាយ។ ជាងនេះទៀត ខ្លឹមសារ​នៃ​ច្បាប់​នេះ ក៏​អាចរំលាយ​គណបក្ស​ណាមួយ ដែលមាន​កំហុស​ធ្ងន់ធ្ងរ ផងដែរ។


 
ក្រុមអ្នកច្បាប់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ពិភាក្សាគ្នា​ម្តង​រួចទៅហើយ ទាក់ទង​នឹង​ការកែប្រែ​ច្បាប់​ស្តីពី គណបក្សនយោបាយ ដោយ​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណាមួយ ដែល​ជាប់​ទោសទណ្ឌ មាន​សិទ្ធិ​ធ្វើជា​ប្រធាន​គណបក្ស។ នៅ​ថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៧ ក្រុមប្រឹក្សា​អ្នកច្បាប់ នឹង​ជជែក​គ្នា​ម្តងទៀត ដើម្បី​បញ្ចប់​ខ្លឹមសារ​នៃ​ការកែប្រែ​ច្បាប់​ខាងលើ។ នេះ​ជាការ​អះអាង​របស់លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា។ 
 
លោក សុខ ឥសាន បាន​លើកឡើងថា ខ្លឹមសារ​នៃ​ច្បាប់​ស្តីពី គណបក្សនយោបាយ ដែល​នឹង​ត្រូវធ្វើ​វិ​សោធ​កម្ម មាន​វិសាលភាព​ក្នុងការ​អនុវត្ត​ទៅលើ​គ្រប់​គណបក្សនយោបាយ។ ការលើកឡើង​របស់លោក សុខ ឥសាន ដូច្នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​អ្នក​តាម​ស្ថានការណ៍​នយោបាយ​មួយចំនួន ដែល​ចោទថា ព្រោះ​តែមាន​គោលបំណង​កម្ចាត់​ឯកឧត្តម សម រង្ស៊ី ចេញពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឬក៏​ឈានទៅដល់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ទើបបានជា​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​ឲ្យ​ធ្វើ​វិ​សោធក​ម្ម លើ​ច្បាប់​ស្តីពី​គណបក្សនយោបាយ។  
 
អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បានសង្កត់ធ្ងន់ៗថា៖«ច្បាប់ មាន​វិសាលភាព​លើ​គ្រប់​គណបក្ស​ទាំងអស់។ បើ​ធ្វើ​ខុសច្បាប់ ត្រូវ​រំលាយចោល​ហើយ មិន​សំដៅ​តែ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ តែបើ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ខុស ក៏​ត្រូវតែ​ប៉ះពាល់​ដែរ»។ 

លោក សុខ ឥសាន សន្និដ្ឋានថា ប្រហែលជា​នៅ​ខែមេសា ឆ្នាំ២០១៧ ឯណោះ ទើប​សំណើសុំ​ឲ្យ​កែប្រែ​ច្បាប់​នេះ អាច​នឹង​ឈានទៅដល់​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា។ លោក សុខ ឥសាន ពន្យល់​ពី​នីតិវិធី​ថា ក្រោយ​ពិនិត្យ​និង​ពិភាក្សា​ចប់សព្វគ្រប់ ក្រុមប្រឹក្សា​អ្នកច្បាប់ នឹង​ចេញ​សេចក្តីថ្លែងហេតុ​មួយ ជុំវិញ​ការធ្វើវិសោធកម្ម​នេះ។ លោក បន្ថែមថា តាម​រដ្ឋធម្មនុញ្ញ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវការ​តំណាងរាស្ត្រ​ចំនួន មួយ ភាគ បួន (ជាង៣០នាក់) ដើម្បី​ចុះហត្ថលេខា​លើ សេចក្តីព្រាងច្បាប់​នោះ មុន​បញ្ជូនទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា។ 
 
ក្រោយ​ទទួលបាន​សេចក្តីព្រាងច្បាប់​ហើយ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា និង​បើក​កិច្ចប្រជុំ ដើម្បី​ជជែក​គ្នា។ គណៈកម្មាធិការ​អចិន្ត្រៃយ៍ នឹង​ប្រគល់​សេចក្តីព្រាងច្បាប់​នេះ ទៅ​ឲ្យ​គណៈកម្មការ​ជំនាញ​ទី៦ ដែល​ទទួលបន្ទុក​ផ្នែក​នីតិកម្ម​និង​យុត្តិធម៌ ដើម្បី​ពិនិត្យ​និង​សិក្សា​លម្អិត។ ក្រោយ​សិក្សា​រួចរាល់​ហើយ គណៈកម្មការ​ជំនាញ​ទី៦ ត្រូវ​បញ្ជូនទៅ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​វិញ។ គណៈកម្មាធិការ​អចិន្ត្រៃយ៍ នឹង​បើក​កិច្ចប្រជុំ​ជា​លើក​ទី​ពីរ ជុំវិញ​សេចក្តីព្រាងច្បាប់​នេះ ហើយ​បន្ទាប់មក នឹង​បញ្ជូនទៅ​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា ដើម្បី​ពិនិត្យ​និង​អនុម័ត​ជា​ផ្លូវការ។ ទាំងនេះ គឺជា​ការពន្យល់​របស់ លោក សុខ ឥសាន ដដែល។ 
 
លោក សូ ចន្ថា អ្នក​ដាម​តាម​ស្ថានការណ៍​នយោបាយ មើលឃើញថា ការកែប្រែ​ច្បាប់​ខាងលើ គឺជា​ចេតនា​នយោបាយ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​កម្ទេច​គូប្រកួត មុន​ការបោះឆ្នោត មកដល់។ លោក បន្ថែមថា ដៃគូរ​ប្រកួត ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចង់​កម្ទេច​នោះ គ្មាន​គណបក្ស​ណា​ផ្សេង ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ។ 
 
អ្នកវិភាគ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា៖«បើ​យើង​ពិនិត្យ​ពី​ទិដ្ឋភាព​ជាក់ស្តែង យើង​ឃើញថា ការប៉ុនប៉ង​ដាក់​សម្ពាធ ឬក៏​ចង់​រំលាយ​គណបក្ស​ចោល គឺជា​ចេតនា​នយោបាយ​របស់​បក្ស​កាន់អំណាច ច្រើនជាង​ការធ្វើ​ច្បាប់​ឲ្យ​រឹងមាំ សម្រាប់​ប្រទេសជាតិ។ វា ជា​យុទ្ធសាស្ត្រ ដែល​ប្រើ​ច្បាប់​ជា​ឧបករណ៍ ដើម្បី​កម្ទេច​គូប្រកួត។ វា ជា​ចេតនា​នយោបាយ កម្ទេច​បក្ស​សង្គ្រោះ​ជាតិ»។
 
ការ​ខ្នះខ្នែង​ធ្វើ​វិ​សោធ​កម្ម​ច្បាប់​នេះ គឺ​ក្រោយពី​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានស្នើ​ឡើង​ចំនួន​ពីរដង។ លើកទីមួយ នាយករដ្ឋមន្ត្រី ហ៊ុ ន សែន បានស្នើ​ឲ្យ​រដ្ឋសភា​កែប្រែ​ច្បាប់ ដោយ​មិន​អនុញ្ញាតិ​ឲ្យ​ជន​ណា ដែលមាន​ឈ្មោះថា​ជា​ទណ្ឌិត ធ្វើជា​ប្រធាន​គណបក្សនយោបាយ​នោះទេ។ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​កាលពី​ប៉ុន្មាន​ថ្ងៃមុន នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឡើងជា​លើក​ទី​ពីរ ដោយ​ចង់​ឲ្យ​កម្ពុជា អនុវត្ត​ច្បាប់​ដូច​ប្រទេស​ថៃ ដែល​រំលាយ​គណបក្សនយោបាយ​ចោល ប្រសិនបើ​ប្រធាន​នៃ​គណបក្ស​នោះ ធ្វើ​ខុសច្បាប់​ធ្ងន់ធ្ងរ។ 
 
ប្រសិនបើ​រដ្ឋសភា អនុម័ត​សំណើសុំ​ឲ្យ​កែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដូច​អ្វីដែល​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឡើង​នោះ ឥស្សរជន​នយោបាយ ដែល​អាច​នឹង​ជួប​វាសនា​មិនល្អ​ជាងគេ គឺ​ឯកឧត្តម សម រង្ស៊ី ព្រោះ​ឯកឧត្តម សម រង្ស៊ី រង​បណ្តឹង​រហូតដល់​ទៅ​ចំនួន៨ ឯណោះ។ បើតាម​សាលក្រម​របស់​តុលាការ ឯកឧត្តម បាន​ក្លាយជា​ទណ្ឌិត​បាត់​ទៅហើយ និង​អាច​ឲ្យ​មេបក្ស​ប្រឆាំង​រូបនេះ ជាប់ពន្ធនាគារ​រហូត​ដល់​ទៅ៥ឆ្នាំ​ទៀតផង។ 
 
ដូច្នេះ វា បញ្ជាក់ថា ឲ្យ​តែ​ខ្លឹមសារ​ថ្មី នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​រដ្ឋសភា អនុម័ត​នៅពេលណា ឯកឧត្តម សម រង្ស៊ី នឹង​បាត់ឈ្មោះ ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅពេលនោះ​ភ្លាម។ លើសពីនេះ ប្រសិនបើ​ប្រព្រឹត្ត​អំពើ​ណាមួយ ដែល​ខុសច្បាប់​យ៉ាងធ្ងន់ធ្ងរ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​អាច​ត្រូវបាន​រំលាយចោល​ផងដែរ៕ 
 
 

Tag:
 CPP
 CNRP
 អ្នកនាំពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com