ភ្នំពេញ៖ ក្រុមអ្នកច្បាប់បក្សកាន់អំណាច ប្រហែលជាមិនត្រូវការពេលវេលាយូរឡើយ ដើម្បីបញ្ចប់កិច្ចពិភាក្សា អំពីខ្លឹមសារនៃច្បាប់ ដែលមិនអនុញ្ញាតឲ្យទណ្ឌិត ធ្វើជាប្រធានគណបក្សនយោបាយ។ ជាងនេះទៀត ខ្លឹមសារនៃច្បាប់នេះ ក៏អាចរំលាយគណបក្សណាមួយ ដែលមានកំហុសធ្ងន់ធ្ងរ ផងដែរ។
ក្រុមអ្នកច្បាប់គណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាម្តងរួចទៅហើយ ទាក់ទងនឹងការកែប្រែច្បាប់ស្តីពី គណបក្សនយោបាយ ដោយមិនអនុញ្ញាតឲ្យបុគ្គលណាមួយ ដែលជាប់ទោសទណ្ឌ មានសិទ្ធិធ្វើជាប្រធានគណបក្ស។ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៧ ក្រុមប្រឹក្សាអ្នកច្បាប់ នឹងជជែកគ្នាម្តងទៀត ដើម្បីបញ្ចប់ខ្លឹមសារនៃការកែប្រែច្បាប់ខាងលើ។ នេះជាការអះអាងរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន បានលើកឡើងថា ខ្លឹមសារនៃច្បាប់ស្តីពី គណបក្សនយោបាយ ដែលនឹងត្រូវធ្វើវិសោធកម្ម មានវិសាលភាពក្នុងការអនុវត្តទៅលើគ្រប់គណបក្សនយោបាយ។ ការលើកឡើងរបស់លោក សុខ ឥសាន ដូច្នេះ គឺដើម្បីឆ្លើយតបទៅនឹងអ្នកតាមស្ថានការណ៍នយោបាយមួយចំនួន ដែលចោទថា ព្រោះតែមានគោលបំណងកម្ចាត់ឯកឧត្តម សម រង្ស៊ី ចេញពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ ឬក៏ឈានទៅដល់រំលាយគណបក្សសង្គ្រោះជាតិនោះ ទើបបានជាគណបក្សប្រជាជនកម្ពុជា ស្នើឲ្យធ្វើវិសោធកម្ម លើច្បាប់ស្តីពីគណបក្សនយោបាយ។
អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានសង្កត់ធ្ងន់ៗថា៖«ច្បាប់ មានវិសាលភាពលើគ្រប់គណបក្សទាំងអស់។ បើធ្វើខុសច្បាប់ ត្រូវរំលាយចោលហើយ មិនសំដៅតែទៅលើគណបក្សសង្គ្រោះជាតិទេ។ តែបើគណបក្សសង្គ្រោះជាតិ ធ្វើខុស ក៏ត្រូវតែប៉ះពាល់ដែរ»។
លោក សុខ ឥសាន សន្និដ្ឋានថា ប្រហែលជានៅខែមេសា ឆ្នាំ២០១៧ ឯណោះ ទើបសំណើសុំឲ្យកែប្រែច្បាប់នេះ អាចនឹងឈានទៅដល់កិច្ចប្រជុំពេញអង្គនៃរដ្ឋសភា។ លោក សុខ ឥសាន ពន្យល់ពីនីតិវិធីថា ក្រោយពិនិត្យនិងពិភាក្សាចប់សព្វគ្រប់ ក្រុមប្រឹក្សាអ្នកច្បាប់ នឹងចេញសេចក្តីថ្លែងហេតុមួយ ជុំវិញការធ្វើវិសោធកម្មនេះ។ លោក បន្ថែមថា តាមរដ្ឋធម្មនុញ្ញ គណបក្សប្រជាជនកម្ពុជា ត្រូវការតំណាងរាស្ត្រចំនួន មួយ ភាគ បួន (ជាង៣០នាក់) ដើម្បីចុះហត្ថលេខាលើ សេចក្តីព្រាងច្បាប់នោះ មុនបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។
ក្រោយទទួលបានសេចក្តីព្រាងច្បាប់ហើយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងបើកកិច្ចប្រជុំ ដើម្បីជជែកគ្នា។ គណៈកម្មាធិការអចិន្ត្រៃយ៍ នឹងប្រគល់សេចក្តីព្រាងច្បាប់នេះ ទៅឲ្យគណៈកម្មការជំនាញទី៦ ដែលទទួលបន្ទុកផ្នែកនីតិកម្មនិងយុត្តិធម៌ ដើម្បីពិនិត្យនិងសិក្សាលម្អិត។ ក្រោយសិក្សារួចរាល់ហើយ គណៈកម្មការជំនាញទី៦ ត្រូវបញ្ជូនទៅឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍វិញ។ គណៈកម្មាធិការអចិន្ត្រៃយ៍ នឹងបើកកិច្ចប្រជុំជាលើកទីពីរ ជុំវិញសេចក្តីព្រាងច្បាប់នេះ ហើយបន្ទាប់មក នឹងបញ្ជូនទៅកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា ដើម្បីពិនិត្យនិងអនុម័តជាផ្លូវការ។ ទាំងនេះ គឺជាការពន្យល់របស់ លោក សុខ ឥសាន ដដែល។
លោក សូ ចន្ថា អ្នកដាមតាមស្ថានការណ៍នយោបាយ មើលឃើញថា ការកែប្រែច្បាប់ខាងលើ គឺជាចេតនានយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីកម្ទេចគូប្រកួត មុនការបោះឆ្នោត មកដល់។ លោក បន្ថែមថា ដៃគូរប្រកួត ដែលគណបក្សប្រជាជនកម្ពុជា ចង់កម្ទេចនោះ គ្មានគណបក្សណាផ្សេង ក្រៅពីគណបក្សសង្គ្រោះជាតិនោះទេ។
អ្នកវិភាគរូបនេះ បានបញ្ជាក់ដូច្នេះថា៖«បើយើងពិនិត្យពីទិដ្ឋភាពជាក់ស្តែង យើងឃើញថា ការប៉ុនប៉ងដាក់សម្ពាធ ឬក៏ចង់រំលាយគណបក្សចោល គឺជាចេតនានយោបាយរបស់បក្សកាន់អំណាច ច្រើនជាងការធ្វើច្បាប់ឲ្យរឹងមាំ សម្រាប់ប្រទេសជាតិ។ វា ជាយុទ្ធសាស្ត្រ ដែលប្រើច្បាប់ជាឧបករណ៍ ដើម្បីកម្ទេចគូប្រកួត។ វា ជាចេតនានយោបាយ កម្ទេចបក្សសង្គ្រោះជាតិ»។
ការខ្នះខ្នែងធ្វើវិសោធកម្មច្បាប់នេះ គឺក្រោយពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឡើងចំនួនពីរដង។ លើកទីមួយ នាយករដ្ឋមន្ត្រី ហ៊ុ ន សែន បានស្នើឲ្យរដ្ឋសភាកែប្រែច្បាប់ ដោយមិនអនុញ្ញាតិឲ្យជនណា ដែលមានឈ្មោះថាជាទណ្ឌិត ធ្វើជាប្រធានគណបក្សនយោបាយនោះទេ។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងកាលពីប៉ុន្មានថ្ងៃមុន នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឡើងជាលើកទីពីរ ដោយចង់ឲ្យកម្ពុជា អនុវត្តច្បាប់ដូចប្រទេសថៃ ដែលរំលាយគណបក្សនយោបាយចោល ប្រសិនបើប្រធាននៃគណបក្សនោះ ធ្វើខុសច្បាប់ធ្ងន់ធ្ងរ។
ប្រសិនបើរដ្ឋសភា អនុម័តសំណើសុំឲ្យកែប្រែច្បាប់ស្តីពីគណបក្សនយោបាយ ដូចអ្វីដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឡើងនោះ ឥស្សរជននយោបាយ ដែលអាចនឹងជួបវាសនាមិនល្អជាងគេ គឺឯកឧត្តម សម រង្ស៊ី ព្រោះឯកឧត្តម សម រង្ស៊ី រងបណ្តឹងរហូតដល់ទៅចំនួន៨ ឯណោះ។ បើតាមសាលក្រមរបស់តុលាការ ឯកឧត្តម បានក្លាយជាទណ្ឌិតបាត់ទៅហើយ និងអាចឲ្យមេបក្សប្រឆាំងរូបនេះ ជាប់ពន្ធនាគាររហូតដល់ទៅ៥ឆ្នាំទៀតផង។
ដូច្នេះ វា បញ្ជាក់ថា ឲ្យតែខ្លឹមសារថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានរដ្ឋសភា អនុម័តនៅពេលណា ឯកឧត្តម សម រង្ស៊ី នឹងបាត់ឈ្មោះ ជាប្រធានគណបក្សសង្គ្រោះជាតិ នៅពេលនោះភ្លាម។ លើសពីនេះ ប្រសិនបើប្រព្រឹត្តអំពើណាមួយ ដែលខុសច្បាប់យ៉ាងធ្ងន់ធ្ងរគណបក្សសង្គ្រោះជាតិ ក៏អាចត្រូវបានរំលាយចោលផងដែរ៕