អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ីរ៉ង់​អរគុណ ដូ​ណា​ល់ ត្រាំ ដែល​លាតត្រដាង​មុខមាត់​ពិត​របស់​អាមេរិក​
08, Feb 2017 , 11:37 am        
រូបភាព
មេដឹកនាំកំពូល Ayatollah Ali Khamenei ក្នងជំនួបជាមួយបណ្ដាមេបញ្ជាការទ័ពអាកាស (រូបថតពីវ៉េបសាយការិយល័យមេដឹកនាំកំពូលអ៊ីរ៉ង់)
មេដឹកនាំកំពូល Ayatollah Ali Khamenei ក្នងជំនួបជាមួយបណ្ដាមេបញ្ជាការទ័ពអាកាស (រូបថតពីវ៉េបសាយការិយល័យមេដឹកនាំកំពូលអ៊ីរ៉ង់)
 
 
​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ Ayatollah Ali Khamenei នៅ​ថ្ងៃទី​៧ ខែកុម្ភៈ បាន​និយាយ​រិះគន់​ចំៗ​លើ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​បានដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែមទៀត​លើ​អ៊ីរ៉ង់ ក្រោយ​ការបាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​។ រដ្ឋបាល​លោក ត្រាំ បញ្ជាក់ថា សកម្មភាព​របស់​អ៊ីរ៉ង់​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ និងសេចក្ដីសម្រេច​រប​ស់​ក្រុមប្រឹក្សាសន្តិសុខ​។ ប៉ុន្តែ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ Ali Khamenei បែរជា​អរគុណ​លោក ត្រាំ វិញ​ព្រោះ​ទង្វើ​លោក ត្រាំ បង្ហាញ​មុខមាត់​ពិតរ​បស់​អាមេរិក​។

 
​ប្រមុខ​ដឹកនាំ​អ៊ីរ៉ង់ Ayatollah Ali Khamenei បាន​និយាយ​ផ្លែផ្កា​ដាក់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​និយាយថា អ៊ីរ៉ង់​កំពុង​ប្រលែង​លេង​ជាមួយ​ភ្លើង ព្រោះ​ហ៊ាន​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក បំពាន​ការហាម​ប្រាម​របស់​អន្តរជាតិ​។ មេដឹកនាំ​កំពូល​អ៊ីរ៉ង់​រូបនេះ​និយាយថា វត្តមាន​របស់លោក ត្រាំ បានបង្ហាញ​ពី​ធាតុពិត​របស់​អាមេរិក ដែល​មិនអាច​ទុកចិត្ត​អ្វី​បានឡើយ ហើយ​ថែមទាំង​ដឹកនាំ​ដោយ​ប្រព័ន្ធ​ពុករលួយ​ទៀតផង​។​
 
​នៅ​ចំពោះមុខ​មេបញ្ជាការ​ទ័ពអាកាស​ជាច្រើន លោក Ali Khamenei បាន​អរគុណ​ប្រធានាធិបតី​អាមេរិក ចំពោះ​ការបញ្ចេញ​មុខមាត់​ពិត​របស់​អាមេរិក ដែល​លោក Ali Khamenei ផ្ទាល់​ជឿថា ពោរពេញ​ដោយ​អំពើពុករលួយ​។ មេដឹកនាំ​អ៊ីរ៉ង់​បាន​លើក​ចំៗ​ថា លោក ត្រាំ បានបង្ហាញ​ការពិត​នូវ​អ្វីដែល​អ៊ីរ៉ង់​បាន​និយាយ​អស់​ពេល​៣០​ឆ្នាំ​មកហើយ​។ ពោល គឺ​អំពើពុករលួយ​ស៊ី​រូង​នយោបាយ សេដ្ឋកិច្ច និង​សង្គម​អាមេរិក ហើយ​លោក ត្រាំ បាន​លាតត្រដាង​រឿងនេះ​នៅពេល​មុន និង​ក្រោយ​ការបោះឆ្នោត​។​
 
​បើតាម​សារព័ត៌មាន The New York Times ក្រៅពី​និយាយ​ឌឺដង​ហើយ​នោះ លោក Ali Khamenei ក៏បាន​រិះគន់​ការគោរព​សិទ្ធិមនុស្ស​នៅ​អាមេរិក ក្រោយ​កុមារ​អ៊ីរ៉ង់​វ័យ​៥​ឆ្នាំ ត្រូវ​ប៉ូលិស​អាមេរិក​ចាប់​ដាក់​ខ្នោះ​អំឡុងពេល​អនុវត្ត​បទ​បញ្ជា​ហាមឃាត់​លំហូរ​អន្តោប្រវេសន៍​មកពី​ប្រទេស​ឥស្លាម​ចំនួន​៧ រួមទាំង​អ៊ីរ៉ង់​ផងដែរ​នោះ​។ លោក បាន​ហៅ​ការដាក់​ខ្នោះ​នេះ​ថា​ជាការ​បង្ហាញ​ការពិត​នៃ​ការអនុវត្ត​សិទ្ធិមនុស្ស​នៅ​ទឹកដី​អាមេរិក​។      
 
​ការអធិប្បាយ​ចំៗ​របស់​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លើ​អ្នកដឹកនាំ​អាមេរិក គឺជា​រឿង​កម្រ និង​ធ្វើឡើង​ចំពេល​ដែល​ទំនាក់ទំនង​រវាង​អ៊ីរ៉ង់ និង​អាមេរិក រង្គោះរង្គើ​នាពេល​ចុងក្រោយ បន្ទាប់ពី​ទំនាក់ទំនង​នេះ​មាន​ភាពរលូន​ក្រោម​អាណត្តិ​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ។ ការហាមឃាត់​ជនជាតិ​អ៊ីរ៉ង់​ធ្វើដំណើរ​ទៅ​អាមេរិក និង​ទណ្ឌកម្ម​របស់​រដ្ឋបាល​លោក ត្រាំ ដាក់​លើ​ក្រុង​តេ​ហេ​រ៉ង់ ក៏ដូចជា​ការសាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក សុទ្ធតែជា​បញ្ហា​នាំ​ឲ្យ​ទំនាក់ទំនង​ដែល​លូតលាស់ បែរជា​ក្រៀម​ស្វិត​វិញ​។​
 
​មិនតែប៉ុណ្ណោះ ប្រធានាធិបតី​អាមេរិក ក៏​គំរាម​ចរចា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឡើងវិញ ដោយ​លុបចោល​កិច្ចព្រមព្រៀង​ចាស់​ដែលជា​សមិទ្ធផល​របស់​លោក​អូ​បា​ម៉ា​នោះ​។ លោក ត្រាំ ចាត់ទុកជា​ការសម្រេច​បាន​កិច្ចព្រមព្រៀង​នេះ ជាស​មានចិត្ត​ទូលាយ​របស់​រដ្ឋបាល​លោក​អូ​បា​ម៉ា តែ​លោក ត្រាំ នឹងមិន​ចិត្តល្អ​បែបនេះ​។ ប៉ុន្តែ​ខាង​អ៊ីរ៉ង់​វិញ ហៅ​កិច្ចព្រមព្រៀង​នេះ​ជា​រឿង​ឈ្នះ​-​ឈ្នះ ហើយ​ការចរចា​ឡើងវិញ ទំនងជា​មិនអាច​សម្រេចបាន​កិច្ចព្រមព្រៀង​ដែល​ល្អ​ទាំងសងខាង​ឡើយ​៕  

Tag:
 ដូ​ណា​ល់ ត្រាំ​
  Ayatollah Ali Khamenei
  អ៊ីរ៉ង់​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com