ជាតិ
លោក អំ សំអាត​៖ «​សមត្ថកិច្ច ជា​អ្នក​វាយ​ខ្ញុំ ហើយ​បែរជា​មកប្តឹង​ខ្ញុំ​ទៀត​»
08, Feb 2017 , 1:51 pm        
រូបភាព
​ភ្នំពេញ​៖ លោក អំ សំអាត មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​លីកាដូ អះអាងថា ប៉ូលិស​ខណ្ឌដូនពេញ បានធ្វើ​របាយការណ៍​ទៅកាន់​តុលាការ ដោយ​ចោទប្រកាន់​លោក​ខុសពី​ការពិត​។ លោក អំ សំអាត បញ្ជាក់ថា មន្ត្រីប៉ូលិស បាន​ចោទ​លោក​ថា ជា​អ្នកពាក់ព័ន្ធ​នឹង​អំពើហិង្សា កាលពី​ឆ្នាំ​២០១៦ ទើបបានជា​តុលាការ ហៅ​លោក ទៅ​សាកសួរ ក្នុងនាម​ជា​ជនសង្ស័យ​ដូច្នេះ​។ យ៉ាងណា អធិការខណ្ឌដូន​ពេញ​​មិន​បកស្រាយឲ្យចំ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​លោក អំ សំអាត នោះ​ទេ។


 
​លោក អំ សំអាត ប្រធាន​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ និយាយថា រូបលោក​ហួសចិត្ត​ផង និង​អស់សំណើច​ផង ដែល​ខ្លួន​ជា​ជនរងគ្រោះ​ដោយសារ​ការវាយដំ​ពី​សំណាក់​សមត្ថកិច្ច បាន​ក្លាយទៅជា​ជនសង្ស័យ​ទៅវិញ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ បែបនេះ​ថា​៖«​សមត្ថកិច្ច ជា​អ្នក​វាយ​ខ្ញុំ ហើយ​បែរជា​មកប្តឹង​ខ្ញុំ​ទៀត​។ បើ​ខ្ញុំ ជា​សមត្ថកិច្ច​វិញ ខ្ញុំ​ខ្មាស់​គេ​ណាស់​»​។​

​បើតាម​ការអះអាង​រប​ស់លោក អំ សំអាត ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចាត់ទុក​លោក ជា​ជនសង្ស័យ ហើយ​ចេញ​ដីកា​កោះហៅ​លោក ឲ្យ​ចូល​បំភ្លឺ ជុំវិញ​អំពើហិង្សា​នេះ ដោយយោង​ទៅតាម​របាយ​ការណ៍ ដែល​មន្ត្រីប៉ូលិស​នៅ​មូលដ្ឋាន​ខណ្ឌដូនពេញ​បញ្ជូនទៅ​។ លោក អំ សំអាត និយាយថា ក្រោយ​រង​អំពើហិង្សា លោក ក៏បាន​ដាក់​បណ្តឹង​ទៅកាន់​អធិការដ្ឋាន​ខណ្ឌដូនពេញ ដើម្បី​សុំ​ឲ្យ​ជួយ​រក​យុត្តិធម៌​។

​លោក អំ សំអាត មិន​នឹកស្មានថា មន្ត្រី​ប៉ូលីស​មូលដ្ឋាន បាន​បញ្ជូន​របាយការណ៍​ទៅ​ឲ្យ​ព្រះរាជអាជ្ញា ដោយ​ចោទ​លោក​ថា ជា​ជនសង្ស័យ​ក្នុង​អំពើហិង្សា ទៅវិញ​អ៊ីចឹង​សោះ​។ មន្ត្រីជាន់ខ្ពស់​របស់​អង្គការ​លីកាដូ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ដំណាក់កាល​ហ្នឹង​អត់​និយាយ​ដល់​ព្រះរាជអាជ្ញា​ទេ​។  មន្ត្រី​មូលដ្ឋាន​ទេ ដែល​ចោទ​ខ្ញុំ​ថា ជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​។ អ៊ីចឹង​ព្រះរាជអាជ្ញា ហៅ​ខ្ញុំ​ទៅ​សួរ​ក្នុងនាម​ជា​ជនសង្ស័យ​នេះ គឺ​យោងទៅតាម​របាយការណ៍ ដែល​មន្ត្រី​មូលដ្ឋាន​បញ្ជូនទៅ​»​។

​ដោយ​ប្រកាន់​ជំហរ​ថា ខ្លួន​ជា​ជនរងគ្រោះ​ពិតប្រាកដ ហើយ​មិនបាន​ប្រព្រឹត្ត​កំហុស​នោះ លោក អំ សំអាត យល់ព្រម​ចូល​បំភ្លឺ​នៅ​តុលាការ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ទៅតាម​ដីកា​កោះហៅ​។ លោក អំ សំអាត សង្កត់ធ្ងន់ថា លោក មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​បង្ហាញ​ដល់​ព្រះរាជអាជ្ញា  ថា​ខ្លួន ពិតជា​ជន​ស្អាតស្អំ​។

​អធិការ​ខណ្ឌដូនពេញ លោក ហួត ចាន់​យ៉ា​រ៉ា​ន់ មិន​បកស្រាយ​ច្រើន​នោះឡើយ ជុំវិញ​ការលើកឡើង​របស់លោក អំ សំអាត​។ លោក ហូត ចាន់​យ៉ា​រ៉ា​ន់ គ្រាន់តែ​បញ្ជាក់ថា ក្រោយ​រង​អំពើហិង្សា លោក អំ សំអាត ក៏បាន​យក​បណ្តឹង ទៅ​ដា​ក់នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ ដើម្បី​ឲ្យ​ជួយ​ស្វែងរក​យុត្តិធម៌​ដែរ​។  លោក​អធិការ​រូបនេះ បាន​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាងខ្លី​មុននឹង​បិទ​ទូរ​សព្ទ​ថា​៖«​ហេ​! រឿង​ហ្នឹង ខ្ញុំ​បញ្ជូនទៅ​តុលាការ​ហើយ​តើ​។ គាត់ (​លោក អំ សំអាន​) បាន​ប្តឹង ហើយ​ឥឡូវ​បញ្ជូន​ទៅហើយ​»​។ 

​ទាក់ទង​នឹង​បញ្ហា​ខាងលើ លោក លី សុ​ផា​ណា អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មិនទាន់​ពន្យល់​យ៉ាងម៉េច​នោះទេ​។ ប៉ុន្តែ​លោក បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​បណ្តាញ​សង្គម Telegram ថា ព្រះរាជអាជ្ញា បាន​កោះហៅ​លោក អំ សំអាត ឲ្យ​ទៅ​ស្តាប់​ចម្លើយ​ជុំវិញ​អំពើហិង្សា កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៦ ។

​ក្រៅពី​លោក អំ សំអាត តំណាង​សហគមន៍​បឹងកក់​មួយរូប​ទៀត គឺ​លោក ច័​ន្ធ ពុទ្ធិ​ស័​ក្ត ក៏ត្រូវ​បាន​តុលា​ការកោះហៅ​ក្នុងនាម​ជា​ជនសង្ស័យ​ផងដែរ ដើម្បី​ឲ្យ​ចូល​បំភ្លឺ ជុំវិញ​អំពើហិង្សា​នេះ​។ បើតាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​លីកាដូ លោក ច័ន្ទ ពុទ្ធិ​ស័​ក្ត ក៏​ជា​ជនរងគ្រោះ​ក្នុង​អំពើហិង្សា ដូច​លោក អំ សំអាត ដែរ​។

​កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៦ អំពើហិង្សា​មួយ​បានកើត​ឡើង ដោយ​ការប៉ះទង្គិច​គ្នា​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ខណ្ឌដូនពេញ ក្នុង​ពិធី​ដង្ហែ​ក្បួន​ប្រារព្ធ​ទិវា​លំនៅដ្ឋាន​ពិភពលោក​។ កាលនោះ លោក អំ សំអាត ធ្លាប់​និយាយថា លោក បាន​ចូលទៅ​ឃាត់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ កុំ​ឲ្យ​ប្រើ​អំពើហិង្សា​ដាក់គ្នា​។ ប៉ុន្តែ នៅពេល​លោក អំ សំអាត កំពុង​ចូល​ឃាត់ ស្រាប់តែ​កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ បាន​ប្រើ​កណ្ដាប់ដៃ​វាយ​លោក​តែម្ដង​៕


Tag:
 អំ សំអាត​
  តុលាការ​
  ហិង្សា​
© រក្សាសិទ្ធិដោយ thmeythmey.com