ជាតិ
សង្គមជាតិ
លោក អំ សំអាត ថា ប៉ូលិស​កសាង​សំណុំរឿង«ពីស​ទៅ​ខ្មៅ» ទើប​តុលាការ ហៅ​លោក​ជា​ជនសង្ស័យ
08, Feb 2017 , 8:13 pm        
រូបភាព
ភ្នំពេញ៖ ព្រះរាជអាជ្ញា បាន​កោះហៅ មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​លីកាដូ និង តំណាង​សហគមន៍​បឹងកក់ ឲ្យ​ចូល​បំភ្លឺ ក្នុងនាម​ជា​ជនសង្ស័យ ដែល​ពាក់ព័ន្ធ​នឹង អំពើហិង្សា ក្នុង​ពិធី​ដង្ហែ​ក្បួន​ប្រារព្ធ​ទិវា​លំនៅដ្ឋាន​ពិភពលោក កាលពី​ឆ្នាំ ២០១៦ ។ បើតាម​លោក អំ សំអាត មូលហេតុ​ដែល​ព្រះរាជអាជ្ញារ​ចោទ​ខ្លួន​ជា​ជនសង្ស័យ​បែបនេះ ដោយសារតែ​ប៉ូលិស​ធ្វើ​របាយការណ៍​ពី«ស​ទៅ​ខ្មៅ» បញ្ជូនមក​តុលាការ។




លោក អំ សំអាត និង​លោក ចាន់ ពុទ្ធិ​សក្តិ បាន​បកស្រាយ​ប្រាប់​ព្រះរាជអាជ្ញា ដោយ​បង្ហាញ​ភស្តុតាង​មួយចំនួន​ក្នុង​តុលាការ​ថា ពួកលោក​ពិតជា​ជនរងគ្រោះ មិនមែនជា​ជនសង្ស័យ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើហិង្សា ដូច​អ្វីដែល​មន្ត្រីប៉ូលិស​បា​នស​រ​សេរ​នៅក្នុង​សំណុំរឿង​នោះទេ។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន នៅមុខ​ទីធ្លា​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អំ សំអាត បាន​ឲ្យ​ដឹងថា ក្រោយ​ស្តាប់​ការបកស្រាយ​ហើយ ព្រះរាជអាជ្ញា ក៏​យល់ថា​ពួកលោក​ទាំងពីរ មិនមែនជា​អ្នកបង្ក​អំពើហិង្សា​ពិតមែន។ មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​លីកាដូ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា៖«ព្រះរាជអាជ្ញា អត់​ដឹង​រឿង​ហ្នឹង​ទេ អ៊ីចឹង​ហើយ​បានជា​គាត់ ហៅ​ខ្ញុំ​សួរ។ គាត់​ហៅ​ខ្ញុំ​មក​សួរ​ក្នុងនាម​ជា​ជនសង្ស័យ​នេះ ព្រោះ​ប៉ូលិស កសាង​សំណុំរឿង​មក​អ៊ីចឹង»។ 
 
ទាំង​លោក អំ សំអាត និង​លោក ចាន់ ពុទ្ធិ​សក្តិ ចាត់ទុក​សំណុំរឿង​ដែល​ខាង​ប៉ូលិស​បញ្ជូនមក​តុលាការ​នេះ​ថា សមត្ថកិច្ច​មាន​គោលបំណង​ធ្វើ​របាយការណ៍​ពី«ស​ទៅ​ខ្មៅ» ដើម្បី​ទម្លាក់កំហុស​មកលើ​រូបលោក​ទាំងពីរ។ លោក អំ សំអាត ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​លើ​មន្ត្រីប៉ូលិស​មួយចំនួន​តូច ដែល​កសាង​សំណុំរឿង​មិនបាន​ត្រឹមត្រូវ​នេះ​ផងដែរ។ 
 
មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​លីកាដូ​រូបនេះ លើកឡើង​ដូច្នេះ​ថា ៖«យើង​ចង់​ឲ្យ​សម្ដេចនាយក​រដ្ឋមន្ត្រី ឫ​ថ្នាក់ដឹកនាំ ពិនិត្យ​លើ​សមត្ថកិច្ច​មួយក្រុម​តូច ដែល​ធ្វើ​អ្វីដែល​ផ្ដេសផ្ដាស​ជាមួយ​ក្រុម​សន្តិសុខ​នេះ ដែល​កសាង​សំណុំរឿង​ពី​ខ្មៅ​ទៅ​ជាស, ស​ទៅជា​ខ្មៅ គឺ​បញ្ហា​ទាំងអស់នេះ នឹង​ជះឥទ្ធិពល​មិនល្អ​សម្រាប់​ប្រព័ន្ធយុត្តិធម៌។ ដូច្នេះ​យើង​ចង់​ឲ្យ​មានការ​អនុវត្តបាន​តា​ម​ផ្លូវច្បាប់​ឲ្យ​មាន​ភាពយុត្តិធម៌ ឲ្យ​បាន​ស្មើភាព​គ្នា ចំពោះ​ការកសាង​សំណុំរឿង​បញ្ជូនមក​តុលាការ»។
 
បន្ថែម​ពីលើ​នេះ​លោក អំ សំអាត និង​លោក ចាន់ ពុទ្ធិ​សក្តិ ស្នើ​ឲ្យ​ព្រះរាជអាជ្ញា ស្វែងរក​ជនដៃដល់​ដែល​បង្ក​ហិង្សា​មកលើ​រូបលោក កាលពី​ឆ្នាំមុន​នោះ យកទៅ​ផ្តន្ទាទោស​តាមច្បាប់។ 
 
សូម​រម្លឹកថា កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ អំពើហិង្សា​មួយ​បានកើត​ឡើង ដោយ​ការប៉ះទង្គិច​គ្នា​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ខណ្ឌដូនពេញ ក្នុង​ពិធី​ដង្ហែ​ក្បួន​ប្រារព្ធ​ទិវា​លំនៅដ្ឋាន​ពិភពលោក។ កាលនោះ លោក អំ សំអាត ធ្លាប់​និយាយថា លោក បាន​ចូលទៅ​ឃាត់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ កុំ​ឲ្យ​ប្រើ​អំពើហិង្សា​ដាក់គ្នា។ ប៉ុន្តែ នៅពេល​លោក អំ សំអាត កំពុង​ចូល​ឃាត់ ស្រាប់តែ​កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ បាន​ប្រើ​កណ្ដាប់ដៃ​វាយ​លោក​តែម្ដង៕
 

Tag:
 តុលាការ
  អំ សំអាត
  ចាន់ ពុទ្ធិ​សក្តិ
© រក្សាសិទ្ធិដោយ thmeythmey.com