ជាតិ
សង្គមជាតិ
លោក អំ សំអាត ថា ប៉ូលិសកសាងសំណុំរឿង«ពីសទៅខ្មៅ» ទើបតុលាការ ហៅលោកជាជនសង្ស័យ
× ភ្នំពេញ៖ ព្រះរាជអាជ្ញា បានកោះហៅ មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូ និង តំណាងសហគមន៍បឹងកក់ ឲ្យចូលបំភ្លឺ ក្នុងនាមជាជនសង្ស័យ ដែលពាក់ព័ន្ធនឹង អំពើហិង្សា ក្នុងពិធីដង្ហែក្បួនប្រារព្ធទិវាលំនៅដ្ឋានពិភពលោក កាលពីឆ្នាំ ២០១៦ ។ បើតាមលោក អំ សំអាត មូលហេតុដែលព្រះរាជអាជ្ញារចោទខ្លួនជាជនសង្ស័យបែបនេះ ដោយសារតែប៉ូលិសធ្វើរបាយការណ៍ពី«សទៅខ្មៅ» បញ្ជូនមកតុលាការ។
លោក អំ សំអាត និងលោក ចាន់ ពុទ្ធិសក្តិ បានបកស្រាយប្រាប់ព្រះរាជអាជ្ញា ដោយបង្ហាញភស្តុតាងមួយចំនួនក្នុងតុលាការថា ពួកលោកពិតជាជនរងគ្រោះ មិនមែនជាជនសង្ស័យ ដែលជាប់ពាក់ព័ន្ធនឹងអំពើហិង្សា ដូចអ្វីដែលមន្ត្រីប៉ូលិសបានសរសេរនៅក្នុងសំណុំរឿងនោះទេ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមុខទីធ្លាសាលាដំបូងរាជធានីភ្នំពេញលោក អំ សំអាត បានឲ្យដឹងថា ក្រោយស្តាប់ការបកស្រាយហើយ ព្រះរាជអាជ្ញា ក៏យល់ថាពួកលោកទាំងពីរ មិនមែនជាអ្នកបង្កអំពើហិង្សាពិតមែន។ មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ព្រះរាជអាជ្ញា អត់ដឹងរឿងហ្នឹងទេ អ៊ីចឹងហើយបានជាគាត់ ហៅខ្ញុំសួរ។ គាត់ហៅខ្ញុំមកសួរក្នុងនាមជាជនសង្ស័យនេះ ព្រោះប៉ូលិស កសាងសំណុំរឿងមកអ៊ីចឹង»។
ទាំងលោក អំ សំអាត និងលោក ចាន់ ពុទ្ធិសក្តិ ចាត់ទុកសំណុំរឿងដែលខាងប៉ូលិសបញ្ជូនមកតុលាការនេះថា សមត្ថកិច្ចមានគោលបំណងធ្វើរបាយការណ៍ពី«សទៅខ្មៅ» ដើម្បីទម្លាក់កំហុសមកលើរូបលោកទាំងពីរ។ លោក អំ សំអាត ស្នើឲ្យរដ្ឋាភិបាលចាត់វិធានការលើមន្ត្រីប៉ូលិសមួយចំនួនតូច ដែលកសាងសំណុំរឿងមិនបានត្រឹមត្រូវនេះផងដែរ។
មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូរូបនេះ លើកឡើងដូច្នេះថា ៖«យើងចង់ឲ្យសម្ដេចនាយករដ្ឋមន្ត្រី ឫថ្នាក់ដឹកនាំ ពិនិត្យលើសមត្ថកិច្ចមួយក្រុមតូច ដែលធ្វើអ្វីដែលផ្ដេសផ្ដាសជាមួយក្រុមសន្តិសុខនេះ ដែលកសាងសំណុំរឿងពីខ្មៅទៅជាស, សទៅជាខ្មៅ គឺបញ្ហាទាំងអស់នេះ នឹងជះឥទ្ធិពលមិនល្អសម្រាប់ប្រព័ន្ធយុត្តិធម៌។ ដូច្នេះយើងចង់ឲ្យមានការអនុវត្តបានតាមផ្លូវច្បាប់ឲ្យមានភាពយុត្តិធម៌ ឲ្យបានស្មើភាពគ្នា ចំពោះការកសាងសំណុំរឿងបញ្ជូនមកតុលាការ»។
បន្ថែមពីលើនេះលោក អំ សំអាត និងលោក ចាន់ ពុទ្ធិសក្តិ ស្នើឲ្យព្រះរាជអាជ្ញា ស្វែងរកជនដៃដល់ដែលបង្កហិង្សាមកលើរូបលោក កាលពីឆ្នាំមុននោះ យកទៅផ្តន្ទាទោសតាមច្បាប់។
សូមរម្លឹកថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ អំពើហិង្សាមួយបានកើតឡើង ដោយការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរខណ្ឌដូនពេញ ក្នុងពិធីដង្ហែក្បួនប្រារព្ធទិវាលំនៅដ្ឋានពិភពលោក។ កាលនោះ លោក អំ សំអាត ធ្លាប់និយាយថា លោក បានចូលទៅឃាត់សមត្ថកិច្ច និងប្រជាពលរដ្ឋ កុំឲ្យប្រើអំពើហិង្សាដាក់គ្នា។ ប៉ុន្តែ នៅពេលលោក អំ សំអាត កំពុងចូលឃាត់ ស្រាប់តែកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បានប្រើកណ្ដាប់ដៃវាយលោកតែម្ដង៕
Tag:
តុលាការ
អំ សំអាត
ចាន់ ពុទ្ធិសក្តិ
© រក្សាសិទ្ធិដោយ thmeythmey.com