ជាតិ
​​​ន​យោ​បាយ​ជាតិ​
សេចក្តីស្នើច្បាប់ មិន​ឲ្យ​ទណ្ឌិត ធ្វើ​មេបក្ស បាន​ទៅដល់​រដ្ឋសភា​ហើយ
10, Feb 2017 , 1:04 pm        
រូបភាព
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ រូបថត ម៉ៅ សុផា
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ រូបថត ម៉ៅ សុផា
ភ្នំពេញ​៖ សេចក្តីស្នើច្បាប់ ដែល​មិន​ផ្តល់ឱកាស​ឲ្យ​ទណ្ឌិត មាន​សិទ្ធិ​ធ្វើជា​ប្រធាន​គណបក្សនយោបាយ ត្រូវបាន​បញ្ជូន​ទៅកាន់​រដ្ឋសភា​ហើយ​។ មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ច្បាប់​នេះ ប្រហែលជាមិនមាន​ប្រសិទ្ធភាព ដើម្បី​រារាំង​ប្រធាន មិន​ឲ្យ​គ្រប់គ្រង​និង​ដឹកនាំ គណបក្ស នោះទេ។



​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦០​នាក់ បាន​ចុះហត្ថលេខា​លើ​សេចក្តីស្នើច្បាប់ ដែល​មិន​អនុញ្ញាត​ឲ្យ បុគ្គល​ជា​ទណ្ឌិត ធ្វើជា​ប្រធាន​គណបក្សនយោបាយ ហើយក៏​បញ្ជូនទៅ​ឲ្យ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។ នេះ​បើតាម​ការអះអាង​របស់​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​រដ្ឋសភា​។

​លោក ឡេង ប៉េងឡុង មិន​បញ្ជាក់​ពី​កាលបរិច្ឆេទ ដែល​សេចក្តីស្នើច្បាប់​នេះ នឹងត្រូវ​បញ្ជូនទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅពេលណា​ឲ្យ​ជាក់លាក់​នោះទេ​។ ប៉ុន្តែ លោក សង្កត់ធ្ងន់ៗ​ថា សេចក្តីស្នើច្បាប់​នេះ ត្រូវតែ​ដាក់​ទៅ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក្នុងពេល​ឆាប់ៗ​នេះ​។

អ្នកនាំពាក្យ​រដ្ឋសភា​ខាងលើ បាន​លើក​ហេតុផល​បែបនេះ​ថា​៖«​ការធ្វើ​ច្បាប់ មាន​លក្ខណ​ពីរ​យ៉ាង​។ មួយ មាន​លក្ខណ​ប្រញាប់ប្រញាល់ ហើយ​មួយទៀត មាន​លក្ខណ​ធម្មតា​។ ដូច្នេះ យើង​នឹង​បញ្ជូន​ច្បាប់​ហ្នឹង​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ភ្លាម ព្រោះ វា ជាការ​ប្រញាប់​»​។

ចំណែកឯ លោក សួស យ៉ា​រ៉ា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា ការធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នាពេលនេះ គឺ​ដើម្បី​គ្រប់គ្រង​ទៅលើ​គ្រប់​គណបក្ស​ទាំងអស់​នៅ​កម្ពុជា​។ បើតាម​លោក សួស យ៉ា​រ៉ា ការកែប្រែ​ច្បាប់​នេះ គឺ​ដោយ​មើលឃើញ​ផលប្រយោជន៍​ធំៗ​ចំនួន​បី​។

អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​យើង​កែប្រែ​ច្បាប់​នេះ គឺ​ដើម្បី​ការពារ​ប្រយោជន៍​ប្រជាជន ការពារ​លទ្ធិប្រជាធិបតេយ្យ និង​ដើម្បី​ឲ្យ​ច្បាប់​ហ្នឹង មាន​លក្ខណ​ច្បាស់លាស់​ជាង​មុន​»​។

លោក សួស យ៉ា​រ៉ា សង្កត់ធ្ងន់ថា ខ្លឹមសារ​នៃ​ច្បាប់ ដែល​នឹងត្រូវ​កែប្រែ មិនមែន​ដើម្បី​រំលាយ ឬ​ដាក់​សម្ពាធ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ប៉ុន្តែ វា ជាការ​កែប្រែ ដោយ​ស្របតាម​តម្រូវ​របស់​ប្រទេសជាតិ​។ លោក និយាយថា​៖«​ច្បាប់​ហ្នឹង មាន​រយៈពេល​យូរហើយ ប្រហែលជា​២០​ឆ្នាំ​ហើយ​។ ដូច្នេះ​យើ​ត្រូវ​កែតម្រូវ​។ យើង កែតម្រូវ​នេះ គឺ​ដើម្បី​ឲ្យ​ល្អ​ជាង​មុន ឲ្យ​ច្បាស់​លាស់ជាង​មុន​។ ច្បាប់​ហ្នឹង គ្មាន​បំណង​អាក្រក់​ទេ​»​។​

ទាំង​លោក ឡេង ប៉េងឡុង ទាំង​លោក សួស យ៉ា​រ៉ា សុទ្ធតែ​មិន​បកស្រាយ​ពី​ខ្លឹមសារ​នៃ​ច្បាប់​ដែល នឹងត្រូវ​កែប្រែ​។ លោក​ទាំងពីរ បាន​និយាយ ដូចគ្នា​ថា ខ្លឹមសារ​នៃ​ច្បាប់​យ៉ាងណា​នោះ ទុក​ឲ្យ​គណៈកម្មាធិការ​ចិ​ន្ត្រៃ​យ៍ ជាអ្នក​ពិភាក្សា​ទៅ​ចុះ​។

បើទោះបីជា​អ្នក​ទាំងពីរ​មិន​បកស្រាយ​ក៏ដោយ  ប៉ុន្តែ​ខ្លឹមសារ​នៃ​ច្បាប់​នោះ ទំនងជា​មិន​ខុសពី​អ្វីដែល​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានស្នើ​ឡើង​នោះទេ​។ ការ​ខ្នះខ្នែង​ធ្វើ​វិ​សោធ​កម្មនេះ គឺ​ក្រោយ​សម្តេច​នាយករដ្ឋមន្ត្រី ស្នើឡើង​ចំនួន​ពីរដង​។​ លើកទីមួយ សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុ ន សែន បាន​លើកសំណើ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧ ឲ្យ​កែប្រែ​ច្បាប់ ដោយ​មិន​អនុញ្ញាតិ​ឲ្យ​ជន​ណា ដែលមាន​ឈ្មោះថា​ជា​ទណ្ឌិត ធ្វើជា​ប្រធាន​គណបក្សនយោបាយ​នោះទេ​។ ក្រោយមក ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង សម្តេច​ ហ៊ុន សែន បានស្នើ​ឡើងជា​លើក​ទី​ពីរ ដោយ​ចង់​ឲ្យ​ប្រទេសកម្ពុជា អនុវត្ត​ច្បាប់​ដូច​ប្រទេស​ថៃ ដែល​រំលាយ​គណបក្សនយោបាយ​ចោល ប្រសិនបើ​គណបក្ស​នោះ ធ្វើ​ខុសច្បាប់​ធ្ងន់ធ្ងរ​។

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បដិសេធ​ការបកស្រាយ​ពី​ចេតនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើ​វិ​សោធ​កម្ម​លើ​ច្បាប់​ស្តីពី​គណបក្សនយោបាយ យ៉ាង​លឿន​បែបនេះ​។ លោក និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ ក៏​មិនដឹង​ដែរ ថា​គាត់ (​បក្ស​កាន់អំណាច​) ធ្វើ​ហ្នឹង ក្នុង​ចេតនា​អ្វី​នោះទេ​។ ទាល់តែ​ខាង​ខ្ញុំ បាន​មើល​ខ្លឹមសារ​ច្បាប់​ទាំងនោះ​សិន ទើប​អាចនិយាយបាន​»​។

​យ៉ាងណា លោក សុន ឆ័យ នៅតែ​និយាយថា ប្រសិនបើ​ខ្លឹមសារ​នៃ​ច្បាប់​នោះ តាក់តែងឡើង​ទៅតាម​សំណើ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​មិន​ឲ្យ​ទណ្ឌិត​ធ្វើជា​ប្រធាន​បក្ស​ពិតមែន ក៏​មិនមាន​ប្រសិទ្ធភាព​ដែរ​។ លោក ពន្យល់ថា ប្រធាន នៅតែមាន​អំណាច ក្នុងការ​គ្រប់គ្រង​គណ​បក្ស​ដដែល បើទោះបីជា​ក្លាយជា​ទណ្ឌិត ហើយ​បាត់ឈ្មោះ ជា​ប្រធាន​បក្ស​ក៏ដោយ​។ មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​រូបនេះ លើក​ហេតុ​ផង​ដូច្នេះ​ថា​៖«​វា អត់​មាន​ប្រសិទ្ធភាព​ទេ ព្រោះ​ប្រសិនបើ​ប្រធាន​បក្ស គាត់​ជា​ទណ្ឌិត ហើយ​លែង​ជា​ប្រធាន​បក្ស​មែន​នោះ ក៏​គាត់​នៅតែ​អាច​គ្រប់គ្រង និង​ដឹកនាំ​បក្ស​បាន​ដដែល ទេ​»​។

ប្រសិនបើ​រដ្ឋសភា អនុម័ត​សំណើសុំ​ឲ្យ​កែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដូច​អ្វីដែល​សម្តេច ហ៊ុន សែន ស្នើឡើង​នោះ ឥស្សរជន​នយោបាយ ដែល​អាច​នឹង​ជួប​វាសនា​មិនល្អ​ជាងគេ គឺ​ឯកឧត្តម សម រង្ស៊ី ព្រោះ​ឯកឧត្តម សម រង្ស៊ី រង​បណ្តឹង​រហូតដល់​ទៅ​ចំនួន​៨ ឯណោះ​។ បើតាម​សាលក្រម​របស់​តុលាការ ឯកឧត្តម បាន​ក្លាយជា​ទណ្ឌិត​បាត់​ទៅហើយ និង​អាច​ឲ្យ​មេបក្ស​ប្រឆាំង​រូបនេះ ជាប់ពន្ធនាគារ​រហូត​ដល់​ទៅ​៥​ឆ្នាំ​ទៀតផង​។  ដូច្នេះ វា បញ្ជាក់ថា ឲ្យ​តែ​ខ្លឹមសារ​ថ្មី នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​រដ្ឋសភា អនុម័ត​នៅពេលណា ឯកឧត្តម សម រង្ស៊ី នឹង​បាត់ឈ្មោះ ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅពេលនោះ​ភ្លាម​។ លើសពីនេះ ប្រសិនបើ​ប្រព្រឹត្ត​អំពើ​ណាមួយ ដែល​ខុសច្បាប់​យ៉ាងធ្ងន់ធ្ងរ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​អាច​ត្រូវបាន​រំលាយចោល​ផងដែរ​។

ជុំវិញ​បញ្ហា​ខាងលើ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ នៅ​កម្ពុជា ធ្លាប់​អះអាងថា ការកែប្រែ​ច្បាប់​នេះ គឺជា​ចេតនា​របស់​បក្ស​កាន់អំណាច ដើម្បី​យកឈ្នះ​គូប្រកួត ក្នុងការ​បោះឆ្នោត​នាពេលខាងមុខ​។ ពួកគេ ធ្លាប់​និយាយថា ខ្លឹមសារ​នៃ​ច្បាប់​នេះ មិនបាន​ផ្តល់​ផលប្រយោជន៍​អ្វី​ទៅដល់​ប្រទេសជាតិ ឬ​ប្រជាជន​ឡើយ តែ​វា នឹង​ផ្តល់​ផលចំណេញ ដល់​គណបក្សនយោបាយ ទៅវិញ​ទេ​៕



Tag:
 CPP
  CNRP
  សុន ឆ័យ​
  សួស យ៉ា​រ៉ា​
  ច្បាប់​នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com