ជាតិ
នយោបាយជាតិ
សេចក្តីស្នើច្បាប់ មិនឲ្យទណ្ឌិត ធ្វើមេបក្ស បានទៅដល់រដ្ឋសភាហើយ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ រូបថត ម៉ៅ សុផា
× ភ្នំពេញ៖ សេចក្តីស្នើច្បាប់ ដែលមិនផ្តល់ឱកាសឲ្យទណ្ឌិត មានសិទ្ធិធ្វើជាប្រធានគណបក្សនយោបាយ ត្រូវបានបញ្ជូនទៅកាន់រដ្ឋសភាហើយ។ មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ អះអាងថា ច្បាប់នេះ ប្រហែលជាមិនមានប្រសិទ្ធភាព ដើម្បីរារាំងប្រធាន មិនឲ្យគ្រប់គ្រងនិងដឹកនាំ គណបក្ស នោះទេ។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៦០នាក់ បានចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ ដែលមិនអនុញ្ញាតឲ្យ បុគ្គលជាទណ្ឌិត ធ្វើជាប្រធានគណបក្សនយោបាយ ហើយក៏បញ្ជូនទៅឲ្យរដ្ឋសភា នៅព្រឹកថ្ងៃសុក្រនេះ។ នេះបើតាមការអះអាងរបស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរបស់រដ្ឋសភា។
លោក ឡេង ប៉េងឡុង មិនបញ្ជាក់ពីកាលបរិច្ឆេទ ដែលសេចក្តីស្នើច្បាប់នេះ នឹងត្រូវបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅពេលណាឲ្យជាក់លាក់នោះទេ។ ប៉ុន្តែ លោក សង្កត់ធ្ងន់ៗថា សេចក្តីស្នើច្បាប់នេះ ត្រូវតែដាក់ទៅកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងពេលឆាប់ៗនេះ។
អ្នកនាំពាក្យរដ្ឋសភាខាងលើ បានលើកហេតុផលបែបនេះថា៖«ការធ្វើច្បាប់ មានលក្ខណពីរយ៉ាង។ មួយ មានលក្ខណប្រញាប់ប្រញាល់ ហើយមួយទៀត មានលក្ខណធម្មតា។ ដូច្នេះ យើងនឹងបញ្ជូនច្បាប់ហ្នឹងទៅគណៈកម្មាធិការអចិន្ត្រៃយ៍ភ្លាម ព្រោះ វា ជាការប្រញាប់»។
ចំណែកឯ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការធ្វើវិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយនាពេលនេះ គឺដើម្បីគ្រប់គ្រងទៅលើគ្រប់គណបក្សទាំងអស់នៅកម្ពុជា។ បើតាមលោក សួស យ៉ារ៉ា ការកែប្រែច្បាប់នេះ គឺដោយមើលឃើញផលប្រយោជន៍ធំៗចំនួនបី។
អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានរៀបរាប់ដូច្នេះថា៖«យើងកែប្រែច្បាប់នេះ គឺដើម្បីការពារប្រយោជន៍ប្រជាជន ការពារលទ្ធិប្រជាធិបតេយ្យ និងដើម្បីឲ្យច្បាប់ហ្នឹង មានលក្ខណច្បាស់លាស់ជាងមុន»។
លោក សួស យ៉ារ៉ា សង្កត់ធ្ងន់ថា ខ្លឹមសារនៃច្បាប់ ដែលនឹងត្រូវកែប្រែ មិនមែនដើម្បីរំលាយ ឬដាក់សម្ពាធទៅលើគណបក្សសង្គ្រោះជាតិនោះទេ ប៉ុន្តែ វា ជាការកែប្រែ ដោយស្របតាមតម្រូវរបស់ប្រទេសជាតិ។ លោក និយាយថា៖«ច្បាប់ហ្នឹង មានរយៈពេលយូរហើយ ប្រហែលជា២០ឆ្នាំហើយ។ ដូច្នេះយើត្រូវកែតម្រូវ។ យើង កែតម្រូវនេះ គឺដើម្បីឲ្យល្អជាងមុន ឲ្យច្បាស់លាស់ជាងមុន។ ច្បាប់ហ្នឹង គ្មានបំណងអាក្រក់ទេ»។
ទាំងលោក ឡេង ប៉េងឡុង ទាំងលោក សួស យ៉ារ៉ា សុទ្ធតែមិនបកស្រាយពីខ្លឹមសារនៃច្បាប់ដែល នឹងត្រូវកែប្រែ។ លោកទាំងពីរ បាននិយាយ ដូចគ្នាថា ខ្លឹមសារនៃច្បាប់យ៉ាងណានោះ ទុកឲ្យគណៈកម្មាធិការចិន្ត្រៃយ៍ ជាអ្នកពិភាក្សាទៅចុះ។
បើទោះបីជាអ្នកទាំងពីរមិនបកស្រាយក៏ដោយ ប៉ុន្តែខ្លឹមសារនៃច្បាប់នោះ ទំនងជាមិនខុសពីអ្វីដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឡើងនោះទេ។ ការខ្នះខ្នែងធ្វើវិសោធកម្មនេះ គឺក្រោយសម្តេចនាយករដ្ឋមន្ត្រី ស្នើឡើងចំនួនពីរដង។ លើកទីមួយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុ ន សែន បានលើកសំណើនៅក្នុងកិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ឲ្យកែប្រែច្បាប់ ដោយមិនអនុញ្ញាតិឲ្យជនណា ដែលមានឈ្មោះថាជាទណ្ឌិត ធ្វើជាប្រធានគណបក្សនយោបាយនោះទេ។ ក្រោយមក ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្តេច ហ៊ុន សែន បានស្នើឡើងជាលើកទីពីរ ដោយចង់ឲ្យប្រទេសកម្ពុជា អនុវត្តច្បាប់ដូចប្រទេសថៃ ដែលរំលាយគណបក្សនយោបាយចោល ប្រសិនបើគណបក្សនោះ ធ្វើខុសច្បាប់ធ្ងន់ធ្ងរ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បដិសេធការបកស្រាយពីចេតនារបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើវិសោធកម្មលើច្បាប់ស្តីពីគណបក្សនយោបាយ យ៉ាងលឿនបែបនេះ។ លោក និយាយដូច្នេះថា៖«ខ្ញុំ ក៏មិនដឹងដែរ ថាគាត់ (បក្សកាន់អំណាច) ធ្វើហ្នឹង ក្នុងចេតនាអ្វីនោះទេ។ ទាល់តែខាងខ្ញុំ បានមើលខ្លឹមសារច្បាប់ទាំងនោះសិន ទើបអាចនិយាយបាន»។
យ៉ាងណា លោក សុន ឆ័យ នៅតែនិយាយថា ប្រសិនបើខ្លឹមសារនៃច្បាប់នោះ តាក់តែងឡើងទៅតាមសំណើរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមិនឲ្យទណ្ឌិតធ្វើជាប្រធានបក្សពិតមែន ក៏មិនមានប្រសិទ្ធភាពដែរ។ លោក ពន្យល់ថា ប្រធាន នៅតែមានអំណាច ក្នុងការគ្រប់គ្រងគណបក្សដដែល បើទោះបីជាក្លាយជាទណ្ឌិត ហើយបាត់ឈ្មោះ ជាប្រធានបក្សក៏ដោយ។ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះ លើកហេតុផងដូច្នេះថា៖«វា អត់មានប្រសិទ្ធភាពទេ ព្រោះប្រសិនបើប្រធានបក្ស គាត់ជាទណ្ឌិត ហើយលែងជាប្រធានបក្សមែននោះ ក៏គាត់នៅតែអាចគ្រប់គ្រង និងដឹកនាំបក្សបានដដែល ទេ»។
ប្រសិនបើរដ្ឋសភា អនុម័តសំណើសុំឲ្យកែប្រែច្បាប់ស្តីពីគណបក្សនយោបាយ ដូចអ្វីដែលសម្តេច ហ៊ុន សែន ស្នើឡើងនោះ ឥស្សរជននយោបាយ ដែលអាចនឹងជួបវាសនាមិនល្អជាងគេ គឺឯកឧត្តម សម រង្ស៊ី ព្រោះឯកឧត្តម សម រង្ស៊ី រងបណ្តឹងរហូតដល់ទៅចំនួន៨ ឯណោះ។ បើតាមសាលក្រមរបស់តុលាការ ឯកឧត្តម បានក្លាយជាទណ្ឌិតបាត់ទៅហើយ និងអាចឲ្យមេបក្សប្រឆាំងរូបនេះ ជាប់ពន្ធនាគាររហូតដល់ទៅ៥ឆ្នាំទៀតផង។ ដូច្នេះ វា បញ្ជាក់ថា ឲ្យតែខ្លឹមសារថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានរដ្ឋសភា អនុម័តនៅពេលណា ឯកឧត្តម សម រង្ស៊ី នឹងបាត់ឈ្មោះ ជាប្រធានគណបក្សសង្គ្រោះជាតិ នៅពេលនោះភ្លាម។ លើសពីនេះ ប្រសិនបើប្រព្រឹត្តអំពើណាមួយ ដែលខុសច្បាប់យ៉ាងធ្ងន់ធ្ងរគណបក្សសង្គ្រោះជាតិ ក៏អាចត្រូវបានរំលាយចោលផងដែរ។
ជុំវិញបញ្ហាខាងលើ អ្នកតាមដានស្ថានការណ៍នយោបាយ នៅកម្ពុជា ធ្លាប់អះអាងថា ការកែប្រែច្បាប់នេះ គឺជាចេតនារបស់បក្សកាន់អំណាច ដើម្បីយកឈ្នះគូប្រកួត ក្នុងការបោះឆ្នោតនាពេលខាងមុខ។ ពួកគេ ធ្លាប់និយាយថា ខ្លឹមសារនៃច្បាប់នេះ មិនបានផ្តល់ផលប្រយោជន៍អ្វីទៅដល់ប្រទេសជាតិ ឬប្រជាជនឡើយ តែវា នឹងផ្តល់ផលចំណេញ ដល់គណបក្សនយោបាយ ទៅវិញទេ៕
Tag:
CPP
CNRP
សុន ឆ័យ
សួស យ៉ារ៉ា
ច្បាប់នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com