ជាតិ
CPP និង CNRP ដំណើរការ​ទៅ​យ៉ាង​រលូន​ដូចគ្នា​លើ​ការរៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន​
10, Feb 2017 , 10:19 pm         3174
រូបភាព
ភ្នំពេញ​៖ បើទោះបីជា​គណបក្សនយោបាយ​ទាំងពីរ​ក្នុង​សភា នៅតែ​បន្ត​មើលមុខ​គ្នា​មិន​ចំ​ក៏ដោយ ប៉ុន្តែ​ពួកគេ​សុទ្ធតែ​មិន​ភ្លេច​ពី​កិច្ចការ​បោះឆ្នោត នោះឡើយ​។ រហូតមកដល់​ពេលនេះ បក្ស​កាន់អំណាច រៀបចំ​បញ្ជី​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ បាន​១០០​ភាគរយ ទៅហើយ ខណៈ​បក្សប្រឆាំង រៀបចំ​បាន ៩៥​ភាគរយ​។​


​អ្នកនាំពាក្យ​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង សុទ្ធតែ​អះអាង​រៀងៗ​ខ្លួន​ពី​ដំណើរ​យ៉ាង​រលូន​ទាក់ទង​នឹង​ការរៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នាពេលខាងមុខ​។​

​បច្ចុប្បន្ននេះ គណបក្ស​ប្រជាជន​កម្ពុជា បានរៀបចំ​បញ្ជី​បេក្ខជន​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ ចប់សព្វគ្រប់​ហើយ​។ នេះ ជាការ​អះអាង​របស់លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​លោក​គ្រាន់តែ​បន្ថែមថា កិច្ចការ​សំខាន់ ដែល​គណបក្ស កំពុង​គិតគូរ គឺ​ការរៀបចំ​បញ្ជី​បេក្ខជន​ខាងលើ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ដាក់ជូន​ថ្នាក់ដឹកនាំ​កំពូល ដើម្បី​ត្រួតពិនិត្យ​ជា​លើកចុងក្រោយ មុននឹង​បញ្ជូន​ទៅកាន់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​៣ ខែ​មិនា ឆ្នាំ​២០១៧​។

​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​បញ្ជាក់​ដូច្នេះ​ថា​៖«​យើង បានរៀបចំ​បេក្ខជន​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត​ហ្នឹង រួចរាល់​ហើយ​។ យើង​រៀបចំ​បាន​១០០​ភាគរយ​ហើយ នៅ​ទូទាំងប្រទេស​។ បញ្ជី​ឈ្មោះ នឹងត្រូវ​ដាក់ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស ពិនិត្យ​ម្តងទៀត ដើម្បី​ឲ្យ​មាន​ភាព​សុក្រឹត ហើយ​បន្ទាប់មក យើង នឹងដាក់​ទៅ​គ​.​ជ​.​ប​»​។
​លោក សុខ ឥសាន ជឿជាក់ថា ដោយសារតែ​គុណសម្បត្តិ ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​កសាង​សម្រាប់​ប្រទេសជាតិ​ជាច្រើន​អាណត្តិ​កន្លងមក នោះ​ប្រជាជន នឹង​បន្ត​គាំទ្រ នឹង​បោះឆ្នោត​ជូន បន្តទៀត​។ បន្ទាប់ពី​បង្ហាញ​ភាពជឿជាក់​លើ​គណបក្សរ​បស់​ខ្លួន​រួចហើយ លោក សុខ ឥសាន ក៏​ឆ្លៀត​ចំអក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តែងតែ​ស្រមើស្រមៃ​ថា នឹង​ឈ្នះឆ្នោត​។​

​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បាន​ចំអក​ឲ្យ​បក្សប្រឆាំង​ដូច្នេះ​ថា​៖«​ឮ​តែ​គាត់ (​បក្សប្រឆាំង​) ថា​ឈ្នះ​រហូត តាំង​ឆ្នាំ​៩០​ជាង មកម្ល៉េះ​។ ប៉ុន្តែ ដូច​មិនដែល​ឃើញ​ឈ្នះ​សោះ​។ គេ ហៅថា​ឈ្មោះ​ខ្យល់​។ វា​គ្រាន់តែ​ក្តី​ស្រមៃ​របស់គាត់​ទេ​»​។

​ការ​ចំអក​របស់លោក សុខ ឥសាន បែបនេះ គឺជា​ការឆ្លើយតប​នឹង​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បង្ហាញ​ក្តី​សង្ឃឹមថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួលបាន​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​ថា្នក់​ឃុំ​-​សង្កាត់ នាពេលខាងមុខ​។

​ទាក់ទង​នឹង​បញ្ជី​បេក្ខជន​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ លោក យឹម សុវណ្ណ បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​កថា គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​បាន​៩៥​ភាគរយ​ហើយ​។ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ បានផ្តល់​អំណាច​ពេញលេញ ទៅ​ឲ្យ​ថ្នាក់ដឹកនាំ​នៅតាម​ឃុំ​-​សង្កាត់ ក្នុង​ការរៀបចំ​បេក្ខជន​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត​៕

Tag:
 CPP
  CNRP
  សុខ ឥសាន​
  យឹម សុវណ្ណ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next