ជាតិ
CPP និង CNRP ដំណើរការទៅយ៉ាងរលូនដូចគ្នាលើការរៀបចំបញ្ជីឈ្មោះបេក្ខជន
× ភ្នំពេញ៖ បើទោះបីជាគណបក្សនយោបាយទាំងពីរក្នុងសភា នៅតែបន្តមើលមុខគ្នាមិនចំក៏ដោយ ប៉ុន្តែពួកគេសុទ្ធតែមិនភ្លេចពីកិច្ចការបោះឆ្នោត នោះឡើយ។ រហូតមកដល់ពេលនេះ បក្សកាន់អំណាច រៀបចំបញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ បាន១០០ភាគរយ ទៅហើយ ខណៈបក្សប្រឆាំង រៀបចំបាន ៩៥ភាគរយ។
អ្នកនាំពាក្យគណបក្សកាន់អំណាច និងគណបក្សប្រឆាំង សុទ្ធតែអះអាងរៀងៗខ្លួនពីដំណើរយ៉ាងរលូនទាក់ទងនឹងការរៀបចំបញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នាពេលខាងមុខ។
បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា បានរៀបចំបញ្ជីបេក្ខជនសម្រាប់ឈរឈ្មោះបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ ចប់សព្វគ្រប់ហើយ។ នេះ ជាការអះអាងរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដោយលោកគ្រាន់តែបន្ថែមថា កិច្ចការសំខាន់ ដែលគណបក្ស កំពុងគិតគូរ គឺការរៀបចំបញ្ជីបេក្ខជនខាងលើឲ្យបានត្រឹមត្រូវ ហើយដាក់ជូនថ្នាក់ដឹកនាំកំពូល ដើម្បីត្រួតពិនិត្យជាលើកចុងក្រោយ មុននឹងបញ្ជូនទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧។
អ្នកនាំពាក្យបក្សកាន់អំណាចបញ្ជាក់ដូច្នេះថា៖«យើង បានរៀបចំបេក្ខជនសម្រាប់ឈរឈ្មោះបោះឆ្នោតហ្នឹង រួចរាល់ហើយ។ យើងរៀបចំបាន១០០ភាគរយហើយ នៅទូទាំងប្រទេស។ បញ្ជីឈ្មោះ នឹងត្រូវដាក់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្ស ពិនិត្យម្តងទៀត ដើម្បីឲ្យមានភាពសុក្រឹត ហើយបន្ទាប់មក យើង នឹងដាក់ទៅគ.ជ.ប»។
លោក សុខ ឥសាន ជឿជាក់ថា ដោយសារតែគុណសម្បត្តិ ដែលគណបក្សប្រជាជនកម្ពុជា បានកសាងសម្រាប់ប្រទេសជាតិជាច្រើនអាណត្តិកន្លងមក នោះប្រជាជន នឹងបន្តគាំទ្រ នឹងបោះឆ្នោតជូន បន្តទៀត។ បន្ទាប់ពីបង្ហាញភាពជឿជាក់លើគណបក្សរបស់ខ្លួនរួចហើយ លោក សុខ ឥសាន ក៏ឆ្លៀតចំអកឲ្យគណបក្សសង្គ្រោះជាតិ ដែលតែងតែស្រមើស្រមៃថា នឹងឈ្នះឆ្នោត។
អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានចំអកឲ្យបក្សប្រឆាំងដូច្នេះថា៖«ឮតែគាត់ (បក្សប្រឆាំង) ថាឈ្នះរហូត តាំងឆ្នាំ៩០ជាង មកម្ល៉េះ។ ប៉ុន្តែ ដូចមិនដែលឃើញឈ្នះសោះ។ គេ ហៅថាឈ្មោះខ្យល់។ វាគ្រាន់តែក្តីស្រមៃរបស់គាត់ទេ»។
ការចំអករបស់លោក សុខ ឥសាន បែបនេះ គឺជាការឆ្លើយតបនឹងលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលបង្ហាញក្តីសង្ឃឹមថា គណបក្សសង្គ្រោះជាតិ នឹងទទួលបានជ័យជំនះក្នុងការបោះឆ្នោតថា្នក់ឃុំ-សង្កាត់ នាពេលខាងមុខ។
ទាក់ទងនឹងបញ្ជីបេក្ខជនសម្រាប់ឈរឈ្មោះបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ លោក យឹម សុវណ្ណ បានសរសេរក្នុងទំព័រហ្វេសប៊ុកថា គណបក្សសង្គ្រោះជាតិ រៀបចំបាន៩៥ភាគរយហើយ។ តាមរយៈទំព័រហ្វេសប៊ុក លោក យឹម សុវណ្ណ បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បានផ្តល់អំណាចពេញលេញ ទៅឲ្យថ្នាក់ដឹកនាំនៅតាមឃុំ-សង្កាត់ ក្នុងការរៀបចំបេក្ខជនសម្រាប់ឈរឈ្មោះបោះឆ្នោត៕
Tag:
CPP
CNRP
សុខ ឥសាន
យឹម សុវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com