ជាតិ
សង្គមជាតិ
អាស៊ានយឺតយ៉ាវក្នុងការធ្វើសុខដុម​រម​នីយកម្ម​ស្តង់ដារ​ចំណីអាហារ កម្ពុជា​កាន់តែ​នៅ​ឆ្ងាយ​…
02, Mar 2017 , 11:29 am        
រូបភាព
​ការធ្វើ​សុខដុម​រមនីយ​កម្មបទ​ដ្ឋា​ន​ចំណីអាហារ​សម្រាប់​តំបន់​ជា​គោលដៅ​ធំ​បំផុត​មួយ​សម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។ ប៉ុន្តែ​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដំណើរការ​នៃ​ការធ្វើ​សុខដុម​រមនីយ​កម្មបទ​ដ្ឋា​ន​ចំណីអាហារ​នេះ​នៅតែ​យឺតយ៉ាវ​នៅ​ឆ្ងាយ​ពី​ការរំពឹងទុក និង​ប្រឈម​បញ្ហា​ច្រើន​។ សម្រាប់ កម្ពុជា​ដែលជា​ប្រទេស​កំពុងអភិវឌ្ឍន៍​វិញ​នោះ ការ​អនុវត្តតាម​បទដ្ឋាន​ចំណីអាហារ​តំបន់​នេះ​រឹតតែ​ជា​បញ្ហា​ធំ​។ ក្រៅពី​ភាព​អន់​ខ្សោយ​ក្នុងការ​ត្រួតពិនិត្យ និង ការអនុវត្ត​បទ​ប​ញ្ញ​តិ​ទាក់ទង​ចំណីអាហារ​ឲ្យ​បាន​ត្រឹមត្រូវ កម្ពុជា​ប្រឈម​បញ្ហា​ច្រើន​ទៀត​ដូចជា​កង្វះ​ធនធានមនុស្ស​មាន​ជំនាញ​ចំណីអាហារ​, ការយល់ដឹង​ពាក់ព័ន្ធ​បទដ្ឋាន​ចំណីអាហារ​ក្នុងចំណោម​អ្នក​ផលិត ក៏ដូចជា​ការវិនិយោគ​លើ​វិស័យ​ចំណីអាហារ​ផងដែរ​។


  
​នា​ព្រឹក​ព្រលឹម​មួយ​ក្នុង​ខែមករា​ឆ្នាំ​២០១៧ នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែ​តនៃ​ខេត្តបន្ទាយមានជ័យ​ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល ៤១០​គីឡូ​ម៉ែត​ពី​រាជធានី​ភ្នំពេញ និង​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ឈម​គ្នា​នឹង​ខេត្ត​ស្រះកែវ​របស់​ប្រទេស​ថៃ សកម្មភាព​ដឹកជញ្ជូន​ទំនិញ​ចេញចូល​រវាង​ប្រទេស​ទាំងពីរ​មិន​ខុសពី​សព្វដង​ឡើយ​។ ភាព​មរ​មា​ញឹក​មានតែ​ពី​ខាង​ប្រទេស​ថៃ​។ រ៉ឺម៉ក និង​រទេះ​តូចធំ​ផ្ទុកទំនិញ​ជាច្រើន​ប្រភេទ​ដូចជា បន្លែ ត្រី​សាច់ ផ្លែឈើ និង​អាហារ​កំប៉ុង ត្រូវបាន​គេ​ទាញ​រុញ​ឆ្លងកាត់​ច្រកព្រំដែន​ពី​ទឹកដី​ថៃ​ចូលមក​ទឹកដី​កម្ពុជា​។ ពី​កម្ពុជា គេ​ឃើញ​មានតែ​រទេះ ឬ​រ៉ឺម៉ក​ទទេ ដែល​ពលករ​ខ្មែរ​កាន់​ទាញ​ចូលទៅក្នុង​ទឹកដី​ថៃ​ដូច​រៀងរាល់ថ្ងៃ ដើម្បី​ដាក់​ទំនិញ​នានា​ផ្សេងទៀត​មក​លក់​នៅលើ​ទឹក​ដី​ខ្មែរ​។​


(រ៉ឺម៉កដឹកទំនិញច្រើនប្រភេទជាពិសេស​​ចំណីអាហារចេញពីទឹកដីថៃចូលក្នុងទឹកដីកម្ពុជានាច្រកព្រំដែន​ប៉ោយប៉ែត)

​ប្រធាន​សាខា​កាំកុងត្រូល (Camcontrol) ប្រចាំខេត្ត​បន្ទាយមានជ័យ​លោក ស៊ាន ស៊ីណា ដែលមាន​ការិយាល័យ​នៅក្បែរ​ច្រក​អន្តរជាតិ​នោះ បាន​និយាយថា រាល់ថ្ងៃ គ្រាន់តែ​នៅ​ច្រក​ប៉ោយប៉ែត​មួយ​នេះ ផលិតផល​សម្រាប់​បរិ​ភោគ រួមមាន​អាហារ​កំប៉ុង ទឹកដោះគោ និង​បន្លែ​មាន​ច្រើន តោន​ត្រូវបាន​នាំ​ចូលមក​កម្ពុជា​រៀងរាល់ថ្ងៃ​។ ហើយ​គ្រាន់តែ​បន្លែ​នោះ​មាន​ប្រមាណ​ពី ៥​ទៅ ៦​តោន​ទៅហើយ​។ រីឯ​ទំនិញ​នាំ​ចេញពី​កម្ពុជា​វិញ  លោក ស៊ីណា អះអាងថា ភាគច្រើន​នៃ​ទំនិញ​ទាំងនោះ​មិនមែនជា​ទំនិញ​ប្រភេទ​ចំណីអាហារ​ទេ​។​


លោក ស៊ាន ស៊ីណា ប្រធានសាខាកាំកុងត្រូល(Camcontrol) ប្រចាំខេត្តបន្ទាយមានជ័យ

​ប្រធាន​សាខា​កាំកុងត្រូល​រូបនេះ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​បើ​និយាយ​ពី​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​នេះ ទំនិញ​នាំចេញ​ភាគច្រើន ជា​ផលិតផល​កាត់ដេរ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច តែ​មិនមែនជា​ចំណីអាហារ​ទេ​»​។ មន្ត្រី​រូបនេះ​បន្តថា​៖« ទំនិញ​ជា​ចំណីអាហារ​ដែល​ផលិត​នៅ​កម្ពុជា​មិនទាន់​គ្រប់​តាម​បទដ្ឋាន​ដែល​គេ​កំណត់​ត្រឹមត្រូវ​នោះទេ​។ ហើយ​ម្យ៉ាងទៀត កម្ពុជា​ក៏​មិនទាន់​អាច​ផលិត​ទំនិញ​ចំណីអាហារ​ច្រើន​ប្រភេទ​បាន​សម្រាប់​នាំចេញ​នោះដែរ​»​។

​ចំណែក​ប្រជាពលរដ្ឋ​ដែល​រស់​នៅជាប់​ច្រកព្រំដែន​ក៏​ងឿងឆ្ងល់ ដែល​ទំនិញ​ច្រើន​ត្រូវបាន​ចូល​មកពី​ខាង​ថៃ តែ​មិនឃើញ​មាន​ទំនិញ​នាំ​ចេញពី​កម្ពុជា​សោះ​។​ប្រជាជន​ទាំងនោះ​ក៏​ពោល​រអ៊ូ​និង ហួសចិត្ត​ដែរ ព្រោះ​ទំនិញ​នាំចូល​ម​កម្ពុជា​ទាំងនោះ​មាន​សព្វគ្រប់​សូម្បីតែ​បន្លែបង្ការ​មាន​ទាំង​ក្រូចឆ្មា និង​ស្លឹកគ្រៃ​ជាដើម​។​

(រទេះរុញ​ដែ​ល​មានផ្ទុកដោយ​ទំនិញ​ចំណីអាហារ​​មាន​ផ្លែឈើ បន្លែបង្ការ អាហារកំប៉ុងជាដើមដែលនាំចេញពី​ប្រទេសថៃនាច្រក​ព្រំដែនប៉ោយប៉ែត)


​យោងតាម​របាយការណ៍ គេ​ទំព័រ​ផែនទី​ពាណិជ្ជកម្ម (Trade Map) ក្នុង​ឆ្នាំ ២០១៥ ប្រទេស​ថៃ​បាន​ក្លាយជា​ប្រទេស​នាំចូល​ធំ​បំផុត​មួយ​របស់​កម្ពុជា​ដែល​តម្លៃ​នៃ​ការនាំ​ចូល​នោះ​មាន​ទំហំ ១៥៦១ លាន​ដុល្លារ ក្នុងនោះ​ទំនិញ​ចំណីអាហារ​មានតម្លៃ​សរុប ៣៣៧​លាន​ដុល្លារ​។ ចំណែក​ទំនិញ​កម្ពុជា​នាំចូល​ទៅ​ថៃ​វិញ​មាន​ទំហំ​ត្រឹម ៣៤៦ លាន​ដុល្លារ​ប៉ុណ្ណោះ ។​

១.​សុខដុម​រម​នីយកម្ម​បទដ្ឋាន​សុវត្ថិភាព​ចំណីអាហារ​អាស៊ាន​នៅ​យឺតយ៉ាវ
​ចំណីអាហារ​ក្លាយជា​វិស័យ​ដែលមាន​សក្តានុពល​សម្រាប់​ពាណិជ្ជកម្ម​អាស៊ាន នៅពេលដែល សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ ២០១៦ ។  ដោយសារ​ផលិតផល​ចំណីអាហារ​តម្រូវ​ឲ្យ​មានការ​បទបញ្ញត្តិ​គ្រប់គ្រង​ស្មុគស្មាញ​ដែល​វា​ក្លាយជា​របាំង​មិនមែន​ពន្ធ (Non-tariff barriers) សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​រួមគ្នា អាស៊ាន​សម្រេច​ធ្វើ​សុខដុម​នីយកម្ម​លើ​បទដ្ឋាន​សុវត្ថិភាព​ចំណីអាហារ​នេះ​។​

​យោងតាម​មាត្រា ៨១ នៃ​កិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន ការបង្កើត​បទដ្ឋាន​រួមគ្នា​នៃ​សុវត្ថិភាព​ចំណីអាហារ​នេះ​ផ្តោត​សំខាន់​លើ​ការអនុវត្ត​វិធានការ​ភូតគាម​អនាម័យ (SPS) ដែល​ស្របតាម​គោលការណ៍​ណែនាំ​តាម​ប្រព័ន្ធ Codex ឬ​ប្រព័ន្ធ​អន្តរជាតិ​ផ្សេងទៀត​។​



(រ៉ឺម៉ក​មានផ្ទុកដោយ​ទំនិញ​ចំណីអាហារ​​មាន​ផ្លែឈើ បន្លែបង្ការ អាហារកំប៉ុងជាដើមដែលនាំចេញពី​ប្រទេសថៃនាច្រក​ព្រំដែនប៉ោយប៉ែត)


​ថ្វីបើ​មានការ​ធ្វើ​សុខដុម​រម​នីយកម្ម​ចាប់ពី​ឆ្នាំ ២០០៣ ក៏ដោយ អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​និង​សុវត្ថិភាព​ចំណីអាហារ​អាស៊ាន​លោក Edmund Sim  អះអាងថា ដំណើរការ​នៃ​ការរៀបចំ​សុខដុម​នីយកម្ម​នៃ​បទដ្ឋាន​សុវត្ថិភាព​ភាព​អាហារ​នៅ​អាស៊ាន​នៅតែ​យឺតយ៉ាវ​ខ្លាំង ព្រោះ​វា​ក៏​ប្រឈម​បញ្ហា​ច្រើន​។​

​លោក Edmund Sim បាន​ពន្យល់​លម្អិត​យ៉ាង​ដូច្នេះ​ថា​៖«​បញ្ហា​ធំ​សម្រាប់​ការធ្វើ​សុខដុម​រមនីយ​កម្មបទ​ដ្ឋា​ន​ចំណីអាហារ គឺ​វា​មិនសូវ​បានការ​គាំទ្រ​ខ្លាំង​ពី​លេខាធិការដ្ឋាន​អាស៊ាន និង​រដ្ឋ​ជា​សមាជិក​។ ក្រុមហ៊ុន​ផលិត និង​ម្ចាស់ជំនួយ​មាន​អាមេរិក​និង​សហភាព​អឺរ៉ុប ពួកគេ​បាន​គាំទ្រ​ការធ្វើ​សុខដុម​រមនីយ​កម្មបទ​ដ្ឋា​ន​សុវត្ថិភាព​អាហា​នេះ​។ ប៉ុន្តែ​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់​នៅ​ខ្វះ​នូវ​ឆន្ទៈ​នយោបាយ ព្រោះ​វា​ទាក់ទង​ផលប្រយោជន៍​ពាណិជ្ជកម្ម​របស់​ប្រទេស​នីមួយៗ​»​។​

​បញ្ហា​មួយទៀត​ដែល​រាំងស្ទះ​ដល់​ការធ្វើ​សុខដុម​រមនីយ​កម្មបទ​ដ្ឋា​ន​ចំណីអាហារ គឺ​ការបកស្រាយ និង​ការអនុវត្ត​ប្រព័ន្ធ Codex មិន​ស្របគ្នា​។  «​ប្រទេស​សមាជិក​អាស៊ាន​ភាគច្រើន​ដើរ​តាម​ប្រព័ន្ធ Codex ដែលមាន​គម្រូ​តាម​សហភាព​អឺរ៉ុប ខណៈដែល​ថៃ និង​ហ្វីលីពីន​កំពុង​អនុវត្តតាម​ប្រព័ន្ធ Codex ដែល​រង​ឥទ្ធិពល​ពី​សហរដ្ឋអាមេរិក​ទៅវិញ​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​លោក Edmund Sim​។​

២.​តើ​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​កម្ពុជា អាចធ្វើ​សុខដុម​រមនីយ​កម្មបទ​ដ្ឋា​ន​ចំណីអាហារ​អាស៊ាន​បាន​កម្រិតណា​?
​មកដល់​ពេលបច្ចុប្បន្ន កម្ពុជា​អនុវត្តតាម​បទដ្ឋាន​ចំណីអាហារ​អាស៊ាន​ហើយ​ព្រោះ​កម្ពុជា​កំណត់​យក​បទដ្ឋាន Codex ក្រោយ​ប្រទេស​នេះ​ក្លាយ​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ឆ្នាំ ២០០៤​។ 

​លោក ចាន់ បូ​រិ​ន អគ្គនាយក​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​ ​កម្ពុជា​និង សមាជិក​អាស៊ាន​ផ្សេងទៀត​បាន​ជជែក​គ្នា​រឿង​បទដ្ឋាន​ចំណីអាហារ​រួម​នេះ​យូរ និង​ចាប់​ផ្តើមធ្វើ​សុខដុម​រមនី​យមក​ម្ម​បទដ្ឋាន​នេះ​យូរ​មកហើយ​។   ហើយ​កម្ពុជា​ក៏បាន​យក​បទដ្ឋាន​ដែល​កំណត់ដោយ​អាស៊ាន ១០០​ភាគរយ​ទៅជា​បទដ្ឋាន​ជាតិ​ដែរ​។ វា​មានន័យថា ពេល​ក្រុមហ៊ុន​កម្ពុជា​អនុវត្តតាម​បទដ្ឋាន​ជាតិ គុណភាព​ទំនិញ​ទាំងនោះ​ត្រូវគេ​ទទួលស្គាល់​ដួច​គ្នា​។​

​លោក ចាន់ បូ​រិ​ន បាន​បន្តថា​៖« បទដ្ឋាន​ចំណីអាហារ​តំបន់​នោះ​យើង​បាន​យក​ប្រើប្រាស់​អស់ហើយ​ដើម្បី​ឲ្យ​ទៅជា​បទដ្ឋាន​ជាតិ​យើង​។ ហើយ​ផលិតផល​អ្វីដែល​មិនមាន​បទដ្ឋាន​អន្តរជាតិ​យើង​បង្កើត​ខ្លួនឯង​។ តួយ៉ាង​ដូចជា​អង្ករ​,​ប្រហុក ទឹកត្រី​, បង្គារ​ក្រៀម​។ វា​អត់​មាន​ស្តង់ដា​អន្តរជាតិ​ទេ​។ អញ្ចឹង​យើង​បង្កើត​វា​ឡើង​ដោយ​ខ្លួនឯង​»​។​


លោក ចាន់ បូរិន អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា

​បើ​គេ​ស្តាប់​ការពន្យល់​របស់​មន្ត្រី​ជំនាញ​រូបនេះ កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្លាំង​លើ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ​។ មាន​ទាំង​បទដ្ឋាន​ចំណីអាហារ​អាស៊ាន​ដែល​ខ្លួន​បានធ្វើ​សុខដុម​រម​នីយកម្ម មកជា​បទដ្ឋាន​ជាតិ​ទៀត ប៉ុន្តែ​កម្ពុជា បាននិងកំពុង​ជួប​ឧបសគ្គ​ក្នុងការ​អនុវត្ត​បទដ្ឋាន​ចំណីអាហារ​អាស៊ាន​ឲ្យ​បាន​ត្រឹមត្រូវ​ទៅវិញ​។ នោះ​គឺ​ការខ្វះខាត​សមត្ថភាព​អនុត្ត​ច្បាប់​របស់​រដ្ឋាភិបាល​ផង​, ការខ្វះខាត​ការយល់ដឹង​ពី​បទដ្ឋាន​ចំណីអាហារ​ក្នុងចំណោម​សហគ្រាស​ផលិត​ផង និង អ្នកប្រើប្រាស់​ផង ដូចជា​កង្វះ​ការវិនិយោគ​រវាង​រដ្ឋ​និង​ឯកជន​ក្នុង​វិស័យ​ចំណីអាហារ​ជាដើម​។​

​លោក ចាន់ បូ​រិ​ន  បាន​ពន្យល់ថា​៖«​បើសិន​ចង់​នាំ​ចេញទៅ​ក្រៅ យើង​ត្រូវ​ដឹង​ច្បាស់​និង​បំពេញ​តាម​បទដ្ឋាន​សុវត្ថិភាព​ចំណីអាហារ​ដែល​បានកំណត់​នេះ​។ ប៉ុន្តែ​នៅ​កម្ពុជា​យើង អ្នក​ផលិត​យើង​តិច ហើយ​គាត់​មិនបាន​យល់ថា​អ្វី​ទៅជា​បទដ្ឋាន (standard), បទ​ប​ញ្ញ​តិ្ត​បច្ចេកទេស (technical regulation) និង​ការវាយតម្លៃ​ជា​អនុលោម​ទេ (conformity) នោះឡើយ​»​។

(​នៅពេលដែល​សមាហរណកម្ម​អាស៊ាន​ចាប់ផ្តើម​ដើមឆ្នាំ ២០១៦ ទំនិញ​នានា​អាច​ចរាចរ​ទៅមក​ដោយ​សេរី​។ ដើម្បី​ឲ្យ​ទំនិញ​ទាំងនោះ​ចរាចរ​បាន អាស៊ាន​លើក​គោលការណ៍​ចំនួន​បី​មក​ពិភាក្សា​ក្នុងនោះ​មានដូចជា បទដ្ឋាន (standard), បទបញ្ញត្តិ​បច្ចេកទេស (technical regulation) និង​ការវាយតម្លៃ​ជា​អនុលោម (Conformity)​។  វា​ក៏​ត្រូវមាន​កិច្ចព្រមព្រៀង​ទទួលស្គាល់​គុណភាព​គ្នា​ទៅវិញទៅមក (MRA) ដែល​វា​ជាការ​ទទួលស្គាល់​បទបញ្ញត្តិ​បច្ចេកទេស និង​បទដ្ឋាន​របស់​ប្រទេសមួយ​ថា​វា​មានតម្លៃ​ស្មើ​បទដ្ឋាន​និង​បទបញ្ញត្តិ​ប្រទេស​មួយទៀត​។​)

​ក​.​អាជ្ញាធរ និង​អ្នក​ផលិត បន្ទោស​គ្នា​ទៅវិញទៅមក​
​អគ្គនាយក​វិទ្យាស្ថាន​ស្តង់ដារ​ជាតិ​បាន​ត្អូញត្អែរ​ប្រាប់ថា អាជ្ញាធរ​លោក​បាន​ពន្យល់​និង​បណ្តុះបណ្តាល​ពី​បទដ្ឋាន​សុវត្ថិភាព​ចំណីអាហារ​ដល់​សហគ្រាស​និង​ក្រុមហ៊ុន​នានា​តាំងពី​ឆ្នាំ ២០០៣ មកម្ល៉េះ​។ តែ​អ្នក​ផលិត​ទាំង​មិន​យកចិត្តទុកដាក់​រៀន​និង​ស្វែងយល់​ពី​បទដ្ឋាន​នេះ​ទេ ហើយ​ថា ពួកគេ​នាំគ្នា​រអ៊ូ​រថា​ទំនិញ​ពួកគេ​នាំចេញ​មិន​រួច​។​


(ច្រកព្រំដែនអន្ត​រជាតិ​ប៉ោយប៉ែត)

​ខណៈ​វិទ្យាស្ថាន​ស្តង់ដារ​បន្ទោស​អ្នក​ផលិត លោក ហៃ លី​អ៊ាង ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Confirel យល់ឃើញថា ការយល់ដឹង​ពី​បទដ្ឋាន​ចំណីអាហារ​របស់​អ្នក​ផលិត​មិនមែនជា​បញ្ហា​ចោទ​ឡើយ តែ​ការ​អនុត្ត​ច្បាប់​និង​ការត្រួតពិនិត្យ​របស់រ​ដ្ឋា​ភិ​បាល​ទើប​ជា​បញ្ហា​។

​ស្ថាបនិក Confirel ដែលជា​ក្រុមហ៊ុន​ផលិត​ផលិតផល​ជាច្រើន​ពី​ផ្លែ​ត្នោត​ដើម្បី​នាំចេញ  បានលើកឡើង​ដូច្នេះ​ថា​៖« ចំណោទ​មិនមែន​នៅលើ​អ្នក​ផលិត​ទេ តែ​វា​ស្ថិត​លើ​ការពង្រឹង​ប្រព័ន្ធ​នៃ​ការត្រួតពិនិត្យ​របស់​ស្ថាប័ន​ជំនាញ​ក្នុងស្រុក​យើង​។ យើង​មានច្បាប់ និង​មធ្យោបាយ​អស់ហើយ​សម្រាប់​ការអនុវត្ត​បទដ្ឋាន​ចំណីអាហារ​នេះ តែ​យើង​គ្មាន​ឆន្ទៈ​។ ដូច​ខ្ញុំ​ជា​អ្នក​ផលិត  ខ្ញុំ​ឃើញថា អាជ្ញាធរ​ជំនាញ​មិន​ត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់​ទេ​»​។

​ខណៈដែល​សកម្មភាព​ត្រួតពិនិត្យ​លើ​ផលិតផល​ចំណីអាហារ​មិនបាន​ដិតដល់  ស្ថាប័ន​ដែលមាន​តួនាទី​ត្រួតពិនិត្យ​បែរជា​មាន​ច្រើន​ទៅវិញ​។ ការណ៍​បានធ្វើ​ឲ្យ​ផលិតករ​ឆ្ងល់​ទៅវិញ​។ លោក លី​អ៊ាង បន្ថែមទៀតថា​៖« ប្រទេស​យើង​មាន​ស្ថាប័ន​ត្រួតពិនិត្យ​ច្រើនពេក​នៅ​ក្រសួង​ផ្សេងគ្នា រហូត​ធ្វើ​ឲ្យ​មានទំនាស់​សមត្ថកិច្ច​។ វា​ត្រូវមាន​ការដោះស្រាយ​បញ្ហា​នេះ​»​។

​ចំណែក​លោក សុខ ណារិន នាយក​ប្រតិបត្តិការ​អង្គការសហប្រជាជាតិ​ដើម្បី​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម (UNIDO) យល់ឃើញ​ដូច​លោក ហៃ លី​អ៊ាង ដែរ​។ លោក​អធិប្បាយ​ថា បញ្ហា​ប្រឈម​គឺ ការខ្វះខាត​ធនធានមនុស្ស​ដែលមាន​ជំនាញ​ដើម្បី​អនុវត្ត​បទបញ្ញត្តិ និង​ត្រួតពិនិត្យ​ចំណីអាហារ​ដែលជា​បន្ទុក​របស់​រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​។ 

«​កម្ពុ​ជាមាន​បទដ្ឋាន​ដូច​អាស៊ាន​តែមួយ​មុខ​មិន​គ្រប់​ឡើយ​។ កម្ពុជា​កំពុង​ខ្វះខាត​ធនធានមនុស្ស​មានចំណេះ​ដឹង​ផ្នែក​ចំណីអាហារ​ដើម្បី​ធ្វើ​ចូលរួម​ក្នុង​ការផលិត​និង​ធ្វើជា​មន្ត្រី​អនុវត្ត​ច្បាប់​នេះ​។ កាលណា​បើ​ការអនុវត្ត​ច្បាប់​មិនបាន​ត្រឹមត្រូវ ហើយ​គ្មាន​ការពិនិត្យ​ដិតដល់​ទេនោះ ការ​អនុវត្តតាម​បទដ្ឋាន​រួម​អាស៊ាន​ក៏​មិនអាច​សម្រេច​បានដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី UNIDO​។​

​លោក សុខ ណារិន ក៏​មើលឃើញ​ផងដែរ​ថា ការខ្វះខាត​គោលនយោបាយ​ជំរុញ​ការនាំចេញ​ក៏ ធ្វើ​ឲ្យ​ការអនុវត្ត​បទដ្ឋាន​ចំណីអាហារ​អាស៊ាន​នេះ​យឺតយ៉ាវ​ដែរ​។ លោក​មានប្រសាសន៍​ដូច្នេះ​ថា​៖ «​ជាធម្មតា បើ​កម្ពុ​ជាមាន​គោលដៅ​ជំរុញ​ការនាំចេញ កម្ពុជា​នឹង​ប្រឹងប្រែង​អនុវត្ត​ឲ្យ​បាន​នូវ​បទដ្ឋាន​ដែល​គ្រប់គ្រង​ផលិតផល​នោះ​។ ឧទាហរណ៍​ដូច​អង្ករ យើង​មាន​គោលនយោបាយ​ជំរុញ​ការនាំចេញ​ត្រឹមត្រូវ​។ ដូច្នេះហើយ វា​ត្រូវបាន​ផលិត​តាម​បទដ្ឋាន និង​អាច​នាំចេញ​ទៅបាន​រហ័ស​ដែរ​»​។​

​ចំណេះដឹង​សុវត្ថិភាព​ចំណីអាហារ​អ្នកប្រើប្រាស់ និង​កង្វះខាត​ការវិនិយោគ​ដែលមាន​ការសហការ​រ​វាង​រដ្ឋ​និង​ឯកជន​ក៏​ជា​បញ្ហា​ប្រឈម​សម្រាប់​ការឈាន​ទៅ​អនុវត្ត​បទដ្ឋាន​ចំណីអាហារ​អាស៊ាន​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ​។ នេះ​បើតាម​ការយល់ឃើញ​រប​ស់លោក សុខ ណារិន ដដែល​។​

​ខ​.​កម្ពុជា​ជម្នះ​បញ្ហា​ប្រឈម​ដើម្បី​ពង្រឹង​ការអនុវត្ត បទដ្ឋាន​ចំណីអាហារ​អាស៊ាន​
 យ៉ាងណាមិញ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រឹងប្រែង​ច្រើន​ដែរ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងការ​អនុវត្ត​បទដ្ឋាន​សុវត្ថិភាព​ចំណីអាហារ​នេះ​នៅ​ទូទាំងប្រទេស​។ 

​ប្រធាន​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា លោក ចាន់ បូ​រិ​ន  បានបញ្ជាក់​យ៉ាងច្បាស់​ថា គោលដៅ​ចម្បង​របស់​ស្ថាប័ន​លោក​នៅពេល​បច្ចុប្បន្ន​គឺ បន្ត​លើកកម្ពស់​ការយល់ដឹង​ពី​បទដ្ឋាន​ចំណីអាហារ​អាស៊ាន​ក្នុងចំណោម​ក្រុមហ៊ុន​និង​សហគ្រាស​ក៏ដូចជា​អ្នកប្រើប្រាស់​ផងដែរ​។ លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​៖«​យើង​នៅតែ​បន្ត​យន្តការ​បង្រៀន​ពួកគាត់​ឲ្យ​បាន​ច្រើន​ពី​បទដ្ឋាន​ចំណីអាហារ និង ធានា​ការត្រួតពិនិត្យ​និង​គ្រប់គ្រង ការផលិត​ចំណីអាហារ​នាំចូល​និង​ផលិត​ក្នុងស្រុក​ដើម្បី​ធានា​សុខុមាលភាព​ប្រជាជន​យើង​»​។​

​បច្ចុប្បន្ន កម្ពុជា​កំពុង​រៀបចំ​ច្បាប់​ស្តីពី​សុវត្ថិភាព​ចំណីអាហារ និង​ច្បាប់​ការពារ​អ្នកប្រើប្រាស់ ដែល​វា​នឹងត្រូវ​អនុម័ត​នៅ​ឆ្នាំ ២០១៧​នេះ​។ បើតាម​ក្រសួងពាណិជ្ជកម្ម   ច្បាប់​ទាំងពីរ​នេះ​មាន​គោលដៅ​គ្រប់គ្រង​លើ​អ្នក​ផលិត​និង​ធ្វើ​អាជីវកម្ម​ទំនិញ​ចំណីអាហារ ហើយ​វា​ក៏​ការពារ​សុវត្ថិភាព​អ្នកប្រើប្រាស់​ពី​ហានិភ័យ ឬ ផលប៉ះពាល់​ដល់​សុខភាព​ដែល​បង្ក​មកពី​ការប្រើប្រាស់​ចំណីអាហារ​ដែរ​។

​ជំហាន​វិជ្ជមាន​មួយទៀត​គឺ​កម្ពុជា​បានសម្រេច​ដាក់ចេញ​រថយន្ត​ពិសោធន៍​ចំណីអាហារ​ដែល​អាច​ចល័ត​បាន​សម្រាប់​សម្រួល​ដល់​ការត្រួតពិនិត្យ​គុណភាព​ផលិត​ចំណីអាហារ​បាន​រហ័ស​និង​មាន​ប្រសិទ្ធភាព​។​

​ម្យ៉ាងវិញទៀត ដើម្បី​សម្រួល​ការនាំចេញ​វិទ្យាស្ថាន​ស្តង់ដារ​ប្រឹងប្រែង​ចរចា​ជាមួយ​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់ និង​បង្កើត​បទដ្ឋាន​បន្ថែម​។ លោក ចាន់ បូ​រិ​ន ប្រាប់ថា​៖ «​ពាក់ព័ន្ធ​ការនាំចេញ យើង​បាន​ព្យាយាម​បង្កើត​បទដ្ឋាន​បន្ថែម​សម្រាប់​ប្រភេទ​ទំនិញ​ណា​ដែល​យើង​មិនទាន់មាន​បទដ្ឋាន​ត្រឹមត្រូវ​។ ហើយ​យើង​ក៏បាន​ចរចា​ជាមួយ​ប្រទេស​អាស៊ាន និង​បង្កើត​អង្គភាព​សម្រាប់​ការវាយតម្លៃ​ជា​អនុលោម​សម្រាប់​វាយតម្លៃ​ផលិត​ដែល​កម្ពុជា​ផលិត​បាន​រួចហើយ​ដែរ​»​។​

​យ៉ាងណាក៏ដោយ ដើម្បី​សម្រេចបាន​ក្នុងការ​អនុវត្ត​បទដ្ឋាន​ចំណីអាហារ​ឲ្យ​បាន​ត្រឹមត្រូវ វា​ត្រូវការ​ពេលវេលា​សមស្រប​មួយ​។ ហើយ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​កម្ពុជា​នោះ វា​ស្ថិត​លើផ្លូវ​វែងឆ្ងាយ​ទៀត​ក្នុង​ការឈាន​ឆ្ពោះទៅ​សម្រេច​ជោគជ័យ​នេះ​។

​កម្ពុជា​គួរ​គាំទ្រ​ផលិតផល​កសិកម្ម​បែប​សរីរាង្គ​ដើម្បី​ជំរុញ​ការនាំចេញ​ក្នុង​អាស៊ាន​
​ការលើកស្ទួយ​ការអនុវត្ត​បទដ្ឋាន​សុវត្ថិភាព​ចំណីអាហារ​អាស៊ាន និង​ការបង្កើន​ការនាំចេញ​ផលិតផល​ចំណីអាហារ ជា​គោលដៅ​ធំ​បំផុត​របស់​កម្ពុជា​។ ប៉ុន្តែ​កម្ពុជា​ក៏​មិនអាច​បង្កើន​សមត្ថភាព​ផលិត​ទំនិញ​ចំណីអាហារ​គ្រប់​ប្រភេទ​ឲ្យ​បាន​ត្រូវ​តាម​បទដ្ឋាន​ទាំងអស់​ដែរ​។ 

​អ្នកជំនាញ​សុវត្ថិភាព​ចំណីអាហារ​អាស៊ាន​លោក Edmund Sim ជឿជាក់ថា កម្ពុជា​គួរ​ប្រឹងប្រែង​ផ្តោត​ការយកចិត្តទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​លើ​វិស័យ​កសិកម្ម​។ លោក​និយាយថា​៖ «​កម្ពុ​ជាមាន​សក្តានុពល​ផ្នែក​កសិកម្ម​ពី​ធម្មជាតិ ហើយ​ងាយ​ផលិត​និង​នាំចេញ​ផលិតផល​កសិកម្ម​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​។ ដូច្នេះ​រដ្ឋាភិបាល​គួរ​គិតគូរ​លើកស្ទួយ​វិស័យនេះ​ឲ្យ​បាន​ត្រឹមត្រូវ​»​។ 

​យោងតាម​របាយការណ៍​ស្ថាប័ន ឧស្សាហកម្ម​ចំណីអាហារ​អាស៊ី (Food Industry Asia) ក្នុង​ឆ្នាំ ២០១០ ការនាំចេញ​ផលិតផល​កសិកម្ម​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ស្ថិតនៅ កម្រិត​ទាប​នៅឡើយ ពោលគឺ​ត្រឹម ១៥​ភាគរយ​នៃ​ផលិតផល​កសិកម្ម​ទាំងអស់​របស់​ប្រទេស​សមាជិក​ដែល​នាំចេញ​ប៉ុណ្ណោះ​។

​ខណៈដែល​មានការ​ជំរុញ​ឲ្យ​កម្ពុជា​ផ្តោតលើ​ការផលិត​ទំនិញ​កសិក​កម្ម មន្ត្រី​ជំនាញ​របស់​អង្គការ​សេ​ដាក (CEDAC) លោក គៀ​ម មករា​ឌី​ ​បានផ្តល់​អនុសាសន៍​ប​ន្ថែ​ម​ថា កម្ពុជា​គួរ​បង្កើន​សមត្ថភាព​ធ្វើ​កសិកម្មសរីរាង្គ​នេះ​ដើម្បី​ទាញយក​ប្រយោជន៍​ពី​ជំនួញ​ទំនិញ​ប្រភេទ​នេះ​។​


លោក គៀម មករាឌី មន្ត្រីជំនាញរបស់​អង្គការសេដាក

 បើតាម​អ្នកជំនាញ​រូបនេះ រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​បទដ្ឋាន​សម្រាប់​ការដាំដុះ​ដំណាំ​កសិកម្ម​ដែល​កម្ពុជា​អនុវត្ត​គឺ «​ការអនុវត្ត​សិ​កម្ម​ល្អ​» (Good Agricultural Practice)​ដែល​វា​បទដ្ឋាន​ពឹងផ្អែក​លើ​វិទ្យាសាស្ត្រ និង​ជា​ផ្នែក​មួយ​នៃ​ក្របខណ្ឌ​យុទ្ធសាស្ត្រ​របស់​អាស៊ាន​ក្នុងការ​អភិវឌ្ឍ​បទដ្ឋាន​ចំណីអាហារ​។ ហើយ​ការផលិត​ទំនិញ​កសិកម្មសរីរាង្គ ក៏មាន​ចែង​ក្នុងការ​អនុវត្ត​កសិកម្ម​ល្អ​ដែរ​។​

​អ្នកជំនាញ​កសិក​កម្ម​សេរី​រា​ង្គ លោក មករា​ឌី មានប្រសាសន៍ថា​៖ «​ការអនុវត្ត​កសិកម្ម​ល្អ (Good Agricultural Practice) ជា​បទដ្ឋាន​មួយ​សម្រាប់​ទំនិញ​សរីរាង្គ​ដែល​កំណត់ដោយ​អាស៊ាន ហើយ​យើង​ក៏​មិនមាន​បទដ្ឋាន​ដាច់ដោយឡែក​ដែរ​។ ពេល​ទំនិញ​កសិកម្ម​ដាំ​ដុះ​និង​ផលិត​តាម​បទដ្ឋាន​នេះ​បានន័យថា​ទំនិញ​យើង​មានការ​ទទួលស្គាល់​ហើយ​»​។​


បន្លែសរីរាង្គ​ដែលមានដាក់​លក់​នៅ​តាម​ហាងក្នុង​រាជ​ធានី​ភ្នំពេញ (រូបភាពផ្តល់សិទ្ធិឲ្យដោយ៖ សួនកសិករខ្មែរ)
​មន្ត្រី​អង្គការ​កសិកម្ម​រូបនេះ​ជឿជាក់ថា ការប្រឹងប្រែង​ផលិត​និង​នាំចេញ​ទំនិញ​កសិកម្មសរីរាង្គ​ជា​រឿង​មួយ​សំខាន់ ហើយ​កម្ពុជា​ក៏​អាច​នាំមុខគេ​ក្នុងការ​ផលិត​ទំនិញ​ប្រភេទ​នេះ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ផងដែរ​។​

«​ខ្ញុំ​មើលឃើញថា​ទំនិញ​កសិកម្មសរីរាង្គ​នេះ​មាន​អាចមាន​សក្តានុពល និង​មាន​ទីផ្សារ​ច្រើន​នៅ​ថ្នាក់​តំបន់ និង​ថ្នាក់​ពិភពលោក​។ នៅ​កម្ពុជា យើង​ឃើញថា ការដាំដុះ​ផលិតផល​កសិកម្មសរីរាង្គ​សម្រាប់​នាំចេញ​ជា​ឱកាស ព្រោះ​យើង​មានបទពិសោធន៍​ហើយ ហើយ​យើង​មាន​សក្តានុពល ដោយសារ​ដី​យើង​សមស្រប​សម្រាប់​ដំណាំ​សរីរាង្គ​។ ដូច្នេះហើយ​យើង​រំពឹងថា​កម្ពុជា​នឹង​ឈានមុខ​គេ​ក្នុង​ការផលិត​ទំនិញ​អាហារ​កសិកម្មសរីរាង្គ​នេះ​»​។​

ប្រជាកសិករ​កម្ពុុជាកំពុង​ចាប់ផ្តើម​ងាកមកផលិត​និងដាំដុះទំនិញសរីរាង្គ (រូបភាពផ្តល់សិទ្ធិឲ្យដោយ៖ សួនកសិករខ្មែរ)

​ក្រៅពី​ឱកាស​ក្នុងការ​នាំចេញ​ទៅក្នុង​តំបន់ លោក សុខ ណារិន ក៏​មើលឃើញ​ការគាំទ្រ​ផ​លិ​ផល​សរីរាង្គ​នឹង​ក្លាយជា​ចលនា​វិជ្ជមាន​មួយ​ដែល​វា​អាច​ជំរុញ​ការអនុវត្ត​បទដ្ឋាន​សុវត្ថិភាព​ចំណីអាហារ តាមរយៈ​ការដាក់​សម្ពាធ​លើ​អ្នក​ផលិត​ទំនិញ​ចំណីអាហារ​នេះ​៕




© រក្សាសិទ្ធិដោយ thmeythmey.com