ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម សម រង្ស៊ី ៖ «​ទោះ​ខ្ញុំ​លះបង់​រាល់​តួនាទី ក៏​ខ្ញុំ​នៅតែ​ជា​និមិត្ត​រូបតំណាង​ទឹកចិត្ត​ពលរដ្ឋ​»
11, Feb 2017 , 10:32 am        
រូបភាព
​ភ្នំពេញ​៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម សម រង្ស៊ី ដែល​កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស​បាន​និយាយថា ទោះបី​លោក​លះបង់​រាល់​តួនាទីនៅក្នុង​គណបក្ស​ក្តី ក៏​ខ្លួន​នៅតែ​ជា​និមិត្ត​រូបតំណាង​ឲ្យ​ទឹកចិត្ត​ពលរដ្ឋ​ទាំងមូល​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ​។ ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី បែបនេះ​ស្រប​ពេលដែល​សេចក្តីស្នើច្បាប់ ដែល​មិន​ផ្តល់ឱកាស​ឲ្យ​ទណ្ឌិត មាន​សិទ្ធិ​ធ្វើជា​ប្រធាន​គណបក្សនយោបាយ ត្រូវបាន​បញ្ជូន​ទៅកាន់​រដ្ឋសភា​។​



​ឯកឧត្តម សម រង្ស៊ី ដែល​កំពុង​ហ៊ុំ​ព័ទ្ធ​ដោយ​ពាក្យបណ្ដឹង​ពី​នាយករដ្ឋមន្ត្រី និង​មន្ត្រី​រដ្ឋាភិបាល​នេះ ចាត់ទុក​ការកែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ខាង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ដាក់​ស្នើ​ទៅ​រដ្ឋសភា​នោះ គឺមាន​បំណង​ចង់យក​បញ្ហា​របស់លោក​ធ្វើ​លេស ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ឯកឧត្តម សម រង្ស៊ី យល់ថា បើសិន​ច្បាប់​នេះ​ពិតជា​ហាមឃាត់​លោក មិនអាច​ឲ្យ​ដឹកនាំ​បក្សប្រឆាំង​មែន​នោះ វា​បង្ហាញថា​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ចង់​រឹតត្បិត​សិទ្ធិសេរីភាព​គណបក្ស​លោក ដែលមាន​លទ្ធភាព​ខ្ពស់​ជាងគេ​ក្នុង​ការប្រកួត​សន្លឹកឆ្នោត​អាណត្តិ​ក្រោយនេះ​។​

​ប្រធាន​គណបក្សប្រឆាំង​ដែល​ត្រូវបាន​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ចូល​ស្រុក​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា​៖«​តែ​ច្បាប់​តុបតែង​ឡើង ដើម្បី​គ្រាន់តែ​ដកហូត​តួនាទី​ពី សម រង្ស៊ី នេះ នឹង​មិនមាន​ឥទ្ធិពល​អ្វី​ទេ ក្នុង​ឆាកនយោបាយ​នៃ​ប្រទេស​កម្ពុជា​។ ទោះជា​ខ្ញុំ​លះបង់​រាល់​តួនាទី​របស់ខ្ញុំ ក្នុង​ជួរ​គណបក្ស​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​ជា​និមិត្តរូប តំណាង​ឲ្យ​ទឹកចិត្ត​ប្រជារាស្ត្រ ដែល​ប្រឆាំង​របប​ផ្តាច់ការ និង​ពុករលួយ​សព្វថ្ងៃ ។ ចំណុច​នេះហើយ ដែលមាន​សារៈសំខាន់ ក្នុងការ​កំណត់​ទិស​នយោបាយ ក្នុង​ចិត្ត​របស់​ប្រជារាស្ត្រ​ខ្មែរ​»​។​

​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី បែបនេះ ក្រោយ​ពេលដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦០​នាក់ បាន​ចុះហត្ថលេខា​លើ​សេចក្តីស្នើច្បាប់​ ​ដែល​មិន​អនុញ្ញាត​ឲ្យ បុគ្គល​ជា​ទណ្ឌិត ធ្វើជា​ប្រធាន​គណបក្សនយោបាយ ហើយក៏​បញ្ជូនទៅ​ឲ្យ​រដ្ឋសភា កាលពី​ថ្ងៃទី​១០ កុម្ភៈ​។ អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សេចក្តីស្នើច្បាប់​នេះ នឹងត្រូវ​ដាក់​ទៅ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក្នុងពេល​ឆាប់ៗ​នេះ ប៉ុន្តែ​លោក​មិនអាច​បញ្ជាក់​ពី​ខ្លឹមសារ​នៃ​ការកែប្រែ​ច្បាប់​នេះ​បានទេ​។ ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សួស យ៉ា​រ៉ា បានត្រឹមតែ​បញ្ជាក់ថា ខ្លឹមសារ​នៃ​ច្បាប់ ដែល​នឹងត្រូវ​កែប្រែ មិនមែន​ដើម្បី​រំលាយ ឬ​ដាក់​សម្ពាធ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ប៉ុន្តែ​វា​ជាការ​កែប្រែ ដោយ​ស្របតាម​តម្រូវ​របស់​ប្រទេសជាតិ​។​

​ការកែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នេះ ក្រោយពី​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ប្រកាស​ចង់​ឲ្យ​ប្រទេស​កម្ពុជា អនុវត្ត​ច្បាប់​ដូច​ប្រទេស​ថៃ​។ ចំពោះ​ខ្លឹមសារ​នៃ​ការកែប្រែ​ច្បាប់ ត្រូវបាន​សម្ដេច ហ៊ុន សែន លើកឡើង​ត្រួសៗ​កន្លងមក ទាក់ទង​នឹង​ការហាម​ជន​ណា​ដែលមាន​ឈ្មោះថា​ជា​ទណ្ឌិត ធ្វើជា​ប្រធាន​គណបក្សនយោបាយ និង​រំលាយ​គណបក្សនយោបាយ​ចោល​តែម្ដង ប្រសិនបើ​គណបក្ស​នោះ​ធ្វើ​ខុសច្បាប់​ធ្ងន់ធ្ងរ​។ ចំណែក​សមាជិក​ក្នុង​គណៈកម្មការ​នាយក​គណបក្ស​ដែល​ប្រព្រឹត្ត​ខុស​នោះ ក៏ត្រូវ​ប្រឈម​នឹង​ការហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ​ដែរ​។​

​គួរ​បញ្ជាក់ថា ឯកឧត្តម សម រង្ស៊ី កំពុង​រង​បណ្តឹង​រហូតដល់​ទៅ​ចំនួន​៨ ។ ក្នុងចំណោម​បណ្ដឹង​ទាំងនោះ​ឯកឧត្តម សម រង្ស៊ី ត្រូវបាន​តុលាការ​កាត់ទោស​ជាប់​ឈ្មោះ​ជា​ទណ្ឌិត ដែល​ផ្តន្ទាទោស​មេបក្ស​ប្រឆាំង​រូបនេះ ជាប់ពន្ធនាគារ​រហូត​ដល់​ទៅ​៥​ឆ្នាំ​ទៀតផង​។ ដូច្នេះ​ប្រសិនជា​រដ្ឋសភា អនុម័ត​សំណើសុំ​ឲ្យ​កែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដូច​អ្វីដែល​សម្តេច ហ៊ុន សែន ស្នើឡើង​នោះ ឯកឧត្តម សម រង្ស៊ី នឹង​មិនអាច​ធ្វើជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទៀត​ទេ​៕


Tag:
 សម រង្ស៊ី​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com