បទយកការណ៍ / បទសម្ភាសន៍
នារី ជ្រើសរើស​បុរស​ជា​ដៃគូ យកចំណេះ​ដឹង និង​ឥរិយាបថ​ល្អជា​គោល​
11, Feb 2017 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ មនុស្ស​ស្រី​បច្ចុប្បន្ន មាន​សិទ្ធិ​ច្រើន​ក្នុងការ​ជ្រើសរើស​គូស្រករ​ដោយ​ខ្លួនឯង​។ ពួកគេ ក៏បាន​កំណត់​លក្ខណៈសម្បត្តិ​របស់​បុរស ដែល​គេ​ត្រូវ​ជ្រើសរើស​ទៀតផង​។ នារី​ខ្លះ​កំណត់​យក​កត្តា ចំណេះដឹង និង​ឥរិយាបថ ជា​លក្ខខណ្ឌ​ដំបូង​ដែល​អាច​ឲ្យ​ពួកគេ​ចាប់ផ្តើម​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក មុន​ឈានដល់​ការរៀប​ការ និង​នារី​ខ្លះ​គិតគូរ​លើ​មុខតំណែង ឬ​ឋានៈ និង​ទ្រព្យសម្បត្តិ​គឺជា​ដើម​។​



​និន្នាការ​ក្នុងការ​រើស​គូស្រករ នៅក្នុង​សង្គម​ខ្មែរ បាន​ផ្លាស់ប្តូ​រហើយ ក្នុងសម័យ​បច្ចេកវិទ្យា​នេះ​។ បច្ចុប្បន្ន នារី មាន​សិទ្ធិ​រើស​បុរស​ដែល​ខ្លួន​ត្រូវ​រៀបការ​ជាមួយ​ដោយ​ខ្លួនឯង ជាងនេះទៅទៀត​នោះ ពួកគេ​ភាគច្រើន បានផ្តល់​តម្លៃ​ទៅលើ​ចំណេះដឹង និង​ឥរិយាបថ អាកប្បកិរិយា​។ ពួកគេ​យល់ថា សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ ការងារ ឬ​មុខរបរ ត្រូវការ​ចំណេះដឹង និង​អត្តចរិត​ជា​គោល ខណៈ លុយកាក់ និង​ទ្រព្យសម្បត្តិ កើតឡើង​តាម​ក្រោយ សំខាន់​មាន​សមត្ថភាព​។

​នារី​មួយចំនួន​បាន​ខ្វល់ខ្វាយ​នឹង​ការជ្រើសរើស​គូស្រករ ដែល​នឹង​មក​រួមរស់​បង្កើតជា​គ្រួសារ​មួយ​ដ៏​មាន​សុភមង្គល​សម្រាប់​ពួកគេ​។ កញ្ញា សឿង លក្ខិណា ដែល​ជិត​ចូល​រោងការ​នៅ​ចុងខែ​មីនា​នេះ បានសម្រេច​ជ្រើស​រើសយក​បុរស​ម្នាក់ ដែល​នាង​គិតថា​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​រស់នៅ​ជាមួយគ្នា​ដល់​ចាស់​។ លក្ខិណា បាន​យល់​យ៉ាងច្បាស់​ថា បុរស​មានចំណេះដឹង និង​ចរិតល្អ គឺ​ស្រួល​និយាយ​គ្នា និង​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក​។ ម្យ៉ាងទៀត​ក្រុមគ្រួសារ នាង​ពេញចិត្ត និង​ឲ្យ​តម្លៃ​លើ អ្នកមានចំណេះដឹង​ដែរ​។ កញ្ញា សឿង លក្ខិណា លើកឡើងថា​៖«​តាំងពីដើម​មក​នាង​ចាប់អារម្មណ៍​តែ​បុរស​មានចំណេះដឹង និង​អត្ត​ចរិតល្អ ប៉ុន្តែ​តួនាទី និង​ទ្រព្យសម្បត្តិ​វិញ នាង​មិនបាន​គិតពី​រឿងនេះ​ទេ​»​។

​ជា​និស្សិត​ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ និង​បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច លក្ខិណា ក៏បាន​និយាយ​ពី​លក្ខណៈ​ល្អ​របស់​បុរស​ម្នាក់នេះ​ផងដែរ​។ បុរស​ជា​គូ​ដណ្ដឹង​របស់​នាង ជា​និស្សិត​ផ្នែក​វិស្វករ​អគ្គិសនី និង​បាន​ចុះ​កម្មសិក្សា​នៅ​ប្រទេស​ជាដើម​។ ក្រៅពី​មានចំណេះដឹង ការងារ​ត្រឹមត្រូវ បុរស​នោះ មាន​ចរិត​រួសរាយ​រាក់ទាក់ ឲ្យ​តម្លៃ​លើ​មនុស្ស​ជុំវិញខ្លួន និង​គោរព​ឪពុកម្ដាយ​ជាដើម​។ យុវតី​វ័យ​២៥​ឆ្នាំ​រូបនេះ បញ្ជាក់ថា​៖ «​គាត់​បាន​តស៊ូ អត់ធ្មត់​រាល់​ឧបសគ្គ​នៃ​ការស្រឡាញ់គ្នា​រយៈពេល​៤​ឆ្នាំ ហើយ​ក្នុង​រយៈពេល​នេះ គាត់​មិន​ធ្លាប់​និយាយ​ពាក្យ​បែក​គ្នា​ដាក់​ខ្ញុំ​នោះទេ​»​។

​និយាយ​ទាំង​ទឹកមុខ​ញញឹម កញ្ញា លក្ខិណា បញ្ជាក់ថា ក្រុមគ្រួសារ​ក៏​គាំទ្រ​នៅ​អ្វីដែល​យើង​ជ្រើសរើស​ដែរ បើ​មនុស្ស​នោះ​ជាម​នុស្ស​ត្រឹមត្រូវ មាន​គោលដៅ​ច្បាស់លាស់​។ ដោយសារតែ​ចំណេះដឹង និង​ឥរិយាបថ​ល្អ ជា​អ្វីដែល​នាង​ចង់បាន ហើយ​នៅពេលនេះ​នាង​ទទួលបាន​បុរស​ម្នាក់​នោះ​។ កញ្ញា លក្ខិណា សង្ឃឹមថា​ក្រោយពី​រៀបការ​រួច​រូបគេ​ទាំងពីរ នឹងមាន​គ្រួសារ​មួយ​ដ៏​រីករាយ និង​មាន​សុភមង្គល​។

​ការជ្រើសរើស​បុរស​ស​ម្រា​ប់​ជីវិត ក៏​មិនមែនជា​រឿង​ងាយស្រួល​ដែរ សម្រាប់ កញ្ញា មុំ សេង​គា ដែលជា​គ្រូបង្រៀន​ម្នាក់ នៅ​វិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ​។ កញ្ញា មុំ សេង​គា និយាយថា ការជ្រើសរើស​បុរស​ស​ម្រា​ប់​ជីវិត​របស់ខ្លួន​ជា​រឿង​សំខាន់ មិនមែន​ចេះតែ​ជ្រើសរើស​ផ្ដេសផ្ដាស​នោះទេ​។

​សម្រាប់​កញ្ញា សេង​គា នាង​បានផ្តល់​តម្លៃ​ឲ្យ​បុរស​ដែលមាន​ចំណេះដឹង រួមផ្សំ​នឹង​អត្តចរិត នាង​ពន្យល់ថា បុរស​មានចំណេះដឹង និង​ឥរិយាបថ​ល្អ អាច​ស្រួល​និយាយ​គ្នា និង​ស្ដាប់​ហេតុផល​គ្នា​ទៅវិញទៅមក ហើយ​ទ្រព្យសម្បត្តិ ជា​អ្វីដែល​អាច​រកបាន​តាម​ក្រោយ​។ ហេតុផល​ដែល សេង​គា មិន​រើសយក​បុរស​ដែលមាន​ចំណេះ​ទាប ព្រោះ​នាង​បារម្ភ ខ្លាច​មិន​ចុះសម្រុង​គ្នា ឬ​អាច​ឈានដល់​ការប្រើ​អំពើហិង្សា ក្រោយ​ចំណង​អា​ពា​ហ៌​ពិ​ពា​ហ៌​។ 

​ប៉ុន្តែ​បើ​មានតែ​ចំណេះដឹង គ្មាន​សុជីវធម៌​វិញ​នោះ ក៏​នារី​សម្បុរ​ស្រអែម​រូបនេះ មិន​ទទួលយក​ជា​គូ​អនាគត​ដែរ​។ កញ្ញា សេង​គា បញ្ជាក់​ដូច្នេះ​៖«​មានចំណេះដឹង​ខ្ពង់ខ្ពស់ តែ​គ្មាន​សីលធម៌ ក៏​ជា​បញ្ហាលំបាក​ដែរ​»​។  សីលធម៌ ឥរិយាបថ អត្តចរិត គឺជា​ផ្នែក​សំខាន់​សម្រាប់​មនុស្ស​ម្នាក់ៗ ការគោរព​ផ្ដល់​តម្លៃ​ដល់​គ្នា​ទៅវិញទៅមក​»​។

​ហាក់​យល់​ប្លែក​ពី​នារី​ទាំង​២ ខាងលើ​បន្តិច កញ្ញា ច្រាយ ផា​រី និស្សិត​ឆ្នាំ​ទី​៤ នៃ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ និង​គណនេយ្យ ក៏​ចង់បាន​បុរស​ដែលមាន​លើ​ចំណេះដឹង​យកមក​ធ្វើជា​គូ​ដែរ ប៉ុន្តែ​មិនអាច​ចេះដឹង​ច្រើន​ខ្ពស់ជាង​ខ្លួន​ពេក​ទេ​។ មិន​ចង់បាន ព្រោះ​ផា​រី ខ្លាច​បុរស​នោះ​យកចំណេះ និង​ឋានៈ​ជា​ប្តី ជា​លេស​មក​ត្រួតត្រា​លើ​ការសម្រេចចិត្ត​របស់​នា​ង​។ និស្សិត​ដែលមាន​ដើមកំណើត​នៅ​ខេត្តកំពង់ចាម​រូបនេះ បន្ថែម​ដូច្នេះ​ថា​៖«​បុរស​មួយចំនួន​នៅពេល​មានចំណេះដឹង​ខ្ពង់ខ្ពស់ ជាង​មនុស្ស​ស្រី ហាក់​មាន​អំនួត និង​មាន​ភាព​ត្រួតត្រា​លើ​មនុស្ស​ស្រី​»​។​

​ក្រៅពីនេះ កញ្ញា ច្រាយ ផា​រី បាន​កំណត់ថា បុរស​ដែល​នាង​ជ្រើសរើស​អន់​បំផុត ក៏ត្រូវ​មានទ្រព្យ​សម្បត្តិ​ប្រហាក់ប្រហែលគ្នា​ដែរ​។ នាង​ពន្យល់​ដូច្នេះ​ថា​៖«​យ៉ាងហោចណាស់ ក៏ត្រូវ​មាន​ធនធាន​ប្រហាក់ប្រហែលគ្នា​ដែរ​។ ធម្មតា​មនុស្ស​ស្រី​ណា​ក៏​ចង់បាន​បុរស​ដែល​ខ្លួន​ស្រឡាញ់​មាន​ឋានៈ ឬ​មុខតំណែង ក្នុងសង្គម ឬ​ស្ថាប័ន​ណាមួយ​សមរម្យ និង​មានទ្រព្យ​សម្បត្តិ​ដែរ ប៉ុន្តែ​បើ​ឋានៈ យើង​មិន​ដល់​គេ ក៏​គេ​មិន​ចាប់អារម្មណ៍​យើង​ដែរ​»​។

​សម្រាប់​អ្នកស្រី រស់ សុភាព ប្រធាន​អង្គការ​យេនឌ័រ និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា បាន​យល់ឃើញថា​ការគិត និង​ការជ្រើសរើស​របស់​នារី គឺជា​រឿង​ត្រឹមត្រូវ ដែល​នារី​បច្ចុប្បន្ន​មួយចំនួន​ជ្រើសរើស​បុរស​ខ្លួន​ស្រឡាញ់​ផ្ដោតលើ​ចំណេះដឹង និង​អាកប្បកិរិយា​។ ប្រធាន​អង្គការ យេនឌ័រ និង​អភិវឌ្ឍ ដើម្បី​កម្ពុជា លើកឡើង​បន្តថា បើ​នារី​ជ្រើសរើស​បុរស​ផ្ដោត​តែ​ចំណេះដឹង​តែមួយ​មុខ វា​មិនទាន់​គ្រប់គ្រាន់​នោះទេ ត្រូវមាន​ចំណេះដឹង រួមទាំង​ឥរិយាបថ និង​សីលធម៌​ល្អ​ផងដែរ​។

​អ្នកស្រី រស់ សុភាព អះអាងថា បុរស​មានចំណេះដឹង​ខ្ពង់ខ្ពស់​មួយចំនួន មានតែ​ចំណេះដឹង តែ​មិនមាន​សីលធម៌ អាកប្បកិរិយា​ថ្លៃថ្នូរ ក៏​អាច​ឈានដល់​ការប្រើប្រាស់​អំពើហិង្សា​ក្នុង​គ្រួសារ និង​ធ្វើ​ឲ្យ​គ្រួសារ​គ្មាន​សុភមង្គល​ផងដែរ​។ អ្នកស្រី រស់ សុភាព និយាយថា​៖ «​មិន​ខ្វះ​ទេ អ្នកមានចំណេះដឹង ឬ​មានទ្រព្យ​សម្បត្តិ ប្រើប្រាស់​អំពើហិង្សា​នោះ​។ ព្រោះ​មានតែ​ចំណេះដឹង និង​ទ្រព្យសម្បត្តិ តែ​គ្មាន​សីលធម៌​»​។ អ្នកស្រី រស់ សុភាព បញ្ជាក់ថា សំខាន់​ដៃគូ​ទាំងពីរ​ត្រូវ​ឲ្យ​តម្លៃ និង​គោរព​គ្នា​ទៅវិញទៅមក នោះ​នឹង​គ្មាន​ការប្រើប្រាស់​អំពើហិង្សា និង​ការឈ្លោះប្រកែក​គ្នា​ឡើយ​។

​អ្នកស្រី រស់ សុភាព ក៏បាន​លើកទឹកចិត្ត​ដល់​នារីៗ ជ្រើសរើស​គូស្រករ​ដោយ​ខ្លួនឯង ហ៊ាន​សម្រេចចិត្ត និង​ទទួលខុសត្រូវ​ចំពោះ​អ្វីដែល​ពួកគេ​បានជ្រើសរើស​៕


Tag:
 នារី​
  ​គូស្រករ​
© រក្សាសិទ្ធិដោយ thmeythmey.com