អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ប្រា​យុទ្ធ ប្រាប់​ប្រជាជន​ថៃ​កុំ​ខ្វល់​តែ​រឿង «​ប្រជាធិបតេយ្យ​និង​សិទ្ធិសេរីភាព​» ពេក​
11, Feb 2017 , 9:39 pm        
រូបភាព
នាយករដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា (រូបថត NPR)
នាយករដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា (រូបថត NPR)
​នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​យោធា​ថៃ ឧ​ត្ត​ម​សេនីយ៍ ប្រយុទ្ធ ចន្ទ​អូ​ចា បាន​អំពាវនាវ​ទៅកាន់​សាធារណជន​ថៃ មិនត្រូវ​ខ្វល់ខ្វាយ​ចិត្ត​ចង់បាន​ប្រជាធិបតេយ្យ សិទ្ធិ​និង​សេរីភាព ពេក​ឡើយ​។ អតីត​ប្រមុខ​យោធា​ដែល​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋា​ភិ​បាល​ស៊ីវិល​ក្នុង​ឆ្នាំ​២០១៤ បាន​លើក​ហេតុផល​ថា ការ​ខ្វល់ខ្វាយ​គិតគូរ​ខ្លាំង​លើ​រឿងនេះ នឹង​នាំ​ឲ្យ​ប្រទេស​ធ្លាក់​ទៅក្នុង​ស្ថានភាព​អាណាធិបតេយ្យ​មិន​ខាន ហើយ​ប្រជាជន​ថៃ​គួរ​គិត​កត្តា​ផ្សេង​ផង ដើម្បី​ស្វែង​រករឿង​ដែល​កើតឡើង​។​



​មេដឹកនាំ​យោធា​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​១០ ខែកុម្ភៈ បាន​ចេញមក​ទទូច​ឲ្យ​ប្រជាជន​ថៃ កុំ​ចំណាយពេល​គិត​មមៃ​តែ​លើ​គោលការណ៍​ប្រជាធិបតេយ្យ​ពេក តែ​ត្រូវ​ចេះ​ពិចារណា​លើ​គោលការណ៍​ផ្សេងទៀត ជាពិសេស​ច្បាប់​ប្រទេស​ដែលមាន​ជា​ធរមាន ដើម្បី​រកហេតុ​ផល​។ លោក ប្រា​យុទ្ធ និយាយថា រដ្ឋាភិបាល​របស់លោក ក៏​នឹងមិន​ទោរទន់​ទៅតាម​អារម្មណ៍​ចង់​របស់​ប្រជាជន​ដែរ ព្រោះ​បញ្ហា​កើតចេញពី​ប្រភព​ច្រើន​។​

«​ប្រសិនបើ​ប្រជាជន​នៅតែ​យក​ប្រជាធិបតេយ្យ​, សិទ្ធិ និង​សេរីភាព ដើម្បី​ដោះស្រាយ​បញ្ហា​នោះ ប្រទេសជាតិ​នឹង​ធ្លាក់​ក្នុង​ចលាចល​មិន​ខាន​។​» នេះ​ជាការ​ទទូច​ស្នើ​របស់លោក ប្រា​យុទ្ធ ដែល​ដឹកនាំ​រដ្ឋប្រហារ​មិន​បង្ហូរឈាម​ផ្ដួលរំលំ​រដ្ឋាភិបាល​ស៊ីវិល​របស់​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា កាលពី​ជាង​២​ឆ្នាំមុន ដែល​ផ្សាយ​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍​។ លោក ក៏​បញ្ជាក់ដែរថា រដ្ឋាភិបាល នឹង​រក​ផ្លូវ​ដើម្បី​សម្រេច​ឲ្យ​បានការ​រួបរួម និង​ការកែទម្រង់​ជាតិ​។​

​នាយករដ្ឋមន្ត្រី​រូបនេះ ថែមទាំង​លើកឡើងថា បញ្ហា​កើតចេញពី​ប្រភព​ជាច្រើន​ដូចជា​ការបែងចែក​ក្នុងសង្គម និង​វិស័យសេដ្ឋកិច្ច ក៏ដូចជា​ប្រព័ន្ធ​អប់រំ ដែល​មិនអាច​បណ្ដុះ​គំនិត​ពិចារណា​ត្រឹម​ត្រូវបាន​។ ជាមួយគ្នា​នោះ លោក ប្រា​យុទ្ធ ក៏បាន​បង្ហាញ​ការទុកចិត្ត​លើ​ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon ដែល​កំពុង​ដឹកនាំ​ការងារ​ផ្សះផ្សា​ជាតិ​ផងដែរ ហើយ​លោក​ជឿជាក់ថា ការងារ​ដ៏​សំខាន់​នេះ នឹង​ទទួលបាន​ជោគជ័យ​។​

​ការ​ថ្លែង​របស់​មេដឹកនាំ​រដ្ឋប្រហា​រ​រូបនេះ ធ្វើឡើង​ខណៈដែល​ស្ថានការណ៍​នៅ​នយោបាយ​ក្នុងស្រុក​នៅតែ​មិនទាន់​ច្បាស់លាស់ ហើយ​ការបោះឆ្នោត​ដែល​លោក​សន្យាថា​នឹង​រៀបចំ​ឲ្យ​ខាន​តែ​បាន ក៏​ចេះតែ​ពន្យារពេល​ម្ដង​ហើយ​ម្ដងទៀត​។ កាលបរិច្ឆេទ​បោះឆ្នោត​ចុងក្រោយ​ឆ្នាំ​២០១៧ ក៏​នឹងត្រូវ​ពន្យារពេល​ម្ដងទៀត ព្រោះ​ច្បាប់​សំខាន់​ជាច្រើន​ជាការ​ចាំបាច់​សម្រាប់​ការបោះឆ្នោត​ដូចជា​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​ជាដើម មិនត្រូវ​បាន​សរសរ​រួចរាល់​ហើយ​។​

​លើសពីនេះ សេចក្ដី​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​ត្រូវ​បានអនុម័ត​ក្នុង​ប្រជាមតិ​ឆ្នាំ​២០១៦ ក៏​មិនទាន់​ប្រើប្រាស់​បានដែរ ព្រោះ​ទើបតែ​ត្រូវបាន​កែប្រែ​លើ​មាត្រា​ស្ដីពី​មហាក្សត្រ ដែល​មហាក្សត្រ Maha Vajiralongkorn ជា​អ្នកស្នើ​ដោយផ្ទាល់​។ សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​នេះ ត្រូវការ​ការយល់ព្រម​ពី​មហាក្សត្រ​សិន មុននឹង​ដាក់​ឲ្យ​ប្រើ​។ ទន្ទឹមគ្នានេះ ប្រជាជន​ថៃ​ដែល​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​យោធា​ជាច្រើន​មកហើយ នៅតែ​ទន្ទឹង​ចង់ឃើញ​ពន្លឺ​ប្រជាធិបតេយ្យ​ដដែល​៕  


Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  ប្រជាធិបតេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com