ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកវិភាគ​ថា ការលាលែង​ពី​ប្រធាន​បក្ស​របស់​ឯកឧត្តម សម រង្ស៊ី គឺ​បង្ហាញ​ពី​គំរូ និង​ភាព​ឆ្លាត​វៃ​មេដឹកនាំ​
11, Feb 2017 , 8:20 pm        
រូបភាព
​ភ្នំពេញ​៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម សម រង្ស៊ី បានប្រកាស​លាលែង​ពី​តួនាទីប្រធាន​ និងសមាជិកភាពនៃគណបក្សនៅ​ថ្ងៃទី​១១ កុម្ភៈ​នេះ​។  អ្នកវិភាគ​ថា ការសម្រេចចិត្ត​របស់​ឯកឧត្តម សម រង្ស៊ី នេះ គឺ​បង្ហាញ​ពី​ភាព​ឆ្លាត​វៃ និង​គំរូ​ភាព​របស់​មេដឹកនាំ ដែល​សុខចិត្ត​លះបង់​តំណែង ទប់ទល់​នឹង​ស្ថានការណ៍​នយោបាយ ដើម្បី​ការពារ​គណបក្ស​ខ្លួន ។​



​អ្នកវិភាគ​នយោបាយ​លោក គឹម សុខ មើលឃើញថា មូល​ហេតុដែល​ឯកឧត្តម សម រង្ស៊ី សុខចិត្ត​លាលែង​តំណែង​ប្រធាន​គណបក្ស គឺ​ដោយសារ​រង​សម្ពាធ​ខ្លាំង​ពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​កំពុង​ស្ថិតនៅក្នុង​ដៃ​រដ្ឋសភា ស្នើ​ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​។ លោក គឹម សុខ ចាត់ទុក​កា​រស​ម្រ​ច​ចិត្ត​របស់​ឯកឧត្តម សម រង្ស៊ី បែបនេះ​គឺជា​រឿង​ត្រឹមត្រូវ ដែល​គាត់​ហ៊ាន​លះបង់​តំណែង​ខ្លួន​ដើម្បី​ការពារ​គណបក្ស។ ហើយ​វា​ក៏​ជាការ​ចំអក​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​អាចមាន​គោលបំណង​ចង​បំបែកបំបាក់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ផងដែរ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកវិភាគ​នយោបាយ​រូបនេះ បាន​អត្ថាធិប្បាយ​ដូច្នេះ​ថា​៖«​តាមពិត​គាត់​(​សម រង្ស៊ី​) ឆ្លាត​ទៅវិញ​ទេ ដែល​គាត់​សុខចិត្ត​លាលែង​ចេញពី​ប្រធាន​បក្ស មុន​ច្បាប់​ហាម​មិន​ឲ្យ​ទណ្ឌិត​ធ្វើ​ប្រធាន​បក្ស​កើតចេញ​នោះ ព្រោះ​បើ​ច្បាប់​នោះ​ចេញ​គាត់​អាច​ត្រូវគេ​បណ្ដេញចេញ ហើយ​អាចមាន​ហា​នី​ភ័យ​ខ្លាំង​ដល់​គណបក្ស​សង្គ្រោះ​ជាតិ …​។ ដូច្នេះ​គាត់​សម្រេចចិត្ត​បែបនេះ ដើម្បី​ការពារ​គណបក្ស​គាត់ កុំ​ឲ្យ​មាន​ប្រវត្តិ​បែកបាក់​គ្នា​ដូច​គណបក្ស​លោកតា សឺ​ន សាន និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​»​។​

​លោក សូ ចន្ថា ក៏​មើលឃើញ​ដូច​លោក គឹម សុខ ដែរ​។ អ្នកវិភាគ​នយោបាយ​រូបនេះ យល់ថា ឯកឧត្តម សម រង្ស៊ី កំពុង​ប្រើ​យុទ្ធសាស្ត្រ​រុញ​ទូក​បណ្ដោយ​ទឹក ដើម្បី​ទប់ទល់​ស្ថានការណ៍​នយោបាយ បើកផ្លូវ​ឲ្យ​គណបក្ស​ខ្លួន​បន្តដំណើរ​ទៅមុខ​។ ហើយ​វា​ក៏​ជា​យុទ្ធសាស្ត្រ​ផ្ដល់​ផលចំណេញ​នយោបាយ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។ លោក សូ ចន្ថា បាន​បន្ថែមថា​៖«​ខ្ញុំ​គិតថា​គាត់​យុទ្ធសាស្ត្រ​រុញ​ទូក​បណ្ដោយ​ទឹក​នេះ គឺ​គាត់​ចង់​ទប់ស្កាត់​ការកែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ព្រោះ​គាត់​ធ្វើបែបនេះ​ដើម្បី​ការពារ​គណបក្ស​កុំ​ឲ្យ​ត្រូវបាន​គេ​រំលាយ​ដោយសារ​ច្បាប់​នោះ​។ ហើយ​ខ្ញុំ​យល់ថា ការលាលែង​ពី​តំណែង​នេះ ក៏​ជា​គំរូ​ភាព​ដល់​មេដឹកនាំ និង​អ្នកនយោបាយ​ដទៃទៀត​ដែរ »​។​

​បើទោះជា​ឯកឧត្តម សម រង្ស៊ី លាលែង​តួនាទី​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្តី ក៏​វា​មិន​ប៉ះពាល់​ដល់​គណបក្ស​ដែរ​។ បើតាម​លោក សូ ចន្ថា គណបក្សប្រឆាំង​ត្រូវ​ទុក​តួនាទី​ប្រធាន​គណបក្ស​នេះ ឲ្យ​ទំនេ​ចោល​មួយរយៈ​សិន​ទៅ ហើយ​ត្រូវ​សិក្សា​ពីគ្នា​នៅក្នុង​បក្ស​ឲ្យ​ច្បាស់​ថា តើ​គួរ​ត្រូវ​ជ្រើសរើស​អ្នកណា​ជំនួស​តួនាទី​ប្រធាន​គណបក្ស​នេះ​។​

​លោកស្រី មួរ សុខ​ហួរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា គណៈអចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ជួបប្រជុំគ្នា​នៅ​រសៀល​ថ្ងៃអាទិត្យ​ស្អែក​។ លោកស្រី​មិនទាន់​អាច​បញ្ជាក់ថា តើ​កិច្ចប្រជុំ​នោះ នឹងត្រូវ​និយាយ​ពី​បញ្ហា​អ្វី​នៅឡើយ​ទេ​។ តែ​អ្វីដែល​គេ​អាច​ដឹងបាន គឺថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ទាក់ទង​ទៅនឹង​ករណី​នៃ​ការលាលែង​របស់​ឯកឧត្តម សម រង្ស៊ី ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​

​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ឯកឧត្តម សម រង្ស៊ី បានប្រកាស​លាលែង​ពី​ប្រធាន​ និងសមាជិកភាពពីគណបក្ស ​នៅ​ថ្ងៃទី​១១ កុម្ភៈ​នេះ  ស្របពេល​ដែល​ដែល​សេចក្តីស្នើច្បាប់ ដែល​មិន​ផ្តល់ឱកាស​ឲ្យ​ទណ្ឌិត មាន​សិទ្ធិ​ធ្វើជា​ប្រធាន​គណបក្សនយោបាយ ត្រូវបាន​បញ្ជូន​ទៅកាន់​រដ្ឋសភា​៕ 


Tag:
 សម រង្ស៊ីុំុំ
 អ្នកវិភាគ
 លាលែង​ពី​ប្រធាន​បក្ស
© រក្សាសិទ្ធិដោយ thmeythmey.com