ជាតិ
នយោបាយជាតិ
អ្នកវិភាគថា ការលាលែងពីប្រធានបក្សរបស់ឯកឧត្តម សម រង្ស៊ី គឺបង្ហាញពីគំរូ និងភាពឆ្លាតវៃមេដឹកនាំ
× ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិឯកឧត្តម សម រង្ស៊ី បានប្រកាសលាលែងពីតួនាទីប្រធាន និងសមាជិកភាពនៃគណបក្សនៅថ្ងៃទី១១ កុម្ភៈនេះ។ អ្នកវិភាគថា ការសម្រេចចិត្តរបស់ឯកឧត្តម សម រង្ស៊ី នេះ គឺបង្ហាញពីភាពឆ្លាតវៃ និងគំរូភាពរបស់មេដឹកនាំ ដែលសុខចិត្តលះបង់តំណែង ទប់ទល់នឹងស្ថានការណ៍នយោបាយ ដើម្បីការពារគណបក្សខ្លួន ។
អ្នកវិភាគនយោបាយលោក គឹម សុខ មើលឃើញថា មូលហេតុដែលឯកឧត្តម សម រង្ស៊ី សុខចិត្តលាលែងតំណែងប្រធានគណបក្ស គឺដោយសាររងសម្ពាធខ្លាំងពីការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលកំពុងស្ថិតនៅក្នុងដៃរដ្ឋសភា ស្នើដោយតំណាងរាស្ត្រគណបក្សប្រជាជន។ លោក គឹម សុខ ចាត់ទុកការសម្រចចិត្តរបស់ឯកឧត្តម សម រង្ស៊ី បែបនេះគឺជារឿងត្រឹមត្រូវ ដែលគាត់ហ៊ានលះបង់តំណែងខ្លួនដើម្បីការពារគណបក្ស។ ហើយវាក៏ជាការចំអកទៅគណបក្សប្រជាជនកម្ពុជា ដែលអាចមានគោលបំណងចងបំបែកបំបាក់គណបក្សសង្គ្រោះជាតិផងដែរ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកវិភាគនយោបាយរូបនេះ បានអត្ថាធិប្បាយដូច្នេះថា៖«តាមពិតគាត់(សម រង្ស៊ី) ឆ្លាតទៅវិញទេ ដែលគាត់សុខចិត្តលាលែងចេញពីប្រធានបក្ស មុនច្បាប់ហាមមិនឲ្យទណ្ឌិតធ្វើប្រធានបក្សកើតចេញនោះ ព្រោះបើច្បាប់នោះចេញគាត់អាចត្រូវគេបណ្ដេញចេញ ហើយអាចមានហានីភ័យខ្លាំងដល់គណបក្សសង្គ្រោះជាតិ …។ ដូច្នេះគាត់សម្រេចចិត្តបែបនេះ ដើម្បីការពារគណបក្សគាត់ កុំឲ្យមានប្រវត្តិបែកបាក់គ្នាដូចគណបក្សលោកតា សឺន សាន និងគណបក្សហ្វ៊ុនស៊ិនប៉ិច»។
លោក សូ ចន្ថា ក៏មើលឃើញដូចលោក គឹម សុខ ដែរ។ អ្នកវិភាគនយោបាយរូបនេះ យល់ថា ឯកឧត្តម សម រង្ស៊ី កំពុងប្រើយុទ្ធសាស្ត្ររុញទូកបណ្ដោយទឹក ដើម្បីទប់ទល់ស្ថានការណ៍នយោបាយ បើកផ្លូវឲ្យគណបក្សខ្លួនបន្តដំណើរទៅមុខ។ ហើយវាក៏ជាយុទ្ធសាស្ត្រផ្ដល់ផលចំណេញនយោបាយដល់គណបក្សសង្គ្រោះជាតិផងដែរ។ លោក សូ ចន្ថា បានបន្ថែមថា៖«ខ្ញុំគិតថាគាត់យុទ្ធសាស្ត្ររុញទូកបណ្ដោយទឹកនេះ គឺគាត់ចង់ទប់ស្កាត់ការកែប្រែច្បាប់ស្តីពីគណបក្សនយោបាយ ព្រោះគាត់ធ្វើបែបនេះដើម្បីការពារគណបក្សកុំឲ្យត្រូវបានគេរំលាយដោយសារច្បាប់នោះ។ ហើយខ្ញុំយល់ថា ការលាលែងពីតំណែងនេះ ក៏ជាគំរូភាពដល់មេដឹកនាំ និងអ្នកនយោបាយដទៃទៀតដែរ »។
បើទោះជាឯកឧត្តម សម រង្ស៊ី លាលែងតួនាទីពីប្រធានគណបក្សសង្គ្រោះជាតិក្តី ក៏វាមិនប៉ះពាល់ដល់គណបក្សដែរ។ បើតាមលោក សូ ចន្ថា គណបក្សប្រឆាំងត្រូវទុកតួនាទីប្រធានគណបក្សនេះ ឲ្យទំនេចោលមួយរយៈសិនទៅ ហើយត្រូវសិក្សាពីគ្នានៅក្នុងបក្សឲ្យច្បាស់ថា តើគួរត្រូវជ្រើសរើសអ្នកណាជំនួសតួនាទីប្រធានគណបក្សនេះ។
លោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា គណៈអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិគ្រោងនឹងជួបប្រជុំគ្នានៅរសៀលថ្ងៃអាទិត្យស្អែក។ លោកស្រីមិនទាន់អាចបញ្ជាក់ថា តើកិច្ចប្រជុំនោះ នឹងត្រូវនិយាយពីបញ្ហាអ្វីនៅឡើយទេ។ តែអ្វីដែលគេអាចដឹងបាន គឺថា កិច្ចប្រជុំនេះធ្វើឡើងទាក់ទងទៅនឹងករណីនៃការលាលែងរបស់ឯកឧត្តម សម រង្ស៊ី ពីប្រធានគណបក្សសង្គ្រោះជាតិ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី បានប្រកាសលាលែងពីប្រធាន និងសមាជិកភាពពីគណបក្ស នៅថ្ងៃទី១១ កុម្ភៈនេះ ស្របពេលដែលដែលសេចក្តីស្នើច្បាប់ ដែលមិនផ្តល់ឱកាសឲ្យទណ្ឌិត មានសិទ្ធិធ្វើជាប្រធានគណបក្សនយោបាយ ត្រូវបានបញ្ជូនទៅកាន់រដ្ឋសភា៕
Tag:
សម រង្ស៊ីុំុំ
អ្នកវិភាគ
លាលែងពីប្រធានបក្ស
© រក្សាសិទ្ធិដោយ thmeythmey.com