ជាតិ
នយោបាយជាតិ
ទោះឯកឧត្តម សម រង្ស៊ី មិនលាលែងពីប្រធានបក្សនៅពេលនេះ ក៏គង់តែបាត់បង់ដែរ
× ភ្នំពេញ៖ ឯកឧត្តម សម រង្ស៊ី បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិហើយ កាលពីប៉ុន្មានម៉ោងមុននេះ។ ឯកឧត្តម សម រង្ស៊ី មិនមែនត្រឹមតែលាលែងពីតំណែងជាប្រធាននោះទេ ប៉ុន្តែថែមទាំងលាលែងពីសមាជិកភាពនៃគណបក្សសង្គ្រោះជាតិ តែម្តង។ ការប្រកាសរបស់ឯកឧ្តម សម រង្ស៊ី គឺធ្វើឡើងតាមរយៈលិខិតមួយ ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន។ នៅក្នុងលិខិតខាងលើ ឯកឧត្តម សម រង្ស៊ី បានបញ្ជាក់យ៉ាងខ្លីថា ការចាកចេញពីគណបក្សសង្គ្រោះជាតិ គឺដោយសារតែមូលហេតុផ្ទាល់ខ្លួន។
តាមពិតទៅ បើទោះបីជាឯកឧត្តម សម រង្ស៊ី មិនប្រកាសលាលែងពីប្រធានគណបក្សសង្គ្រោះជាតិ នៅពេលនេះក៏ដោយ ក៏ឯកឧត្តម សម រង្ស៊ី គង់តែនឹងបាត់បង់ឈ្មោះជាប្រធានគណបក្សសង្គ្រោះជាតិ ដដែលទេ។ មូលហេតុនោះ គឺថា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានស្នើធ្វើវិសោធកម្មលើច្បាប់ស្តីពីគណបក្សនយោបាយ ដោយកំណត់ថា បុគ្គលណាដែលមានទោសទណ្ឌ នឹងមិនអាចធ្វើជាប្រធានគណបក្ស នោះទេ។ ឥឡូវ ខ្លឹមសារនៃច្បាប់នេះ ត្រូវបានបញ្ជូនទៅរដ្ឋសភាហើយ។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំ លើសេចក្តីស្នើច្បាប់នេះ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
ជានីតិវិធី គណៈកម្មាធិការអចិន្ត្រៃយ៍នឹងប្រគល់ខ្លឹមសារនៃច្បាប់នេះ ទៅឲ្យគណៈកម្មការជំនាញទី៦ ដែលទទួលបន្ទុកផ្នែកនីតិកម្ម និងយុត្តិធម៌ ដើម្បីសិក្សាលម្អិត។ នៅពេលសិក្សារួច គណៈកម្មការជំនាញទី៦ នឹងបញ្ជូនទៅឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍វិញ។ គណៈកម្មាធិការចិន្ត្រៃយ៍ នឹងបើកកិច្ចប្រជុំជាលើកទីពីរ ហើយបន្ទាប់មកត្រូវដាក់សេចក្តីស្នើច្បាប់នេះ ចូលជារបៀបវារៈនៃកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានឲ្យដឹងថា កិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នឹងត្រូវរៀបចំឡើងនៅចុងខែកុម្ភៈនេះ ដើម្បីពិនិត្យនិងអនុម័តសេចក្តីស្នើច្បាប់ខាងលើ។
ដូច្នេះ វាបញ្ជាក់ថា ឲ្យតែរដ្ឋសភា បើកកិច្ចប្រជុំពេញអង្គ ហើយអនុម័តខ្លឹមសារថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ពេលនោះ ចង់ឬមិនចង់ ឯកឧត្តម សម រង្ស៊ី ត្រូវតែបាត់ឈ្មោះថា ជាប្រធានគណបក្សសង្គ្រោះជាតិ ដោយស្វ័យប្រវត្តិ ពីព្រោះឯកឧត្តម សម រង្ស៊ី រងបណ្តឹងរហូតដល់ទៅចំនួន៨ ឯណោះ។ បើតាមសាលក្រមរបស់តុលាការ ឯកឧត្តម បានក្លាយជាទណ្ឌិតបាត់ទៅហើយ និងអាចឲ្យអតីតមេបក្សប្រឆាំងរូបនេះ ជាប់ពន្ធនាគាររហូតដល់ទៅ៥ឆ្នាំទៀតផង។
ការខ្នះខ្នែងធ្វើវិសោធកម្មនេះ គឺក្រោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្នើឡើងចំនួនពីរដង។ លើកទីមួយ នាយករដ្ឋមន្ត្រី ហ៊ុ ន សែន បានលើកសំណើនៅក្នុងកិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ឲ្យកែប្រែច្បាប់ ដោយមិនអនុញ្ញាតិឲ្យជនណា ដែលមានឈ្មោះថាជាទណ្ឌិត ធ្វើជាប្រធាន ឬអនុប្រធានគណបក្សនយោបាយនោះទេ។ ក្រោយមក ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឡើងជាលើកទីពីរ ដោយចង់ឲ្យកម្ពុជា អនុវត្តច្បាប់ដូចប្រទេសថៃ ដែលរំលាយគណបក្សនយោបាយចោល ប្រសិនបើប្រធាននៃគណបក្សនោះ ធ្វើខុសច្បាប់ធ្ងន់ធ្ងរ៕
Tag:
សម រង្ស៊ី
ហ៊ុន សែន
ច្បាប់នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com