ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទោះ​ឯកឧត្តម សម រង្ស៊ី មិន​លាលែង​ពី​ប្រធាន​បក្ស​នៅពេលនេះ ក៏​គង់តែ​បាត់បង់​ដែរ​
11, Feb 2017 , 8:50 pm        
រូបភាព
​ភ្នំពេញ​៖ ឯកឧត្តម សម រង្ស៊ី បានប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិហើយ កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ​។ ឯកឧត្តម សម រង្ស៊ី មិនមែន​ត្រឹមតែ​លាលែង​ពី​តំណែង​ជា​ប្រធាន​នោះទេ ប៉ុន្តែ​ថែមទាំង​លាលែង​ពី​សមាជិកភាព​នៃ​គណបក្ស​សង្គ្រោះ​ជាតិ តែម្តង​។ ការប្រកាស​របស់​ឯក​ឧ្ត​ម សម រង្ស៊ី គឺធ្វើឡើង​តាមរយៈ​លិខិត​មួយ ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន។ នៅក្នុង​លិខិត​ខាងលើ ឯកឧត្តម សម រង្ស៊ី បានបញ្ជាក់​យ៉ាងខ្លី​ថា ការចាកចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដោយសារតែ​មូលហេតុ​ផ្ទាល់ខ្លួន​។



​តាមពិតទៅ បើទោះបីជា​ឯកឧត្តម សម រង្ស៊ី មិន​ប្រកាស​លាលែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅពេលនេះ​ក៏ដោយ ក៏​ឯកឧត្តម សម រង្ស៊ី គង់តែ​នឹង​បាត់បង់​ឈ្មោះ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដដែល​ទេ​។ មូលហេតុ​នោះ គឺថា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បានស្នើ​ធ្វើ​វិ​សោធ​កម្ម​លើ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​កំណត់ថា បុគ្គល​ណា​ដែលមាន​ទោសទណ្ឌ នឹង​មិនអាច​ធ្វើជា​ប្រធាន​គណបក្ស នោះទេ​។ ឥឡូវ ខ្លឹមសារ​នៃ​ច្បាប់​នេះ ត្រូវបាន​បញ្ជូនទៅ​រដ្ឋ​សភា​ហើយ​។ បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋសភា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ លើ​សេចក្តីស្នើច្បាប់​នេះ នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧​។

​ជា​នីតិវិធី គណៈកម្មាធិការ​អចិន្ត្រៃយ៍​នឹង​ប្រគល់​ខ្លឹមសារ​នៃ​ច្បាប់​នេះ ទៅ​ឲ្យ​គណៈកម្មការ​ជំនាញ​ទី​៦ ដែល​ទទួលបន្ទុក​ផ្នែក​នីតិកម្ម និង​យុត្តិធម៌ ដើម្បី​សិក្សា​លម្អិត​។ នៅពេល​សិក្សា​រួច  គណៈ​កម្មការ​ជំនាញ​ទី​៦ នឹង​បញ្ជូនទៅ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​វិញ​។ គណៈកម្មាធិការ​ចិ​ន្ត្រៃ​យ៍ នឹង​បើក​កិច្ចប្រជុំ​ជា​លើក​ទី​ពីរ ហើយ​បន្ទាប់មក​ត្រូវដាក់​សេចក្តីស្នើច្បាប់​នេះ ចូល​ជា​របៀបវារៈ​នៃ​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា​។

​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ឲ្យ​ដឹងថា កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា នឹងត្រូវ​រៀបចំឡើង​នៅ​ចុងខែ​កុម្ភៈ​នេះ ដើម្បី​ពិនិត្យ​និង​អនុម័ត​សេចក្តីស្នើច្បាប់​ខាងលើ​។

​ដូច្នេះ វា​បញ្ជាក់ថា ឲ្យ​តែ​រដ្ឋសភា បើក​កិច្ចប្រជុំពេញអង្គ ហើយ​អនុម័ត​ខ្លឹមសារ​ថ្មី នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ពេលនោះ ចង់​ឬ​មិន​ចង់ ឯកឧត្តម សម រង្ស៊ី ត្រូវតែ​បាត់​ឈ្មោះថា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ស្វ័យប្រវត្តិ ពីព្រោះ​ឯកឧត្តម សម រង្ស៊ី រង​បណ្តឹង​រហូតដល់​ទៅ​ចំនួន​៨ ឯណោះ​។ បើតាម​សាលក្រម​របស់​តុលាការ ឯកឧត្តម បាន​ក្លាយជា​ទណ្ឌិត​បាត់​ទៅហើយ និង​អាច​ឲ្យ​អតីត​មេបក្ស​ប្រឆាំង​រូបនេះ ជាប់ពន្ធនាគារ​រហូត​ដល់​ទៅ​៥​ឆ្នាំ​ទៀតផង​។

​ការ​ខ្នះខ្នែង​ធ្វើ​វិ​សោធ​កម្មនេះ គឺ​ក្រោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្នើឡើង​ចំនួន​ពីរដង​។ លើកទីមួយ នាយករដ្ឋមន្ត្រី ហ៊ុ ន សែន បាន​លើកសំណើ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧ ឲ្យ​កែប្រែ​ច្បាប់ ដោយ​មិន​អនុញ្ញាតិ​ឲ្យ​ជន​ណា ដែលមាន​ឈ្មោះថា​ជា​ទណ្ឌិត ធ្វើជា​ប្រធាន ឬ​អនុប្រធាន​គណបក្សនយោបាយ​នោះទេ​។ ក្រោយមក ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឡើងជា​លើក​ទី​ពីរ ដោយ​ចង់​ឲ្យ​កម្ពុជា អនុវត្ត​ច្បាប់​ដូច​ប្រទេស​ថៃ ដែល​រំលាយ​គណបក្សនយោបាយ​ចោល ប្រសិនបើ​ប្រធាន​នៃ​គណបក្ស​នោះ ធ្វើ​ខុសច្បាប់​ធ្ងន់ធ្ងរ​៕





Tag:
 សម រង្ស៊ី​
  ហ៊ុន សែន​
  ច្បាប់​នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com