ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ ថា លិខិត​ដែល​ឯកឧត្តម សម រង្ស៊ី ស្នើ​តែងតាំង​ប្រពន្ធ​ខ្លួន​ធ្វើជា​ប្រធាន​បក្ស ជា​លិខិត​ក្លែងក្លាយ​
12, Feb 2017 , 9:04 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រោយពី​ឯកឧត្តម សម រង្ស៊ី បានប្រកាស​លាលែង​ចេញ​ពី​តំណែង​ប្រធាន និង​សមាជិកភាព​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ។ ស្រាប់តែមាន​លិខិត​ថ្មី​មួយទៀត​លេចឡើង​ផ្សព្វផ្សាយ​ថា ឯកឧត្តម សម រង្ស៊ី បានស្នើ​ឲ្យ​ឯកឧត្តម កឹម សុខា កោះប្រជុំ​មន្ត្រី​បក្ស ដើម្បី​ជ្រើសតាំង​ភរិយា​គាត់​គឺ​លោកស្រី ជូ​ឡុង សូ​មូរ៉ា ធ្វើជា​ប្រធាន​ជំនួស​ខ្លួន​វិញ​។​



​ព័ត៌មាន​ខាងលើនេះ​ត្រូវបាន​បដិសេធ​ដោយ​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក យឹម សុវណ្ណ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាងខ្លី​ថា «​ខ្ញុំ​សូមបញ្ជាក់ថា​លិខិត​នោះ​ក្លែងក្លាយ​ទេ​»​។​

​លោកស្រី មួរ សុខ​ហួរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា គណៈអចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ជួបប្រជុំគ្នា​នៅ​រសៀល​ថ្ងៃទី​១២ កុម្ភៈ​នេះ​។ លោកស្រី​មិនទាន់​អាច​បញ្ជាក់ថា តើ​កិច្ចប្រជុំ​នោះ នឹងត្រូវ​និយាយ​ពី​បញ្ហា​អ្វី​នៅឡើយ​ទេ​។ តែ​អ្វីដែល​គេ​អាច​ដឹងបាន គឺថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ទាក់ទង​ទៅនឹង​ករណី​នៃ​ការលាលែង​របស់​ឯកឧត្តម សម រង្ស៊ី ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​

​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី បានប្រកាស​លាលែង​ពី​ប្រធាន និង​សមាជិកភាព​ពី​គណបក្ស នៅ​ថ្ងៃទី​១១ កុម្ភៈ​នេះ  ​ស្របពេល​ដែល​ដែល​សេចក្តីស្នើច្បាប់ ដែល​មិន​ផ្តល់ឱកាស​ឲ្យ​ទណ្ឌិត មាន​សិទ្ធិ​ធ្វើជា​ប្រធាន​គណបក្សនយោបាយ​ ​ត្រូវបាន​បញ្ជូន​ទៅកាន់​រដ្ឋសភា​៕ 


Tag:
 CNRP
  ​សម រង្ស៊ី​
 ​ ជូ​ឡុង សូ​មូរ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com