ជាតិ
នយោបាយជាតិ
អ្នកនាំពាក្យ ថា លិខិតដែលឯកឧត្តម សម រង្ស៊ី ស្នើតែងតាំងប្រពន្ធខ្លួនធ្វើជាប្រធានបក្ស ជាលិខិតក្លែងក្លាយ
× ភ្នំពេញ៖ ក្រោយពីឯកឧត្តម សម រង្ស៊ី បានប្រកាសលាលែងចេញពីតំណែងប្រធាន និងសមាជិកភាពនៃគណបក្សសង្គ្រោះជាតិនោះ។ ស្រាប់តែមានលិខិតថ្មីមួយទៀតលេចឡើងផ្សព្វផ្សាយថា ឯកឧត្តម សម រង្ស៊ី បានស្នើឲ្យឯកឧត្តម កឹម សុខា កោះប្រជុំមន្ត្រីបក្ស ដើម្បីជ្រើសតាំងភរិយាគាត់គឺលោកស្រី ជូឡុង សូមូរ៉ា ធ្វើជាប្រធានជំនួសខ្លួនវិញ។
ព័ត៌មានខាងលើនេះត្រូវបានបដិសេធដោយលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។ លោក យឹម សុវណ្ណ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទយ៉ាងខ្លីថា «ខ្ញុំសូមបញ្ជាក់ថាលិខិតនោះក្លែងក្លាយទេ»។
លោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា គណៈអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិគ្រោងនឹងជួបប្រជុំគ្នានៅរសៀលថ្ងៃទី១២ កុម្ភៈនេះ។ លោកស្រីមិនទាន់អាចបញ្ជាក់ថា តើកិច្ចប្រជុំនោះ នឹងត្រូវនិយាយពីបញ្ហាអ្វីនៅឡើយទេ។ តែអ្វីដែលគេអាចដឹងបាន គឺថា កិច្ចប្រជុំនេះធ្វើឡើងទាក់ទងទៅនឹងករណីនៃការលាលែងរបស់ឯកឧត្តម សម រង្ស៊ី ពីប្រធានគណបក្សសង្គ្រោះជាតិ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី បានប្រកាសលាលែងពីប្រធាន និងសមាជិកភាពពីគណបក្ស នៅថ្ងៃទី១១ កុម្ភៈនេះ ស្របពេលដែលដែលសេចក្តីស្នើច្បាប់ ដែលមិនផ្តល់ឱកាសឲ្យទណ្ឌិត មានសិទ្ធិធ្វើជាប្រធានគណបក្សនយោបាយ ត្រូវបានបញ្ជូនទៅកាន់រដ្ឋសភា៕
Tag:
CNRP
សម រង្ស៊ី
ជូឡុង សូមូរ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com