អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថ្លៃ​សង់​ជញ្ជាំង​ព្រំដែន​ខ្ពស់ជាង​ការរំពឹងទុក តែ​លោក ត្រាំ នឹង​បញ្ចុះតម្លៃ​ឲ្យ​កាន់តែ​ទាប​
12, Feb 2017 , 1:39 pm        
រូបភាព
ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ប្រតិកម្ម​នឹង​តម្លៃ​ដ៏​ខ្ពស់​នៃ​គម្រោង​សាងសង់​ជញ្ជាំង​ព្រំដែន​រវាង​អាមេរិក និង​ម៉ិ​ក​ស៊ិ​ក ក្នុង​របាយការណ៍​រប​ស់​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​។ របាយការណ៍​នោះ​បង្ហាញថា ការសាងសង់​ជញ្ជាំង​តាម​ព្រំដែន នឹង​តម្លៃ​មាន​ដល់​ទៅ​ជាង​២១​ពាន់​លាន​ដុល្លារ គឺ​ខ្ពស់ជាង​ការរំពឹងទុក​របស់លោក កាលពី​អំឡុង​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​។ លោក ត្រាំ សន្យាថា លោក​នឹង​បញ្ចុះតម្លៃ​ចំណាយ​ដ៏​ខ្ពស់​នេះ ដូចដែល​ធ្លាប់ធ្វើ​លើ​គម្រោង​យន្តហោះ Air Force One ដែរ​។​

 
​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​អាមេរិក កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ បាន​បញ្ចេញ​របាយការណ៍​ស្ដីពី​តម្លៃ​នៃ​ការចំណាយ​លើ​ការសាងសង់​ជញ្ជាំង​ព្រំដែន​រវាង​អាមេរិក និង​ម៉ិ​ក​ស៊ិ​ក ដែលមាន​តម្លៃលើស​ការ​ប៉ាន់ស្មាន​យ៉ាងច្រើន គឺ​២១.៦​ពាន់​លាន​ដុល្លារ​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែលជា​អ្នកផ្ដើមគំនិត​សាងសង់​ជញ្ជាំង​នេះ​ដើម្បី​ទប់ស្កាត់ ហាក់​មិន​សប្បាយចិត្ត​ឡើយ​ចំពោះ​តម្លៃ​ខ្ពស់ ព្រោះ​លោក​លើកឡើងថា ការសង់​ជញ្ជាំង​នឹង​ចំណាយ​១២​ពាន់​លាន​ដុល្លារ ប៉ុន្តែ​លោក​នឹង​បញ្ចុះតម្លៃ​ដ៏​ខ្ពស់​នេះ​។​
 
«​ខ្ញុំ​ដឹងថា តម្លៃ​នៃ​ជញ្ជាំង​ព្រំដែន​ដ៏​មហិមា មានតម្លៃ​ថ្លៃ​ជាង​អ្វីដែល​រដ្ឋាភិបាល​រំពឹងទុក ហើយ​ខ្ញុំ​មិនទាន់បាន​ចរចា ឬក៏​ធ្វើ​អ្វី​ផ្សេង​នៅឡើយ​ទេ​។ ប៉ុន្តែ​ខ្ញុំ​នឹងមាន​វិធានការ​ដូច​ករណី​តម្លៃ​ផលិត​យន្តហោះ​ចម្បាំង F-35 ឬក៏​គម្រោង​ការផលិត​យន្តហោះ Air Force One អ៊ីចឹង គឺ​តម្លៃ​សាងសង់​ជញ្ជាំង នឹងត្រូវ​កាត់បន្ថយ​»​។ នេះ​ជា​សារ​របស់​ប្រធានាធិបតី​អាមេរិក ដែល​បង្ហោះ​តាម​គណនី Twitter ពីរ​ដ្ឋ Florida នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ជាទី​លោក​កំពុង​ជួប​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ។​
 
​ទាក់ទិន​នឹង​តម្លៃ​យន្តហោះ​ចម្បាំង F-35 លោក​ប្រធានាធិបតី ត្រាំ ធ្លាប់​រិះគន់​តម្លៃ​ខ្ពស់កប់ពពក​នៃ​ការផលិត​យន្តហោះ​ចម្បាំង​ស៊េរី​មួយ​នេះ​។ កាលពី​ចុង​ឆ្នាំមុន​លោក បាន​អះអាងថា តម្លៃ​យន្តហោះ F-35 ដែល​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin គឺ​ថ្លៃ​ហួសហេតុ​។ យ៉ាងណាមិញ លោក ត្រាំ ក៏បាន​ទទួលជោគជ័យ​ក្នុងការ​កាត់បន្ថយ​ថ្លៃ​ចំណាយ​លើ​ការផលិត​យន្តហោះ​ប្រភេទ​នេះ​ចំនួន​៦០០​លាន​ដុល្លារ​ផង​។​
 
​គម្រោង​សាងសង់​ជញ្ជាំង​តាម​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក គឺជា​ការសន្យា​របស់លោក ត្រាំ តាំងពី​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​មកម្ល៉េះ​។ លោក​ធ្លាប់​ប្រកាស​ដែរ​ថា ម៉ិ​ក​ស៊ិ​ក នឹង​ជា​អ្នកទទួលបន្ទុក​ថ្លៃ​ចំណាយ​ទាំងស្រុង ប៉ុន្តែ​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក ក៏​ប្រកាស​ស​ដាច់អហង្ការ​ដែរ​ថា ខ្លួន​មិន​ចេញ​លុយ​សូម្បី​មួយ​ដុល្លារ​លើ​ជញ្ជាំង​របស់លោក ត្រាំ ឡើយ​។ ក្រោយមក លោក ត្រាំ ក៏​លើកឡើងថា អាមេរិក នឹង​ចេញ​លុយ​ធ្វើ​ជញ្ជាំង​នេះ ហើយ​ដាក់​ពន្ធ​ខ្ពស់​លើ​ទំនិញ​ម៉ិ​ក​ស៊ិ​ក​ដើម្បី​ស៊ីសង​ថ្លៃ​ជញ្ជាំង​វិញ​។​
 
​គោលដៅ​នៃ​ការសាងសង់​ជញ្ជាំង​នេះ គឺ​សំដៅ​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍​មកពី​ម៉ិ​ក​ស៊ិ​ក និង​បណ្ដា​ប្រទេស​អាមេរិក​ខាងត្បូង ដែល​ជ្រៀតចូល​ទឹកដី​អាមេរិក ដោយ​មិនចាំបាច់​ប្រើ​ទិដ្ឋាការ​។ លោក ត្រាំ ចាត់ទុក​ជនអន្តោប្រវេសន៍​ទាំងនោះ ជា​អ្នក​បង្កបញ្ហា​នៅ​អាមេរិក និង​ត្រូវបញ្ជូន​ចេញពី​ទឹកដី​អាមេរិក​។ លើសពីនេះ ប្រធានាធិបតី​អាមេរិក ក៏បាន​ចេញ​ក្រិ​ត្យ​ហាមឃាត់​ប្រជាជន​មកពី​ប្រទេស​៧ មិន​ឲ្យ​ជាន់​ទឹកដី​អាមេរិក​ទៀតផង តែ​ក្រិ​ត្យ​នេះ​ត្រូវបាន​តុលាការ​ព្យួរ​ទៅវិញ​៕ 

Tag:
 ​ដូ​ណា​ល់ ត្រាំ​
  ម៉ិ​ក​ស៊ិ​ក​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com