បទយកការណ៍ / បទសម្ភាសន៍
យុវជន ហ៊ុយ សម្បត្តិ​៖ អ្នក​ជោគជ័យ​ត្រូវ​ចេះ​ទាំង Work Smart និង Work Hard
12, Feb 2017 , 6:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅពេលនេះ លោក ហ៊ុយ សម្បត្តិ កំពុងធ្វើការ​ជា​អ្នកគ្រប់គ្រង​ទីផ្សារ​សាលា​អន្តរជាតិ​អាមេរិកាំង​មួយ ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ មុនពេល​ឈាន​ជើង​ចូល​អង្គុយ​ក្នុង​ការិយាល័យ​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ សម្បត្តិ បាន​ឆ្លងកាត់​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ហាលថ្ងៃ​ក្តៅ​ទាំង​ក្នុង និង​ក្រៅប្រទេស​ហើយ ត្រូវ​សិក្សា​បរិ​ញ្ញា​ត្រ​ដំណាលគ្នា​ដល់​ទៅ ២​សាកលវិទ្យាល័យ​ទៀត​។​


«​យើង​មិន​ត្រឹមតែ​ចេះ Work hard (​ប្រើ​កម្លាំងបាយ​ធ្វើការ​)​នោះទេ យើង​ថែមទាំង​ត្រូវ​ចេះ Work smart (​កម្លាំង​ប្រាជ្ញា​ធ្វើការ​) ផង​។ យើង​ត្រូវ​ចេះ​លៃលក​ការងារ​ដែល​យើង​អាចធ្វើ​តាមផ្លូវ​ដូច​គេ​ដែរ ប៉ុន្តែ​វារ​ហ័ស​ជាង មាន​ប្រយោជន៍​ជាង និង​ចំណេញ​ពេលវេលា​»​។ យុវជន​វ័យ ២៣​ឆ្នាំ កំពុង​អង្គុយ​រម្លឹក​ពី​ជីវិត​ការងារ​ស្ម័គ្រចិត្ត និង​ការសិក្សា​របស់ខ្លួន មុនពេល​បញ្ចប់​សិក្សា​នៅ​សាកលវិទ្យាល័យ​២​ឆ្នាំមុន​។​


 
​សម្បត្តិ មិន​ត្រឹមតែ​បាន​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​នៅ​វិទ្យាស្ថាន​ភាសាបរទេស (IFL) ដោយ​ទទួល​អាហារូបករណ៍​ប៉ុណ្ណោះ​ទេ លោក​ថែមទាំង​ទទួលបាន​អាហារូបករណ៍​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ សាកលវិទ្យាល័យ​កម្ពុជា (UC)​ទៀតផង​។​
 
​ក្រៅពី​ចំណាយពេល​សិក្សា​ពេលព្រឹក និង​រសៀល​ចាប់តាំងពី​ឆ្នាំ​ដំបូង​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា យុវជន​សម្បុរ​សណ្តែក​បាយ​មាឌ​មាំ​រូបនេះ បាន​ឆ្លៀត​បង្រៀន​ភាសា​អង់គ្លេស​កម្រិត​ខ្ពស់​ពី Upper ដល់ Advance រយៈពេល​១​ម៉ោង​កន្លះ ក្នុង​សាលាបង្រៀន​ភាសា​អង់គ្លេស​ឯកជន​មួយ នៅ​រាជធានី​ភ្នំពេញ ជា​រៀងរាល់​ល្ងាច​ទៀត ដើម្បី​រក​កម្រៃ​ថវិកា​សម្រាប់​ចំណាយ​លើ​សម្ភារ​សិក្សា​ផ្ទាល់ខ្លួន​។​


 
​បន្ថែម​លើសពីនេះ លោក​បាន​ឆ្លៀត​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្តជា​សមាជិក​ពិធីការ​ក្នុង​កម្មវិធី​សប្បុរសធម៌ ការតស៊ូ​មិ​ត​ក្នុង​សាលា និង​តាម​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ផ្តោតលើ​ការអប់រំ យុវជន​ប្រមាណ ៨​ស្ថាប័ន ក្នុងនោះ​មាន សមាគម​អតីត និស្សិត​អាមេរិក FUSAAC, AIESEC, SEANet, UC និង​IFL ជាដើម នៅ​រៀងរាល់​ចុង​សប្តាហ៍​ទៀត តាំងពី​ពេល​សិក្សា​នៅ​សាកលវិទ្យាល័យ រហូតដល់​មាន​អាជីព​ការងារ​មួយ នាពេល​បច្ចុប្បន្ននេះ​។​
 
​ដោយបាន​បែងចែក​ពេលវេលា​ធ្វើការ​ងារ​ដែល​ប្រើ​កម្លាំងកាយ​ផង និង​កម្លាំង​ប្រាជ្ញា​ផង​ត្រឹមត្រូវ កូនប្រុស​ទី​បី ចំណោម​បង​ប្អួ​ន​ប្រុស​ស្រី​បង្កើត ៤​នាក់ ក្នុង​គ្រួសារ​ជីវភាព​មធ្យម នៅ​រាជធានី​ភ្នំពេញ​រូបនេះ បាន​និយាយថា លោក​បានទទួល​ពិសោធន៍​ការងារ​ទំនាក់ទំនង​ក្នុងសង្គម និង​ការសិក្សា​ទាំង​ក្នុង និង​ក្រៅប្រទេស​ច្រើន ដ្បិត​លោក​ត្រូវ​នឿយ​កម្លាំងកាយ​បន្តិច​ក្តី​។​
 
«​យើង​នៅ​ក្មេង យើង​មាន​កម្លាំងកាយ កម្លាំងចិត្ត កម្លាំង​ប្រាជ្ញា យើង​ធ្វើ​អ្វី​ក៏​ជោគជ័យ​ដែរ ឲ្យ​តែ​យើង​ដាក់ចិត្ត​ធ្វើ​»​។ សម្បត្តិ នៅតែ​នឹកឃើញ​សម្តី​រាមច្បង​ម្នាក់​ដែល​បាន​ជំរុញ​ជីវិត​លោក​ឲ្យ​ព្យាយាម ក្រោយពី​ប្រឡង​ជាប់​បាក់​ឌុប​នៅ​វិទ្យាល័យ​បឹងត្របែក តាំងពី​ឆ្នាំ​២០១១​មក​។​


 
​តាមរយៈ​ការទំនាក់ទំនង និង​ការងារ​ស្ម័គ្រចិត្ត​ដែល​ជួយ​បង្កើន​សមត្ថភាព​រស់នៅ​ក្នុងសង្គម លោក ហ៊ុយ ស​ម្ប​តិ្ត បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​យុវជន​អាស៊ាន ក្រោម​ប្រធានបទ ការថែទាំ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​តំបន់​អាស៊ាន ក្នុង​ឆ្នាំ​២០១៥ នៅ​ម៉ាឡេស៊ី​, គម្រោងការ​លុបបំបាត់​ការ​រើស​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា SEANet ដែល​គាំទ្រ​ដោយ​សាលា Stanford អាមេរិក នៅ​ប្រទេស​វៀតណាម​, ចូលរួម​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា​ផ្នែក​អប់រំ រយៈពេល ៦ ខែ​នៅ​ប្រទេស ព័រទុយហ្កាល់ ក្នុង​តំបន់​អឺរ៉ុប និង​កម្មវិធី​ផ្លាស់ប្តូរ​សិក្សា​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ តាមរយៈ​កម្មវិធី The Global Undergraduate Exchange Program រយៈពេល ៤​ខែ​នៅ​អាមេរិក​។​
 
​យុវជន​វ័យ ២៣​ឆ្នាំ​រូបនេះ ទទួលស្គាល់ថា មនុស្ស និង​បរិស្ថាន​ដែល​រស់នៅ​ជុំវិញខ្លួន​នាំ​ឲ្យ​លោក​ស្រលាញ់​ការងារ និង​ការសិក្សា​រហូត​ជោគជ័យ ដ្បិត​លោក​ត្រូវ​ធ្វើការ​ទាំង Hard (​ប្រើ​កម្លាំងបាយ​) និង Smart (​កម្លាំង​ប្រាជ្ញា​)​ច្រើន​ដំណាលគ្នា​។​


 
​យុវជន​ដែលជា​មនុស្ស​ចូលចិត្ត​បង្កើត​ទំនាក់ទំនង​ជាមួយ​គ្រួសារ លោកគ្រូ អ្នកគ្រូ សិស្ស​ច្បង និង​មិត្តភក្តិ រូបនេះ និយាយ​បញ្ជាក់​យ៉ាង​មាំ​ដូច្នេះ​៖«​មនុស្ស​យើង​មិន​ឥតខ្ចោះ​ទេ យើង​ត្រូវតែ​ចេះ​ស្តាប់ និង​ទទួលយក បទពិសោធន៍​ល្អៗ​របស់​អ្នកដទៃ​។ យុវជន​គួរតែ​ត្រៀមខ្លួន​ឲ្យ​បាន​ច្រើន ធ្វើខ្លួន​ឲ្យ​មាន​ប្រយោជន៍ ខំរៀន​ឲ្យ​បាន​ច្រើន ផ្តោតលើ​អ្វីដែល​យើង​ចាប់អារម្មណ៍​។ ហើយ យើង​ត្រូវ​ព្យាយាម​ធ្វើ​វា​យូរៗ​ទៅ​ក្លាយទៅជា​ទម្លាប់ខ្លួន​»​។​
 
​ក្រៅពី​ចូលចិត្ត​ទទួលយក​គំនិត​ចែករំលែក និង​បទពិសោធន៍​ជីវិត​ល្អ​របស់​អ្នកដទៃ​ធ្វើជា​គំរូ​តាម សម្បត្តិ បានកំណត់​ខ្លួនឯង ត្រូវ​ចេះ​ស្គាល់ និង​ធ្វើ​ការងារ​ណាមួយ​អាទិភាព​មុនគេ​ត្រឹមត្រូវ​។ «​យើង​ត្រូវធ្វើ​អ្វី​មុន​? យើង​ត្រូវ​សម្រេច​អ្វីមួយ​ដែលមាន​ប្រយោជន៍​មុន ហើយ​ប៉ះពាល់​ការសិក្សា​តិចតួច​បំផុត និង​ចំណេញ​ពេលវេលា​»​។ សម្បត្តិ បញ្ជាក់បន្ថែម​ពី​បំណង​ចង់​ឲ្យ​សិស្ស​និស្សិត​រៀន​ពី​សង្គម​ឲ្យ​ច្រើនជាង​នៅក្នុង​សាលា​។​


 
«​បើ​រៀន​ក្នុង​ថ្នាក់ ខ្ញុំ​បាន​រៀន​តែ​មុខវិជ្ជា​ធម្មតា ប៉ុន្តែ​បើ​ខ្ញុំ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត ខ្ញុំ​អាច​អភិវឌ្ឍ​ជំនាញ​ទំនាក់ទំនង​ទូទៅ នាំ​ឲ្យ​ខ្ញុំ​មាន​ជំនឿ​ចិត្ត​ជាង​មុន ខ្ញុំ​ធ្វើការ​ក្នុង​ក្រុម​ប្រសើរ​ជាង​មុន​។ ខ្ញុំ​អាច​ស្គាល់​សិស្ស​ពូកែ​ដែលជា​រៀមច្បង​ច្រើនណាស់ ហើយ​ខ្ញុំ​អាច​សុំ​យោបល់​ពី​ពួកគាត់ សម្រាប់​ដើរទៅ មុខ​ទៀត​»​។ សម្បត្តិ ដែលជា យុវជន​ឆ្នើម​កាលពី​សិក្សា​នៅ​សាលា​ផង​នោះ រៀបរាប់​ពី​របៀប​ធ្វើការ Smart (​ឆ្លាត​)​។​
 
​អ្នកគ្រប់គ្រង​ទីផ្សារ​សាលា​អន្តរជាតិ​អាមេរិកាំង​មួយរូប​នេះ មិន​បញ្ឈប់​ដំណើរ​ការងារ និង​ការសិក្សា​ត្រឹម​ទីនេះ​ទេ ដោយ​លោក​ប្រាប់ថា លោក​កំពុង​សម្លឹង​រក​អាហារូបករណ៍​បន្ត​ថ្នាក់អនុបណ្ឌិត ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ នៅ​អាមេរិក​ទៀតផង​។ លោក ហ៊ុយ សម្បត្តិ ចង់​បើក​ក្រុមហ៊ុន​គ្រឹះស្ថាន​អប់រំ បង្កើត​ការងារ​ឲ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ថែមទៀត នាពេល​អនាគត​៕













Tag:
 ​ហ៊ុយ សម្បត្តិ​
  IFL
  អាមេរិក​
  UGRAD
© រក្សាសិទ្ធិដោយ thmeythmey.com