ជាតិ
សម្ដេច ហ៊ុន សែន ប្ដឹងទារសំណងជំងឺចិត្តពីលោក គឹម សុខ ចំនួន៥០ម៉ឺនដុល្លារ
× ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា មេធាវីការពារក្តីសម្ដេច នឹងដាក់ពាក្យប្ដឹងអ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ ដែលបានបកស្រាយនៅក្នុងវិទ្យុអាស៊ីសេរី ដោយចោទគណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់លោក កែម ឡី។ សម្ដេច ហ៊ុន សែន ចាត់ទុកការបកស្រាយរបស់លោក គឹម សុខ បែបនេះ គឺជាការបរិហារកេរ្តិ៍ បង្ខូចឈ្មោះគណបក្សប្រជាជន។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នាយរដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា បណ្ដឹងដែលសម្ដេច ប្ដឹងលោក គឹម សុខ នោះ គឺទាមទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារ។ ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ បានផ្ដាំលោក គឹម សុខ ថា កុំឲ្យរត់ចោលស្រុកផងដែរ ព្រោះពេលនេះសម្ដេច បានបញ្ជាឲ្យកងកម្លាំងតាមឃ្លាំមើលហើយ។
សូមស្ដាប់សំឡេងសម្ដេច ហ៊ុន សែន៖
អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយលោក គឹម សុខ អះអាងថា អ្វីដែលលោកបានបកស្រាយនេះ គឺដើម្បីចូលរួមបំភ្លឺចម្ងល់ប្រជាពលរដ្ឋ អំពីស្ថានការណ៍នយោបាយ និងស្ថានភាពអយុត្តិធម៌ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ។ ជាពិសេសលើកទឹកចិត្តពលរដ្ឋ ឲ្យចូលរួមតស៊ូមតិបែបប្រជាធិបតេយ្យប៉ុណ្ណោះ ព្រោះ «ពលរដ្ឋថ្លៃថ្នូរ ចង់រស់នៅក្រោមមេដឹកនាំថ្លៃថ្នូរ»។
លោក គឹម សុខ បានសរសេរលើហ្វេសប៊ុកខ្លួនដូច្នេះថា៖« ខ្ញុំនឹងទទួលខុសត្រូវនូវអ្វីដែលខ្ញុំបាននិយាយ ប្រសិនបើការអត្ថាធិប្បាយរបស់ខ្ញុំ ពិតជាមានចំណុចជាប់ទោសតាមច្បាប់យុត្តិធម៌មិនបំភ្លៃមែន។ ប៉ុន្តែខ្ញុំស្នើរដ្ឋាភិបាល មេត្តាចេះទទួលខុសត្រូវវិញដែរ នូវអ្វីដែលជាភារកិច្ច និងកាតព្វកិច្ចរបស់ខ្លួនចំពោះរាស្ត្រ គឺការជម្រះមន្ទិលសង្ស័យថា អ្នកណាជាឃាតករសម្លាប់លោកបណ្ឌិត កែម ឡី ដោយចាប់ផ្តើមពីការបង្ហាញអង្គចងចាំ។ បើបានប៉ុណ្ណឹង ខ្ញុំអស់ចិត្តហើយ ទោះត្រូវមានទោសប៉ុណ្ណា»៕
Tag:
ហ៊ុន សែន
គឹម សុខ
© រក្សាសិទ្ធិដោយ thmeythmey.com