កីឡាអន្តរជាតិ
ជាតិ
CNCC Charity Cup ដែល​បឹងកេត​ក្លាយជា​ម្ចាស់​ពាន រកបាន​ថវិកា​៣១​លាន​រៀល​ពី​ការលក់​សំបុត្រ​
13, Feb 2017 , 11:21 am        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​បឹងកេត​អង្គរ​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​សប្បុ​រសធម៌ CNCC Charity Cup ប្រចាំឆ្នាំ​២០១៧ ក្រោយ​យកឈ្នះ​ក្រុម​ក្រសួងការពារជាតិ ៣-០ កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ការប្រកួត​ដើម្បី​ស្វែងរក​ថវិការ​ជួយ​កុមារ​ក្រីក្រ​នៅ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (Cambodian Children's Fund) មាន​អ្នកចូលរួម​ទស្សនា ៣,២៥០​នាក់ ដោយ​ប្រមូលបាន​ថវិកា​ប្រមាណ ៣១​លាន​រៀល​។



​ខ្សែប្រយុទ្ធ ឃួន ឡា​បូ​រ៉ាវី បា​នរក​គ្រាប់​បាល់​នាំ​មុខ ១-០ ឲ្យ​ក្រុម​បឹង​កេង​អង្គរ​នៅ​នាទី​១០ ក្រោម​ការបញ្ជូន​បាល់​យ៉ាង​ល្អ​របស់​ខ្សែបម្រើ​ជនជាតិ​ប្រេ​ស៊ី​ល Silva Calijuri​។ ជាង​១០​នាទី​ក្រោយមក​ខ្សែបម្រើ​រូបនេះ​បាន​បញ្ជូន​បាល់​យ៉ាង​ល្អ​ឲ្យ ឃួន ឡា​បូ​រ៉ាវី ដើម្បី​ស​ម្រ​ច​គ្រាប់​នាំមុខ ២-០ សម្រាប់​បឹងកេត​អង្គរ​នៅ​នាទី​២២​។

​ការ​ចាញ់ ២-០ ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ បានធ្វើ​ឲ្យ​ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​) ផ្លាស់ប្តូរ​កីឡាករ​ពីររូប​ក្នុង​រយៈពេល​២​នាទី​ក្នុងនោះ​ប្រធាន​ក្រុម ខែ​ក ខេមរិន្ទ ត្រូវបាន​ប្តូរ​ចូល​ជំនួស​ដោយ​កីឡាករ ច្រឹង ពលរដ្ឋ នៅ​នាទី​២៨ ខណៈ​កីឡាករ ស ពិសិដ្ឋ ប្តូរ​ចូល​ជំនួស​ដោយ​កីឡាករ Ri Hyok Chol នៅ​នាទី​៣០​។



​ក្រោយ​ផ្លាស់ប្តូរ​មិនបាន​ប៉ុន្មាន​ផង​ខ្សែប្រយុទ្ធ​ជនជាតិ​ជប៉ុន Muramutsu Tomoki បា​នស​ម្រ​ច​គ្រាប់​ទី​៣​សម្រាប់​បឹង​កេង​អង្គរ ដើម្បី​នាំមុខ​ក្រសួងការពារជាតិ ៣-០ នៅ​នាទី​៣៣ មុន​ខ្សែបម្រើ​ក្រសួងការពារជាតិ អ៊ុ​ព កា​ម៉ុ​ល ទទួលបាន​កាត​លឿង​ក្រោយ​ទាត់​កីឡាករ ស៊ុន សុវណ្ណ​រិទ្ធី ឲ្យ​ដួល​នៅ​នាទី​៣៨​។ 

 ក្រសួងការពារជាតិបាន​ផ្លាស់ប្តូរ​កីឡាករ​៣​រូប​ជា​បន្តបន្ទាប់​ក្នុង​វគ្គ​ទី​២ ក្នុងនោះ​កីឡាករ ស៊ាន ភី​សារ ជំនួស​ដោយ​កីឡាករ កែ វណ្ណៈ នៅ​នាទី​៦១ រីឯ​កីឡាករ ឈិន ឈឿន ជំនួស​ដោយ​កីឡាករ ជ័យ ជិ​ត្រា នៅ​នាទី​៧២ មុន​ខ្សែបម្រើ Choe Myong Hoe ប្តូរ​ជំនួស​ដោយ​កីឡាករ ទូច រ៉ូ​ម៉ា នៅ​នាទី​៨៦​។  ទ័ព បាន​បាត់បង់​សមាជិក​ម្នាក់ គឺ​កីឡាករ Jang Song Hyok ក្រោយ​ធ្វើ​ឲ្យ​កីឡាករ Muramutsu Tomoki របួស​នៅ​នាទី​បន្ថែម​បង្គ្រប់​ក្នុង​វគ្គ​ទី​២​។   



​ជ័យជម្នះ ៣-០ លើ​ក្រសួងការពារជាតិ​នេះ បានធ្វើ​ឲ្យ​ក្រុម​គ្រង​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៦ បឹងកេត​អង្គរ លើក​ពាន​សប្បុរសធម៌​ប្រចាំឆ្នាំ​២០១៧ (CNCC Charity Cup 2017) ដែល​បង្កើត​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​តែម្តង​។

​ក្នុងជំនួប​សម្បុ​រសធម៌​ដែល​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ម្សិលមិញ ទទួលបាន​អ្នកចូលរួម​ទស្សនា​ចំនួន​៣២៥០​នាក់ ដោយ​ទទួលបាន​មូលនិធិ​សប្បុរសធម៌​បាន​ពី​ការលក់​សំបុត្រ​ចំនួន​៣១​លាន​រៀល និង​ប្រាក់ឧបត្ថម្ភ​ពី​ប្រធាន​ក្លិប​បាល់ទាត់​បឹងកេត​អង្គរ​ចំនួន​១​ពាន់​ដុល្លារ​។ ថវិកា​សប្បុរសធម៌​ទាំងនេះ​ត្រូវបាន​ប្រគល់ជូន​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (Cambodian Children's Fund) ដោយ​លោក ឌី វិជ្ជា ប្រធាន​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​៕






Tag:
 បាល់ទាត់​
  CNCC Charity Cup 2017
  បឹងកេត​អង្គរ​
  ទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com