សេចក្តីស្នើច្បាប់ មិន​ឲ្យ​ទណ្ឌិត​ធ្វើ​មេបក្ស នៅតែ​បន្ត​ទៅមុខ ទោះ​បក្សប្រឆាំង​សុំ​ពន្យារពេល​

ជាតិ
​​​ន​យោ​បាយ​ជាតិ​
សេចក្តីស្នើច្បាប់ មិន​ឲ្យ​ទណ្ឌិត​ធ្វើ​មេបក្ស នៅតែ​បន្ត​ទៅមុខ ទោះ​បក្សប្រឆាំង​សុំ​ពន្យារពេល​
13, Feb 2017 , 1:04 pm         3245
រូបភាព
​ភ្នំពេញ​៖ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បង្អង់​ការកែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​កំណត់ថា ទណ្ឌិត មិនអាច​ធ្វើជា​ប្រធាន​គណបក្ស​។ ប៉ុន្តែ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មិន​យល់ស្រប នោះទេ​។

 
​សេចក្តីស្នើច្បាប់ ដែល​មិន​អនុញ្ញាត​ឲ្យ​ទណ្ឌិត ធ្វើជា​ប្រធាន​គណបក្សនយោបាយ បាន​ឆ្លងកាត់​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ជា​លើកទីមួយ រួចហើយ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​។ គណៈកម្មាធិការ​អចិន្ត្រៃយ៍ បានប្រគល់​ខ្លឹមសារ​នៃ​ច្បាប់​នេះ ទៅ​ឲ្យ​គណៈកម្មការ​ជំនាញ​ទី​៦ ដែល​ទទួលបន្ទុក​ផ្នែក​នីតិកម្ម និង​យុត្តិធម៌ ដើម្បី​សិក្សា​លម្អិត​។​ក្រោយ​សិក្សា​រួច គណៈកម្មការ​ជំនាញ​ទី​៦ ត្រូវបញ្ជូន​ខ្លឹមសារ​នៃ​ច្បាប់​ទៅ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ វិញ​។ ហើយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នឹង​បើក​កិច្ចប្រជុំ​ជា​លើក​ទី​ពីរ ដើម្បី​ពិភាក្សា​លើ​ខ្លឹមសារ​នៃ​ច្បាប់​នេះ មុន​បញ្ជូន​ទៅកាន់​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា ដើម្បី​ពិនិត្យ និង​អនុម័ត ជា​ផ្លូវការ​។ 
 
​ក្រោយ​កិច្ចប្រជុំ​គណៈ​ក​ម្មា​ធិ​អចិន្ត្រៃយ៍​លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយថា សំណើសុំ​ធ្វើ​វិ​សោធ​កម្ម​លើ​ច្បាប់​ស្តីពី​គណបក្សនយោបាយ មិនអាច​ត្រូវបាន​ពន្យារពេល​នោះទេ ព្រោះ​សភាពការណ៍​ប្រទេសជាតិ​នាពេល​បច្ចុប្បន្ន ត្រូវការ​ច្បាប់​នេះ យកមកអនុវត្ត​ជា​ប្រញាប់​។ លោក បន្ថែមថា ខ្លឹមសារ​នៃ​ច្បាប់​នេះ បាន​ឆ្លងកាត់​ការសិក្សា​យ៉ាង​ស៊ីជម្រៅ​ពី​តំណាងរាស្ត្រ​គណបក្ស​ប្រជា​កម្ពុជា​រួចហើយ ដូច្នេះ មិនត្រូវ​ការពន្យារពេល​អ្វី​ឲ្យ​វែងឆ្ងាយ​ទៀតឡើយ​។ 
 
​លោក ឈាង វុន បន្តទៀតថា ការធ្វើវិសោធកម្ម​នេះ គឺ​ដើម្បី​អនុវត្ត​ទៅលើ​គ្រប់​គណបក្ស​។ ហើយ​ការកែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ មិនមែន​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​ណាមួយ​ឡើយ​។ 

​ការលើកឡើង​របស់លោក ឈាង វុន បែបនេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​សំណើ​របស់លោក យ៉ែម បុញ្ញ​ឫ​ទិ្ធ ដែល​ចង់​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បង្អង់​ការធ្វើ​ច្បាប់​ខាងលើ​។ លោក យ៉ែម បុញ្ញ​ឫិ​ទ្ធិ ដែល​ឈរ​ទន្ទឹមនឹង​លោក ឈាង វុន ដើម្បី​ផ្តល់​បទ​សម្ភាស​ដល់​ក្រុម​អ្នកសារព័ត៌មាន បាន​និយាយថា ការបោះឆ្នោត កាត់​តែ​ខិតជិត​មកដល់ ដូច្នេះ​គ្រប់​គណបក្សនយោបាយ ត្រូវការ​ពេលវេលា ដើម្បី​គិតគូ​ពី​បញ្ហា​បោះឆ្នោត​។ 
 
​អ្នកនាំពាក្យ​រដ្ឋសភា ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​បន្ថែមទៀតថា ការធ្វើវិសោធកម្ម​ច្បាប់​ខាងលើ គឺ​ជាប់​ពាក់ព័ន្ធ នឹង​គណបក្សនយោបាយ ដូច្នេះ​ប្រសិនបើ​ប្រញាប់ប្រញាល់​នោះ នឹង​ប៉ះពាល់​ដល់ពេល​វេលា​រប​ស់​គណបក្ស​នីមួយៗ ដែល​ត្រូវ​ត្រៀមខ្លួន ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត នាពេលខាងមុខ​។ 
 
​គួ​រម្លឹកថា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦០​រូប ក្នុងចំណោម​៦៨​រូប បានស្នើ​ឲ្យ​រដ្ឋសភា​ធ្វើ​វិ​សោធ​កម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​កំណត់ថា ជន​ណា ដែល​ជាប់​ទោសទណ្ឌ ហើយ​ក្លាយជា​ទណ្ឌិត នឹងមិន​អនុញ្ញាត ឲ្យ​ធ្វើជា​ប្រធាន​គណបក្សនយោបាយ​នោះទេ​។ ការដាក់​សំណើសុំ​ឲ្យ​ធ្វើ​វិ​សោធ​កម្ម​ច្បាប់ ពី​សំណាក់​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា គឺធ្វើឡើង​តាម​ការចង់បាន​របស់​សម្តេច ហ៊ុន សែន​។ 
 
​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧ សម្តេច ហ៊ុន សែន បាន​ស្នើឡើង​នៅក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា ទាក់ទង​នឹង​ការកែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ថា ទណ្ឌិត មិនគួរ​មាន​សិទ្ធិ​ក្លាយជា​ប្រធាន​គណបក្ស​នោះទេ​។ ក្រៅពីនេះ​សម្តេច ហ៊ុន សែន ក៏​ចង់​ឲ្យ​ប្រទេស​កម្ពុជា អនុវត្ត​ច្បាប់​ដូច​ប្រទេស​ថៃ ដែល​កំណត់ថា គណបក្ស​ណាមួយ​ដែល​ធ្វើ​ខុសច្បាប់​ធ្ងន់ធ្ងរ គណបក្ស​នោះ ត្រូវ​រំលាយចោល​តែម្តង​៕
Tag:
 CPP
  CNRP
  ច្បាប់​នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev1234next