ជាតិ
សិល្បះ
សមាគម​សិល្បករ​គោកធ្លក​ត្រៀម​សម្តែង​ល្ខោនស្បែក​ធំ​រឿង​រាមកេរ្តិ៍​ទូទាំងប្រទេស​
13, Feb 2017 , 2:01 pm        
រូបភាព
​លោក ភឿង កុម្ភៈ ប្រធាន​សមាគម​សិល្បក​រ​គោកធ្លក បាន​ចំណាយ​ពេលវេលា​៣​ឆ្នាំ​ដើម្បី​ស្រាវជ្រាវ​អំពី​រឿង​រាមកេរ្តិ៍ ហើយ​ដើម្បី​ប្រែ​សម្រួល និង​សរសេរ​រឿងបុរាណ​នេះ​ឡើងវិញ​សម្រាប់​សម្ដែង​ជា​ទម្រង់​ល្ខោន​ស្រមោល​ស្បែក​ធំ​ពី​ដើម​ដល់​ចប់​ក្នុង​រយៈពេល​៤​ម៉ោង​៣០​នាទី​។ គម្រោង​រឿង​រាមកេរ្តិ៍ ដែល​ត្រូវ​សម្តែង​ក្នុង​ទម្រង់​ល្ខោន​ស្រមោល​ស្បែក​ធំ​នេះ បានទទួល​ការគាំទ្រ​ពី​ក្រសួង​វប្បធម៌ ក្រសួង​អប់រំ និង​អង្គការ​យូណេស្កូ​។ តួកុន​ហូលីវូត​របស់​អាមេរិក អ្នកស្រី អេ​ន​ជេ​ល​លី​ណា ចូ​លី (Angelina Jolie) ក៏បានផ្តល់​ការគាំទ្រ​គម្រោង​ល្ខោនស្បែក​ធំ​រឿង​រាមកេរ្តិ៍​នេះដែរ​។​



​ចាប់ពី​ថ្ងៃទី​២២​ខែកុម្ភៈ​នេះ​ទៅ ល្ខោន​ស្រមោល​ស្បែក​ធំ រឿង​រាមកេរ្តិ៍ នឹងត្រូវ​សម្ភោ​ធ និង​សម្តែង​នៅ​ទីធ្លា​បណ្ណាល័យ​ជាតិ​សម្រាប់​ការចូល​ទស្សនា​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ម៉ោង​៧​យប់​ទៅ​។ បន្ទាប់មក សមាគម​សិល្បករ​គោកធ្លក​នឹង​សម្តែង​ល្ខោន​ស្រមោល​ស្បែក​ធំ​នេះ​នៅ​សាលា​អង្គការ​គ្រួសារ​ថ្មី​ក្នុង​ខេត្តសៀមរាប ក្នុងតម្លៃ​សំបុត្រ​២​ដុល្លារ​សម្រាប់​សិស្ស​និស្សិត និង​៤​ដុល្លារ​សម្រាប់​មនុស្ស​ធ​ម្ម​តា​។ ការសម្តែង​នៅក្នុង​ខេត្តសៀមរាប​នោះ នឹងត្រូវ​ប្រើ​រយៈពេល​៥​ថ្ងៃ​ពីថ្ងៃ​ទី​១០​ដល់​ថ្ងៃទី​១៤​ខែមីនា ដោយ​មួយថ្ងៃ​ការសម្តែង​មាន​រយៈពេល​៥៥​នាទី ចាប់ពី​ម៉ោង​៧​យប់​ទៅ​។​

​ការសម្តែង​នេះ​នឹងត្រូវ​បន្ត​នៅតាម​វិទ្យាល័យ សាកលវិទ្យាល័យ និង​នៅតាម​ទីសាធារណៈ​នានា​ទៀត​នៅ​ទូទាំងប្រទេស ដើម្បី​បង្ហាញ​ដល់​កូន​ខ្មែរ​ឲ្យ​ស្គាល់​រឿង​រាមកេរ្តិ៍​ផង និង​ទម្រង់​លោ្ខ​ន​ស្រមោល​ស្បែក​ធំ​ផង​។ ល្ខោន​ស្រមោល​ស្បែក​ធំ​របស់​ខ្មែរ​ត្រូវបាន​ចុះឈ្មោះ​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​អ​រូបិយ​នៃ​អង្គការ​យូណេស្កូ​នៅក្នុង​ឆ្នាំ​២០០៥​។​



«​ខ្ញុំ​បាន​ព្យាយាម​ដំឡើង​រឿងនេះ​ឡើង ដោយ​គ្មាន​បំណង​អ្វី​ក្រៅពី​ចង់​ជួយ​សិស្សានុសិស្ស  និង​និស្សិត​ឲ្យ​ជ្រួតជ្រាប​អំពី​ស្នាដៃ​ដ៏​មហិមា​នៃ​អក្ស​សិល្ប៍​ខ្មែរ ដោយ​ចំណាយពេល​ខ្លី ហើយ​សប្បាយ​ទៀតផង​»​។ នេះ​ជាការ​ពន្យល់​របស់លោក ភឿង កុម្ភៈ ប្រធាន​សមាគម​សិល្បក​រ​គោកធ្លក ដោយ​លោក​បន្ត​បញ្ជាក់​យ៉ាង​ដូច្នេះ​ទៀតថា​៖«​ម្យ៉ាងទៀត ខ្ញុំ​ចង់​ចូលរួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​ទម្រង់​ល្ខោន​ស្រមោល​ស្បែក​ធំ​ដែល​ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​អ​រូបិយ​នៃ​មនុស្សជាតិ​កាលពី​ឆ្នាំ​២០០៥ ឲ្យ​បាន​ទូលំទូលាយ ឲ្យ​កូន​ខ្មែរ​បាន​ស្គាល់​គ្រប់ៗ​គ្នា កុំ​ឲ្យ​វា​មានតែ​នៅក្នុង​បញ្ជី​»​។ 

​ការដំឡើង​រឿង​រាមកេរ្តិ៍​នេះ បាន​ជួប​ការលំបាក​ច្រើន ដោយសារតែ​គេ​ត្រូវ​ផលិត​ស្បែក​ធំ​ចំនួន ២៦០​សន្លឹក​។ មួយ​សន្លឹក​ត្រូវ​ចំណាយ​ថវិកា​២០០ ដុល្លារ​។ បើ​យោងតាម​កា​រៀបរាប់​របស់​ប្រធាន​សមាគម​សិល្បករ​គោកធ្លក ដោយ​បូក​បន្ថែម​លើ​ប្រាក់កម្រៃ​ដែល​ត្រូវ​បង់​ឲ្យ​សិល្បករ​ចំនួន ៣០ នាក់ ដើម្បី​ហ្វឹកហាត់​រយៈពេល​៦​ខែ គេ​ត្រូវការ​ថវិកា​ជាង​១០ ម៉ឺន​ដុល្លារ ដោយ​មិន​រាប់បញ្ចូល​ថ្លៃ​ជួល​ទីតាំង ថ្លៃឈ្នួល​សម្រាប់​អ្នកសរសេរ​រឿង ថ្លៃឈ្នួល​អ្នកដឹកនាំ​រឿង ដឹកនាំ​សមាគម ដែល​វិភាគទាន​ផ្ទាល់ខ្លួន​របស់លោក​នោះ​នៅឡើយ​។​

​តួកុន​ហូលីវូត អ្នកស្រី Angelina Jolie ដែល​ធ្លាប់​មក​សម្តែង​ភាពយន្ត​នៅក្នុង​ប្រទេស​កម្ពុជា​ច្រើន​ដង​ហើយ​នោះបាន​បាន​ចូលរួម​លើកទឹកចិត្ត​សមាគម​សិល្បករ​គោកធ្លក​ក្នុង​បេសកកម្ម​ផ្សព្វផ្សាយ​ល្ខោន​ស្រមោល​ស្បែក​ធំ​នៅក្នុង​ប្រទេស​កម្ពុជា​នេះ​។ តារា​សម្តែង​អាមេរិក​កម្រិត​ពិភពលោក​ដែល​បាន​ដឹកនាំ​រឿង «មុនដំបូង ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ» ហើយ​ដែល​នឹងត្រូវ​សម្ពោធ​នៅ​ថ្ងៃទី​១៨​កុម្ភៈ​នេះ បានផ្តល់​សារ​គាំទ្រ​ដល់​សមាគម​គោកធ្លក​ដែលមាន​ន័យ​ដូចនេះ​៖«​ដោយ​យល់​អំពី​សារសំខាន់ និង​ភាពល្អ​ឯកនៃ​ល្ខោន​ស្រមោល​នៅក្នុង​វប្បធម៌​ខ្មែរ ខ្ញុំ​ពេញ​ចិត្តនឹង​ផ្តល់​ការគាំទ្រ​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ចំពោះ​ការសម្តែង​រឿង​រាមកេរ្តិ៍​នេះ​។ ដោយសារតែ​ល្ខោន​ស្រមោល​ស្បែក​ធំ​នេះ នឹងត្រូវ​សម្តែង​នៅ​ទូទាំងប្រទេស ខ្ញុំ​សង្ឃឹមថា ពលរដ្ឋ​ខ្មែរ​គ្រប់​វ័យ​នឹង​បាន​ទស្សនាការ​សម្តែង​នេះ​ដោយ​ក្តី​រីករាយ​»៕


Tag:
 ស្បែក​ធំ​
  រាមកេរ្តិ៍
  គោកធ្លក​
© រក្សាសិទ្ធិដោយ thmeythmey.com