ជាតិ
លោក គឹម សុខ ៖ «ទោះខ្ញុំមានរឿងអ្វីក៏ដោយ វាគ្រាន់តែបាត់បង់រូបខ្ញុំម្នាក់ប៉ុណ្ណោះ»
× ភ្នំពេញ៖ «ទោះខ្ញុំមានរឿងអ្វីក៏ដោយ វាគ្រាន់តែជាការបាត់វត្តមានរបស់ខ្ញុំមួយរយៈ ឬបាត់បង់រូបខ្ញុំម្នាក់ប៉ុណ្ណោះ»។ នេះជាសំណេររបស់អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយលោក គឹម សុខ ដែលកំពុងរងពាក្យប្ដឹងពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទាមទារសំណងជំងឺចិត្ត៥០មុឺនដុល្លារ។
លោក គឹម សុខ ដែលត្រូវបានមេធាវីការពារសម្ដេច ហ៊ុន សែន ដាក់ពាក្យប្ដឹងក្រោមហេតុផលថា មួលបង្កាច់ និងទម្លាក់កំហុសទៅលើគណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី នោះបានសរសេរលើហ្វេសប៊ុកខ្លួនដូច្នេះថា៖«តែបើបងប្អូនឈាមខ្មែរទាំងឡាយ ទាំងប្រជារាស្ត្រធម្មតា ទាំងអ្នកនយោបាយជាតិប្រជាធិបតេយ្យ យល់អំពីតម្លៃនៃការរួមកម្លាំងការងារតស៊ូមតិរឹងមាំជាមួយគ្នាដោយស្មារតីមិនបោះបង់ឆ្ពោះទៅកាន់ការផ្លាស់ប្តូរ នោះជីវិតជាតិយើងនៅតែរស់ ។ហើយប្រសិនបើមានការបាត់បង់ខ្ញុំមែន វាគ្មានអ្វីគួរឲ្យសោកស្ដាយឡើយ»។
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយរូបនេះ ជុំវិញសំណេររបស់គាត់ឡើយ។
នៅព្រឹកថ្ងៃទី១៣ កុម្ភៈនេះ លោក គី តិច មេធាវីការពារក្តីសម្ដេច ហ៊ុន សែន បានដាក់ពាក្យប្ដឹងលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ទៅតុលាការហើយ ដោយទាមទារសំណងជំងឺចិត្តជូនសម្ដេច ហ៊ុន សែន ចំនួន២ពាន់លានរៀល ស្មើនឹង៥០ម៉ឺនដុល្លារអាមេរិក។ នាយរដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកការបកស្រាយរបស់លោក គឹម សុខ បែបនេះ គឺជាបង្ខូចឈ្មោះគណបក្សប្រជាជន។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ បានផ្ដាំលោក គឹម សុខ ថា កុំឲ្យរត់ចោលស្រុកផងដែរ ព្រោះពេលនេះសម្ដេច បានបញ្ជាឲ្យកងកម្លាំងតាមឃ្លាំមើលហើយ។
តែយ៉ាងណាអ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយលោក គឹម សុខ អះអាងថា អ្វីដែលលោកបានបកស្រាយនេះ គឺដើម្បីចូលរួមបំភ្លឺចម្ងល់ប្រជាពលរដ្ឋ អំពីស្ថានការណ៍នយោបាយ និងស្ថានភាពអយុត្តិធម៌ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ។ ជាពិសេសលើកទឹកចិត្តពលរដ្ឋ ឲ្យចូលរួមតស៊ូមតិបែបប្រជាធិបតេយ្យប៉ុណ្ណោះ ព្រោះ «ពលរដ្ឋថ្លៃថ្នូរ ចង់រស់នៅក្រោមមេដឹកនាំថ្លៃថ្នូរ»៕
Tag:
គឹម សុខ
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com