ជាតិ
សង្គមជាតិ
ក្រសួងវប្បធម៌លើកទឹកចិត្តឲ្យប្រារព្ធទិវានៃក្តីស្រឡាញ់ ប៉ុន្តែត្រូវធ្វើដោយកិត្តិយស
× ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនបានហាមឃាត់ឡើយ ចំពោះការប្រារព្ធទិវានៃក្តីស្រឡាញ់ Valentine’s Day នៅកម្ពុជា។ ផ្ទុយទៅវិញ ក្រសួងវប្បធម៌ ថែមទាំងបានលើកទឹកចិត្ត ឲ្យបង្ហាញក្តីស្រឡាញ់ដល់មនុស្សជុំវិញខ្លួន មនុស្សដែលរស់នៅក្នុងសង្គមជាមួយគ្នា ដោយមិនសំដៅតែទៅលើស្នេហាប្រុសស្រីឡើយ។ បើតាមក្រសួងវប្បធម៌ ការផ្តល់ក្តីស្រឡាញ់នេះ ត្រូវប្រារព្ធឡើងដោយទឹកចិត្តស្មោះសរ និងរក្សាបាននូវកិត្តិយសផ្ទាល់ខ្លួន គ្រួសារ និងវប្បធម៌ដ៏ថ្លៃថ្នូរបស់ជាតិ។
ក្រសួងរប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីអំពាវនាវមួយ នៅមុនថ្ងៃបុណ្យនៃក្តីស្រឡាញ់ ឬValentine’s Day ចូលមកដល់។ ដ្បិតជាបុណ្យរបស់បស្វិមប្រទេស ដែលបានហូរចូលមកប្រទេសកម្ពុជា នៅក្នុងសេចក្តីអំពាវនាវនេះ ក្រសួងវប្បធម៌ មិនបានហាមឃាត់ដាច់ខាតមិនឲ្យពលរដ្ឋកម្ពុជាប្រារព្ធទិវានេះឡើយ ប៉ុន្តែពួកគេត្រូវយល់ដឹងឲ្យពិតប្រាកដ នូវវប្បធម៌ ប្រពៃណីដ៏ថ្លៃថ្នូរ ជាមរតក ញើសឈាម ដែលបុព្វបុរសបន្សល់ទុកឲ្យ ហើយក៏ត្រូវស្វែងយល់ឲ្យបានគ្រប់ជ្រុងជ្រោយពីខ្លឹមសារ និងឥទ្ធិពលនៃទំនៀមទម្លាប់ និងវប្បធម៌ពីក្រៅ ដើម្បីបន្ស៊ីចូលទៅក្នុងឥរិយាបថនៃសង្គមរបស់ខ្លួន សំដៅរក្សាជាអត្តិភាពជាប្រជាជាតិថ្លៃថ្នូររបស់ខ្លួន។
សម្រាប់ក្រសួងវប្បធម៌ ទិវានៃក្តីស្រឡាញ់កម្ពុជា គួរជាឱកាសចែកចាយ និងធានាថា ក្តីស្រឡាញ់ដ៏ទូលំទូលាយមួយ ត្រូវធ្វើឡើងក្នុងសន្តានចិត្តដ៏ស្មោះសរចំពោះមនុស្សដែលនៅជុំវិញខ្លួន រួមមានក្រុមគ្រួសារ ឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ និងចំពោះអ្នករស់នៅក្នុងសង្គមជាមួយគ្នា ដូចជា ជនពិការ កុមារកំព្រា និងអ្នកដែលខ្សត់ខ្សោយជាងខ្លួន -ល-។
ទិវានេះ មិនគួរប្រមូលផ្តុំ តែទៅលើស្នេហាប្រុសស្រីនោះឡើយ។ ក្រសួងវប្បធម៌ បញ្ជាក់ដូច្នេះ នៅក្នុងសេចក្តីអំពាវដដែល រួចហើយបន្តថា រូបភាពដែលអាចបង្ហាញក្តីស្រឡាញ់មានដូចជា ការជួបជុំពិភាក្សាគ្នា ការសរសេរលិខិតជូនពរ ឬជូនអំណោយផ្សេងៗ ដូចជាផ្កា ឬវត្ថុបញ្ចាំចិត្តនានា និងការយកចិត្តទុកដាក់របស់ខ្លួន។
ស្ថាប័នរដ្ឋមួយនេះ ក៏អំពាវនាវដល់មាតាបិតា និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសយុវជន សូមឲ្យចូលរួមចំណែកតាមដែលអាចធ្វើបាន ទប់ស្កាត់ និងដាស់តឿនក្រើនរំលឹក ជួយពន្យល់ណែនាំកូនចៅ មិត្តភក្តិ កុំឲ្យប្រើប្រាស់ទិវានេះជាលេសប្រព្រឹត្តអំពើអវិជ្ជមាននានាខុសគន្លងប្រពៃណីក៏ត្រកាលរបស់ខ្មែរ ហើយដែលនាំឲ្យប៉ះពាល់ដល់អនាគត និងកិត្តិយសរបស់ខ្លួន ក៏ដូចជាក្រុមគ្រួសារ។ ទន្ទឹមនឹងនេះ ការប្រារព្ធទិវានៃក្តីស្រឡាញ់នេះ គឺត្រូវប្រារព្វឡើងក្នុងស្មារតីថែរក្សា ការពារ នូវអារ្យធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏ឧត្តុងឧត្តមរបស់ជាតិ និងការលើកតម្កើងកិត្យានុភាពរបស់កម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com