ជាតិ
សកម្មជន​ដីធ្លី នៅតែ​មិន​បោះបង់​យុទ្ធនាការ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»
13, Feb 2017 , 9:59 pm         840
រូបភាព
​ភ្នំពេញ​៖ ទោះបីជា​ការដោះលែង​មន្ត្រី​សិទ្ធិមនុស្ស រួមទាំង​សកម្មជន​ដីធ្លី ត្រូវបាន​បក្ស​កាន់អំណាច អះអាងថា មិនអាច​ធ្វើឡើង​ដោយ​បំពាន​ស្ថាប័ន​តុលាការ​ក្តី ក៏​ពលរដ្ឋ​មួយចំនួន​ក្នុង​តំបន់​បឹងកក់ និង​ពលរដ្ឋ​ក្នុង​តំបន់​ផ្សេងៗ​ទៀត នៅតែ​បន្ត​ទាមទារ​តាមរយៈ​យុទ្ធនាការ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» ដដែល​។


​សកម្មជន​បឹងកក់ រួមទាំង​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ផ្សេងទៀត​នៅ​រាជធានី​ភ្នំពេញ ប្រមាណ​៥០ នាក់ បាន​បន្តធ្វើ​យុទ្ធនាការ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក​៤​រូប និង​មន្ត្រី​គ​.​ជ​.​ប ១​រូប រួមទាំង​លោកស្រី ទេព វ​ន្នី ផងដែរ​។ ការទាមទារ​របស់​ពួកគេ តាមរយៈ​យុទ្ធនាការ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» ប្រព្រឹត្ត​ទៅដោយ​ក្តីសង្ឃឹម​តិចតួច​ប៉ុណ្ណោះ ពីព្រោះ​តែ​ថ្មីៗ​នេះ បក្ស​កាន់អំណាច​បានប្រកាស​រួច​ហើយ​ថា ករណី​របស់​អ្នក​ជាប់ពន្ធនាគារ ស្ថិតនៅក្រោម​ចំណាត់ការ​របស់​តុលាការ ដោយ​គ្មាន​ស្ថាប័ន​ណាមួយ អាច​លូកដៃ​ចូល​បាន​នោះទេ​។ 

​លោកស្រី ប៉ូវ សោភា សកម្មជន​បឹងកក់​មួយរូប ដែល​តែងតែ​ចូលរួម​ក្នុង​យុទ្ធនាការ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» មិនសូវ​ខកខាន​នោះ បាន​និយាយថា លោកស្រី រួមទាំង​ពលរដ្ឋ​ដទៃទៀត នៅតែ​បន្ត​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់ពន្ធនាគារ​ខាងលើ បើទោះបីជា​ក្តីសង្ឃឹម មាន​តិច​ក៏ដោយ​។ លោកស្រី មាន​សុទិដ្ឋិនិយម​ថា យ៉ាងហោចណាស់ ការទាមទារ​នេះ ក៏​អាចជួយ​ឲ្យ​លោកស្រី ទេព វ​ន្នី មាន​សេរីភាព​ឡើងវិញ​ដែរ ដោយហេតុថា លោកស្រី ទេព វ​ន្នី មានទោស​ស្រាល​ជាងគេ ដូច្នេះ​សម្តេច ហ៊ុន សែន អាច​នឹង​ពិចារណា​ក្នុងការ​ថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​សុំ​ព្រះរាជទាន​លើកលែងទោស​។

​លោកស្រី ប៉ូវ សោភា ដែល​ចាត់ទុក​អ្នក​ខាងលើ​ថា ជាប់ពន្ធនាគារ​ដោយ​ភាពអយុត្តិធម៌ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ពួក​ខ្ញុំ​នៅតែ​តស៊ូ​ដោយ​អហិង្សា ដើម្បី​ឲ្យ​មានការ​ដោះលែង​ពួកគាត់​។ ទោះបីជា​ក្តីសង្ឃឹម​ដូច​ភ្លៀងរលឹម​ក្តី ក៏​ពួក​ខ្ញុំ​នៅតែ​ធ្វើ​ដែរ​»​។​

​មន្ត្រី​អាដហុក រួមមាន លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី ព្រមទាំង​មន្ត្រី​គ​.​ជ​.​ប លោក នី ចរិយា បាន​ជាប់ពន្ធនាគារ​ប្រហែល​១០​ខែ​ហើយ​។ តាម​ការចោទប្រកាន់​ពី​សំណាក់​តុលាការ អ្នក​ទាំង​៥ បាន​រង​បទ​ចោទ «​សូកប៉ាន់​សាក្សី​» និង​បទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​» ក្នុង​សំណុំរឿង​របស់​ស្រីមុំ និង​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។

​ចំណែកឯ លោកស្រី ទេព វ​ន្នី ទើបតែ​ជាប់ពន្ធនាគារ​ម្តងទៀត កាលពី​ប៉ុន្មាន​ខែ​មុន បន្ទាប់ពី​លោកស្រី ចូលរួម​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ជាច្រើនលើក​។ ប៉ុន្តែ ការចាប់​លោកស្រី ទេព វ​ន្នី ដាក់ពន្ធនាគារ​លើក​នេះ មិនមែន​ទាក់ទង​នឹង​បទល្មើស ដែល​លោកស្រី ចូលរួម​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប នោះទេ​។ បទល្មើស ដែល​តុលាការ​បាន​ចោទ​លោកស្រី ទេព វ​ន្នី គឺ​ទាក់ទង​នឹង​អំពើហិង្សា​នៅក្បែរ​ផ្ទះ សម្តេច ហ៊ុន សែន តាំង​២០១៣ មកម្ល៉េះ​។ កាលនោះ លោកស្រី ទេព វ​ន្នី សកម្មជន​បឹងកក់​មួយរូប ដែល​ជាប់ពន្ធនាគា​រញឹក​ញាប់​ជាងគេ​នោះ បាន​ចូលរួម​ជាមួយនឹង​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត ដើម្បី​ទាមទារ​ឲ្យ​តុលាការ ទម្លាក់​ការចោទប្រកាន់​លើ​លោកស្រី យ៉ោ​ម បុប្ផា ដែលជា​អតីត​សកម្មជន​បឹងកក់ ផងដែរ​។​

​កន្លងមក លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​អះអាង​ជាច្រើនលើក​មកហើយ​ថា ការ​លូកដៃ​ចូលទៅក្នុង​ប្រព័ន្ធតុលាការ ដើម្បី​សុំ​ឲ្យ​ដោះលែង​អ្នកទោស គឺ​មិនអាច​ទៅរួច​នោះទេ​។ លោក ធ្លាប់​និយាយទៀតថា ករណី​របស់​អ្នក​ទាំងនោះ គឺ​ត្រូវ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។ 

​ដោយសារតែ​មិន​ពេញ​ចិត្តនឹង​សំណើសុំ​ឲ្យ​ដោះលែង​អ្នកទោស​នេះហើយ ទើប​សម្តេច ហ៊ុន សែន ស្នើ​ឲ្យ​រដ្ឋសភា លុប​តួនាទី​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ និង​ប្រធាន​ក្រុម​មតិ​ភាគតិច​ដែលមាន​ឋានៈ​ស្មើនឹង​នាយករដ្ឋមន្ត្រី​ចេញពី​ពី​បទបញ្ជាផ្ទៃក្នុង​។ សម្តេច ហ៊ុន សែន លើកឡើងថា ប្រសិនបើ គណបក្ស​សង្គ្រោះ​ជាតិ តែង​មានបំណង​ប្រើប្រាស់​តួនាទី​ខាងលើ ដើម្បី​សុំ​ឲ្យ​ដោះលែង​អ្នកទោស​នោះ ដូច្នេះ​គួរតែ​លុបចោល​តែម្តងទៅ​។ បច្ចុប្បន្ននេះ តួនាទី​ខាងលើ​ត្រូវបាន​រដ្ឋសភា លុបចោល​ទៅតាម​សំណើ​របស់​សម្តេច ហ៊ុន សែន ហើយ​៕

Tag:
 អាដហុក​
  គជប​
  សកម្មជន​ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ