ជាតិ
សកម្មជនដីធ្លី នៅតែមិនបោះបង់យុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ»
× ភ្នំពេញ៖ ទោះបីជាការដោះលែងមន្ត្រីសិទ្ធិមនុស្ស រួមទាំងសកម្មជនដីធ្លី ត្រូវបានបក្សកាន់អំណាច អះអាងថា មិនអាចធ្វើឡើងដោយបំពានស្ថាប័នតុលាការក្តី ក៏ពលរដ្ឋមួយចំនួនក្នុងតំបន់បឹងកក់ និងពលរដ្ឋក្នុងតំបន់ផ្សេងៗទៀត នៅតែបន្តទាមទារតាមរយៈយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» ដដែល។
សកម្មជនបឹងកក់ រួមទាំងប្រជាពលរដ្ឋនៅសហគមន៍ផ្សេងទៀតនៅរាជធានីភ្នំពេញ ប្រមាណ៥០ នាក់ បានបន្តធ្វើយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» នៅថ្ងៃទី១៣ ខែកុម្ភៈ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីអាដហុក៤រូប និងមន្ត្រីគ.ជ.ប ១រូប រួមទាំងលោកស្រី ទេព វន្នី ផងដែរ។ ការទាមទាររបស់ពួកគេ តាមរយៈយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» ប្រព្រឹត្តទៅដោយក្តីសង្ឃឹមតិចតួចប៉ុណ្ណោះ ពីព្រោះតែថ្មីៗនេះ បក្សកាន់អំណាចបានប្រកាសរួចហើយថា ករណីរបស់អ្នកជាប់ពន្ធនាគារ ស្ថិតនៅក្រោមចំណាត់ការរបស់តុលាការ ដោយគ្មានស្ថាប័នណាមួយ អាចលូកដៃចូលបាននោះទេ។
លោកស្រី ប៉ូវ សោភា សកម្មជនបឹងកក់មួយរូប ដែលតែងតែចូលរួមក្នុងយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» មិនសូវខកខាននោះ បាននិយាយថា លោកស្រី រួមទាំងពលរដ្ឋដទៃទៀត នៅតែបន្តទាមទារឲ្យដោះលែងអ្នកជាប់ពន្ធនាគារខាងលើ បើទោះបីជាក្តីសង្ឃឹម មានតិចក៏ដោយ។ លោកស្រី មានសុទិដ្ឋិនិយមថា យ៉ាងហោចណាស់ ការទាមទារនេះ ក៏អាចជួយឲ្យលោកស្រី ទេព វន្នី មានសេរីភាពឡើងវិញដែរ ដោយហេតុថា លោកស្រី ទេព វន្នី មានទោសស្រាលជាងគេ ដូច្នេះសម្តេច ហ៊ុន សែន អាចនឹងពិចារណាក្នុងការថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីសុំព្រះរាជទានលើកលែងទោស។
លោកស្រី ប៉ូវ សោភា ដែលចាត់ទុកអ្នកខាងលើថា ជាប់ពន្ធនាគារដោយភាពអយុត្តិធម៌ បានបញ្ជាក់ដូច្នេះថា៖«ពួកខ្ញុំនៅតែតស៊ូដោយអហិង្សា ដើម្បីឲ្យមានការដោះលែងពួកគាត់។ ទោះបីជាក្តីសង្ឃឹមដូចភ្លៀងរលឹមក្តី ក៏ពួកខ្ញុំនៅតែធ្វើដែរ»។
មន្ត្រីអាដហុក រួមមាន លោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី ព្រមទាំងមន្ត្រីគ.ជ.ប លោក នី ចរិយា បានជាប់ពន្ធនាគារប្រហែល១០ខែហើយ។ តាមការចោទប្រកាន់ពីសំណាក់តុលាការ អ្នកទាំង៥ បានរងបទចោទ «សូកប៉ាន់សាក្សី» និងបទ «សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី» ក្នុងសំណុំរឿងរបស់ស្រីមុំ និងឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
ចំណែកឯ លោកស្រី ទេព វន្នី ទើបតែជាប់ពន្ធនាគារម្តងទៀត កាលពីប៉ុន្មានខែមុន បន្ទាប់ពីលោកស្រី ចូលរួមទាមទារឲ្យដោះលែងមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ជាច្រើនលើក។ ប៉ុន្តែ ការចាប់លោកស្រី ទេព វន្នី ដាក់ពន្ធនាគារលើកនេះ មិនមែនទាក់ទងនឹងបទល្មើស ដែលលោកស្រី ចូលរួមទាមទារឲ្យដោះលែងមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប នោះទេ។ បទល្មើស ដែលតុលាការបានចោទលោកស្រី ទេព វន្នី គឺទាក់ទងនឹងអំពើហិង្សានៅក្បែរផ្ទះ សម្តេច ហ៊ុន សែន តាំង២០១៣ មកម្ល៉េះ។ កាលនោះ លោកស្រី ទេព វន្នី សកម្មជនបឹងកក់មួយរូប ដែលជាប់ពន្ធនាគារញឹកញាប់ជាងគេនោះ បានចូលរួមជាមួយនឹងប្រជាពលរដ្ឋផ្សេងៗទៀត ដើម្បីទាមទារឲ្យតុលាការ ទម្លាក់ការចោទប្រកាន់លើលោកស្រី យ៉ោម បុប្ផា ដែលជាអតីតសកម្មជនបឹងកក់ ផងដែរ។
កន្លងមក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់អះអាងជាច្រើនលើកមកហើយថា ការលូកដៃចូលទៅក្នុងប្រព័ន្ធតុលាការ ដើម្បីសុំឲ្យដោះលែងអ្នកទោស គឺមិនអាចទៅរួចនោះទេ។ លោក ធ្លាប់និយាយទៀតថា ករណីរបស់អ្នកទាំងនោះ គឺត្រូវដោះស្រាយទៅតាមផ្លូវច្បាប់។
ដោយសារតែមិនពេញចិត្តនឹងសំណើសុំឲ្យដោះលែងអ្នកទោសនេះហើយ ទើបសម្តេច ហ៊ុន សែន ស្នើឲ្យរដ្ឋសភា លុបតួនាទីជាប្រធានក្រុមតំណាងរាស្ត្រ និងប្រធានក្រុមមតិភាគតិចដែលមានឋានៈស្មើនឹងនាយករដ្ឋមន្ត្រីចេញពីពីបទបញ្ជាផ្ទៃក្នុង។ សម្តេច ហ៊ុន សែន លើកឡើងថា ប្រសិនបើ គណបក្សសង្គ្រោះជាតិ តែងមានបំណងប្រើប្រាស់តួនាទីខាងលើ ដើម្បីសុំឲ្យដោះលែងអ្នកទោសនោះ ដូច្នេះគួរតែលុបចោលតែម្តងទៅ។ បច្ចុប្បន្ននេះ តួនាទីខាងលើត្រូវបានរដ្ឋសភា លុបចោលទៅតាមសំណើរបស់សម្តេច ហ៊ុន សែន ហើយ៕
Tag:
អាដហុក
គជប
សកម្មជនដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com