ជាតិ
លោក គឹម សុខ​៖«​ខ្ញុំ​មាន​លុយ​៥០​ម៉ឺ​ន​ដុល្លារ​ពី​ណា​មក​សង​សម្ដេច បើ​ខ្ញុំ​ស្នាក់​នៅក្នុង​បន្ទប់​ជួល​?»
14, Feb 2017 , 10:23 am         165744
រូបភាព
​ភ្នំពេញ​៖ អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ ត្រូវបាន​មេធាវី​ការពារ​ក្តី​សម្ដេច ហ៊ុន សែន ដាក់ពាក្យ​ប្ដឹង​ទាមទារ​សំណង​៥០​ម៉ឹ​ន​ដុល្លារ ក្រោមហេតុផលថា មួលបង្កាច់​និង ទម្លាក់ កំហុស​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នក​សម្លាប់​លោក កែម ឡី​។ លោក គឹម សុខ បដិសេធថា លោក​មិនបាន​ចោទ​គណបក្ស​ប្រជាជន​ឡើយ​។ លោក​ថា បណ្ដឹង​របស់​សម្ដេច ហ៊ុន សែន គឺ​គ្រាន់តែ​ចង់​កៀបសង្កត់​លោក​មិន​ឲ្យ​តស៊ូ​មតិ​ក្នុងសង្គម​ប៉ុណ្ណោះ​។


​ខាងក្រោម​នេះ​ជា​កិច្ច​សម្ភាស​តាម​ទូរ​សព្ទ​រវាង​លោក រំដួល ចិ​ត្រា ការី​និពន្ធ​នៃ​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​ថ្មីៗ និង​លោក គឹម សុខ ៖

​លោក រំដួល ចិ​ត្រា​៖ នៅពេលនេះ​មេធាវី​សម្ដេច ហ៊ុន សែន បាន​ប្ដឹង​លោក ដែល​បាន​បកស្រាយ​នៅក្នុង​វិទ្យុ​អាស៊ីសេរី ទាក់ទង​នឹង​ករណី​ស្លាប់​របស់លោក កែម ឡី​។ តើ​លោក​មានការ​ឆ្លើយតប​បែបណា​ចំពោះ​បណ្ដឹង​នេះ​?

​លោក គឹម សុខ​៖ មែនទែនទៅ ខ្ញុំ​អត់​បាន​ចោទ​គណបក្ស​ប្រជាជន​ដូច​ពាក្យបណ្ដឹង​នេះ​ទេ​។ នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី ខ្ញុំ​បាន​ប្រើពាក្យ​ថា​«​គេ​»​។ ហើយ​បើ​យើង​ពិនិត្យមើល​លើ​អត្ថន័យ​របស់​ខ្មែរ​សព្វនាម «​គេ​» នេះ​គឺ​មិន​សំដៅលើ​នរណាម្នាក់ ឫ​ក្រុម​ណាមួយ​ឡើយ ដូចនេះ​បានន័យថា​ខ្ញុំ​ប្រើពាក្យ​«​គេ​»​នេះ គឺ​អត់​បាន​ចោទ​ទៅលើ​គណបក្ស​ប្រជាជន​ទេ​។ ម្យ៉ាងទៀត​ខ្ញុំ​បាន​ប្រើពាក្យ​ពី​ខាងដើម​ក្នុង​កិច្ច​សម្ភាស​ថា គណបក្ស​ប្រជាជន​មិនបាន​ត្រៀមខ្លួន​ទៅ​ការបោះឆ្នោត​ទេ តែមាន​គម្រោងការ​ប្លន់​យក​អំណាច​…​។ ខ្ញុំ​ទទួលស្គាល់ថា​ខ្ញុំ​បាន​និយាយ​ពាក្យ​នេះ ប៉ុន្តែ​គាត់​មិនបាន​ប្ដឹង​ត្រង់ចំណុច​នេះ​ទេ គាត់​បែរជា​កាត់ត​ពាក្យ​ខ្ញុំ​ពី​ខាងដើម​ដែលមាន​ប្រើពាក្យគណបក្ស​ប្រជា​ជននេះ មក​ភ្ជាប់​ត្រង់ចំណុច​បាញ់សម្លាប់​លោក កែម ឡី ហើយ​ថា​ខ្ញុំ​ចោទ​គណបក្ស​ប្រជាជន ជា​អ្នក​សម្លាប់​លោក កែម ឡី ទៅវិញ​។ ហើយ​បើ​ពិនិត្យមើល​លើ​ប្រយោគ ដែល​ខ្ញុំ​និយាយ​ទាក់ទង​នឹង​ការបាញ់សម្លាប់​លោក កែម ឡី នោះ គឺ​ខ្ញុំ​និយាយ​ដោយ​គ្មាន​ប្រើ​ប្រធាន​(​ឈ្មោះ​)​ទៀត សូម្បីតែ​ពាក្យ​ថា​«​គេ​»​ក៏​ខ្ញុំ​មិន​ប្រើ​ដែរ​។ ដូច្នេះ​ខ្ញុំ​មានតែ​រង់ចាំ​មើលថា​តើ​អ្នកច្បាប់​ក្នុង​តុលាការ​គេ​បកស្រាយ​យ៉ាងដូចម្ដេចលើ​ខ្លឹមសារ​នៃ​ពាក្យបណ្ដឹង និង​ការបកស្រាយ​របស់ខ្ញុំ​ក្នុង​វិទ្យុ​អាស៊ីសេរី​នេះ​។​

លោក រំដួល ចិ​ត្រា​៖ ក្នុង​បណ្ដឹង​នោះ​មេធាវី​សម្ដេច ហ៊ុន សែន ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក រហូតដល់​៥០​ម៉ឺន​ដុល្លារ​។ តើ​ការទាមទារ​សំណង​បែបនេះ​លោក អាច​ទទួលយក​បានទេ​?

​លោក គឹម សុខ​៖ ចំពោះ​សំណង​ជំងឺ​ចិត្ត​៥០​ម៉ឺន​ដុល្លារ​នេះ ខ្ញុំ​គ្មានអ្វី​សង​គាត់​ទេ​។ ខ្ញុំ​មាន​លុយ​មកពីណា​សង​គាត់ បើ​ខ្ញុំ​ជួល​បន្ទប់​គេ​ស្នាក់នៅ​១​ខែ​តម្លៃ​៨០​ដុល្លារ​? ខ្ញុំ​ចាយវាយ​រិះថាំ​មួយខែ​មិន​ឲ្យ​លើសពី​១៥០​ដុល្លារ​ផង​។ ចំណែក​គម្រោង​ការងារ​សង្គម​តាម​សាលារៀន​ក៏​គេ​ឈប់​ជួល​ខ្ញុំ​ឲ្យ​បង្រៀន​ទៀត​។ ក្នុង​ខ្លួន ខ្ញុំ​មានតែ IPad មួយគ្រឿង Iphone​ពីរ​គ្រឿង ដែលជា​អំណោយ​ដែល​គេ​ប្រគល់​ឲ្យ​ខ្ញុំ​ទៀត​។ តែបើ​គាត់​ចង់បាន​យក​ចុះ​! ប៉ុន្តែ​ខ្ញុំ​យល់ថា រឿង​ប្ដឹង​នេះ​វា​គ្រាន់តែ​ជា​គំនាប​នយោបាយ​ដើម្បី​សង្កត់​ផ្លូវចិត្ត និង​ផ្លូវ​អារម្មណ៍​ខ្ញុំ​មិន​ឲ្យ​ខ្ញុំ​តស៊ូ​មតិ​ក្នុង​កិច្ចការ​សង្គម និង​នយោបាយ​ប៉ុណ្ណោះ ហើយ​វា​មិនមែនជា​មូលហេតុ​ដែល​គាត់​ឈឺចិត្ត ហើយ​ប្ដឹង​ទាមទារ​ប្រាក់​ដើម្បី​បំពេញចិត្ត​គាត់​នោះឡើយ​។​

​លោក រំដួល ចិ​ត្រា​៖ សម្ដេច ហ៊ុន សែន បាន​ផ្ដាំ​លោក​កុំ​ឲ្យ​រត់​ចាក​ចេញពី​ប្រទេស ហើយ​បាន​បញ្ជា​សមត្ថកិច្ច​ឲ្យ​តាមឃ្លាំមើល​រូបលោក​ទៀត​។ តើ​លោក​មានបំណង​ចង់​គេច​ពី​ការប្រឈមមុខ​នឹង​បណ្ដឹង​នេះ​មែន​ទេ ទើបបានជា​សម្ដេច ហ៊ុន សែន ព្រលយ​ពាក្យ​បែបនេះ​?

​លោក គឹម សុខ​៖ ខ្ញុំ​មិន​រត់​ទៅណា​ទេ ខ្ញុំ​ច្បាស់​ហើយ​ថា​ខ្ញុំ​មិន​រត់​ឡើយ​។ ហើយ​ខ្ញុំ​ក៏​មិន​អង្វរ​អ្នកណាម្នាក់​ដែរ​។ ខ្ញុំ​នៅ​តតាំង​រឿងក្តី​នេះ​តាមច្បាប់ ព្រោះ​ខ្ញុំ​ជឿ​ច្បាស់​ណាស់​លើ​ទង្វើ​របស់ខ្ញុំ​ពិត និង​សំឡេង​ពិត​ចេញពី​មាត់​ខ្ញុំ​។ ប៉ុន្តែ​ខ្ញុំ​សំណូមពរ​ទៅ​សម្ដេចនាយក​រដ្ឋមន្ត្រី​វិញ​ថា កុំ​ដាក់​កងកម្លាំង​ឯកសណ្ឋាន​ស៊ីវិល​ទាំង​ហ្វូង​តាម​រំខាន​ការងារ​ខ្ញុំ​ច្រើនពេក ព្រោះ​វា​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​ខ្ញុំ និង​ប៉ះពាល់​ដល់​ការងារ​របស់ខ្ញុំ​។ សម្ដេច​គ្រាន់តែ​ដាក់​ប៉ូលិស​មាន​ឯក​សណ្ដាន​ត្រឹមត្រូវ​ពីរ​នាក់​តាមដាន​ដំណើរ​ខ្ញុំ​ទៅបាន​ហើយ ហើយ​ខ្ញុំ​សន្យា​សហការ​ឲ្យ​បានល្អ​ជាមួយ​គាត់​។ សូម​លេងល្បែង​ផ្លូវច្បាប់​មែនទែន ដោយ​កុំ​ប្រើ​វិធី​បន្លាច​រហូតដល់​មាន​ការប្រើ​កងកម្លាំង​ទៅធ្វើ​សកម្មភាព​ដល់​ស្រុកកំណើត​ខ្ញុំ​ទាំង​មិន​សមជា​ក្រុមមនុស្ស​ចេះ​ច្បាប់​បែបនេះ​។​

​លោក រំដួល ចិ​ត្រា​៖ ទាក់ទង​នឹង​សំណេរ​លើ​ហ្វេ​ស​ប៊ុ​កលោក​វិញ លោក​បានសរសេរថា ទោះជា​មានរឿង​អ្វី​ក៏ដោយ វា​គ្រាន់តែ​បាត់បង់​រូបលោក​មួយរយៈ​ពេល ឬ​បាត់បង់​លោក​ម្នាក់​ប៉ុណ្ណោះ​។ ឃ្លា​នេះ​បាន​ន័យ​ដូចម្ដេច​?

​លោក គឹម សុខ​៖ ឃ្លា​ថាបើ​បាត់បង់​រូបខ្ញុំ​មួយរយៈ​ពេលនេះ មានន័យ​ថាបើ​ខ្ញុំ​ចាញ់ក្តី គេ​នឹង​ចាប់​ខ្ញុំ​ដាក់គុក ព្រោះនេះ​ជាការ​ប៉ុនប៉ង​របស់គេ​។ ហើយ​បើ​ខ្ញុំ​គ្មាន​លុយ​បង់​ឲ្យ​គេ​ទៀត គេ​នឹង​ចាប់​ដាក់គុក ដូច្នេះ​វា​មានន័យថា​គេច​មិន​រួច​ពី​គុក​ទេ​។ តែបើ​មាន​អ្វី​ធ្ងន់ធ្ងរ​ទៀត​ដល់​បាត់​បង់ជីវិត​នោះ មានន័យថា​វា​អាច​បាត់បង់​ខ្ញុំ​តែ​ម្នាក់​ទេ ហើយ​បើសិន​មានការ​បាត់បង់​ខ្ញុំ​មែន​វា​ក៏​គ្មាន​អ្វីដែល​ត្រូវ​ស្ដាយ​ឡើយ​។ ខ្មែរ​គ្រប់រូប​មិនចាំបាច់​តវ៉ា​អ្វី​ដើម្បី​ខ្ញុំ​ដែរ​។ ប៉ុន្តែ​ខ្មែរ​ទាំងអស់​ត្រូវ​រួមគ្នា ជា​កម្លាំង​ប្រជាធិបតេយ្យ​ឲ្យ​ធំ ហ៊ាន​តស៊ូ​មតិ​ប្រឆាំង​ភាពអយុត្តិធម៌​ក្នុងសង្គម​។ ហើយ​មានតែ​ការផ្លាស់ប្ដូរ​ទៅកាន់​ប្រជាធិបតេយ្យ​ពិតប្រាកដ​ទើប​ពលរដ្ឋ​រស់នៅ​ដោយ​ភាពថ្លៃថ្នូរ ពលរដ្ឋ​លែង​ជួប​រឿង​យំសោក​។​

​លោក រំដួល ចិ​ត្រា​៖ ដូច្នេះ​បានន័យថា លោក គឹម សុខ ដឹងខ្លួន​ថា​នឹង​ចាញ់ក្តី​នេះ ?

​លោក គឹម សុខ​៖
ខ្ញុំ​មិន​គិតថា ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​សព្វថ្ងៃ អាច​ផ្ដល់​យុត្តិធម៌​ដល់​ខ្ញុំ​ទេ ពីព្រោះ​យើង​គិត​ទៅ​មើល​អ្វីៗ​ដែលជា​ដំណើរការ​កន្លងមក គឺ​វា​វិ​វត្ត​ទៅ​តាមតែ​អ្វីដែល​ថ្នាក់ដឹកនាំ​ចង់បាន​ទៅវិញ​ទេ​។ ប៉ុន្តែ​ការបង្ហាញ​ជំហរ​មិន​រត់ចោល​ការទទួលខុសត្រូវ​របស់ខ្ញុំ ការបង្ហាញ​ជំហរ​មិន​រត់ចោល​ការតវ៉ា និង​រក​ខុសត្រូវ​ក្នុង​កាលៈទេសៈ​នេះ​របស់ខ្ញុំ គឺ​ដើម្បី​ប្រាប់​ពលរដ្ឋ​ថា សង្គម​មួយ​បើ​យើង​ចង់បាន​នីតិរដ្ឋ​ពិតប្រាកដ ត្រូវ​ក្លាហាន​នៅ​តទល់ នៅ​តវ៉ា​ប្រឆាំង​សម្ពាធ​ដែល​ធ្លាក់​មកលើ​យើង​។​

​លោក រំដួល ចិ​ត្រា​៖ ក្រោយ​រង​បណ្ដឹង​នេះ តើ​លោក​នៅតែ​បន្ត​វិភាគ​ទៀត​ដែរ​ទេ​?

​លោក គឹម សុខ​៖ អ្វី​ដែលជា​សម្ពាធ​របស់​គេ គឺ​គេ​មិន​ចង់​ឲ្យ​ខ្ញុំ​និយាយ មិន​ចង់​ឲ្យ​ខ្ញុំ​ជួប​ពលរដ្ឋ មិន​ចង់​ឲ្យ​ខ្ញុំ​ស្រាវជ្រាវ​នៅក្នុង​សង្គម​កម្ពុជា​នេះ​ទៀត​។ ប៉ុន្តែ​ខ្ញុំ​មើលឃើញ​ដូច្នេះ កាលណា​យើង​បាក់​ស្មារតី​របៀប​ហ្នឹង មានន័យថា​យើង​កំពុង​បំពេញ​បំណង​នៃ​ការចង់បាន​តាម​ផ្នែក​នយោបាយ​របស់គេ​ហើយ​។ បើ​យើង​បំពេញ​បំណង​ផ្នែក​នយោបាយ​របស់គេ គឺ​យើង​មិនអាច​នាំ​សង្គម​យើង​ឲ្យ​ក្លាយជា​សង្គម​នីតិរដ្ឋ​ពិតប្រាកដ​ទេ​។ ពលរដ្ឋ គឺជា​បេះដូង​ប្រជាធិបតេយ្យ ហើយ​ខ្ញុំ​ចង់បង្ហាញ​ពលរដ្ឋ​ថា ខ្ញុំ​នៅ​បន្ត​ចូលរួម​ទោះបី​ក្នុង​កាលៈទេសៈ​គ្រោះថ្នាក់​យ៉ាងណាក៏ដោយ​៕

Tag:
 ហ៊ុន សែន​
  គឹម សុខ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ