ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល ដាក់​ផែនការ​៤​ចំណុច ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគិន​ចូលមក​កម្ពុជា​
15, Feb 2017 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​ដាក់ចេញ​ផែនការ​ចំនួន​៤​ចំណុច ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគិន​ចូលមក​កម្ពុជា​បន្ថែមទៀត ស្រប​ពេលដែល​កម្ពុជា កំពុង​រក្សា​កំណើនសេដ្ឋកិច្ច ៧​ភាគរយ​។​



​ខណៈដែល​កំណើនសេដ្ឋកិច្ច​កម្ពុជា​ស្ថិតនៅក្នុង​រង្វង់​៧​ភាគរយ​ជាង​ពីរ​ទស្សវត្ស​មកនេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់ចេញ​ផែនការ​ចំនួន​៤​ចំណុច ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគិន​ចូលមក​កម្ពុជា​។ ផែនការ​៤​ចំណុច​នោះ​រួមមាន​៖ ការបញ្ចុះ​ថ្លៃ​អគ្គិសនី​សម្រាប់​តំបន់ឧស្សាហកម្ម និង​ភាពជឿ​ទុកចិត្ត​លើ​វិសាលភាព​គ្របដណ្ដប់​នៃ​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​។ ការរៀបចំ​ផែនការ​អនុវត្ត​មេ សម្រាប់​ការអភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន និង​ពហុ​មធ្យោបាយ​។ ពង្រឹង​ការ​និង​អភិវឌ្ឍ​យន្តការ​គ្រប់គ្រង​ទីផ្សា​ពលកម្ម​និង​ការបណ្ដុះបណ្ដាល​ជំនាញ​។ ការអភិវឌ្ឍ​និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ដើម្បី​ទាក់ទាញ និង​សម្រួល​ដល់​ការវិនិយោគ​គ្រប់​កម្រិត​។​

​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​នៅ​ព្រឹក​នេះ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ៖«​ក្នុងនាម​រាជរដ្ឋាភិបាល​ខ្ញុំ​សូម​ធានា​ជូន​វិនិយោគិន ធុរៈជន​គ្រប់រូប នូវ​បរិស្ថាន​គ្រប់យ៉ាង​ដែល​អនុគ្រោះ​អំណោយផល និង​ជួយ​ជំរុញ​ដល់​ការវិនិយោគ ជាពិសេស​ការរក្សា​នូវ​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច ការគិតគូរ​ក្របខណ្ឌ​ការលើកទឹកចិត្ត ព្រមទាំង​ក្របខណ្ឌ​ច្បាប់​នៃ​ស្ថាប័ន ទន្ទឹម​នៃ​ការរក្សា​ស្ថេរភាព​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​»​។​

​ក្រៅពីនេះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​កំពុង​ខិតខំ​ជំរុញ​នូវ​វិស័យ​សំខាន់ៗ​មួយចំនួន​ដូចជា វិស័យ​អប់រំ ,​វិស័យ​ឧស្សាហកម្ម ,​វិស័យ​បច្ចេកវិទ្យា ,​វិស័យ​កសិកម្ម និង​វិស័យ​បដិសណ្ឋារកិច្ច ដើម្បី​ជំរុញ​ការវិនិយោគ​ឲ្យ​កាន់តែ​ឆាប់​រីកលូតលាស់​ផងដែរ​។ សម្ដេច ហ៊ុន សែន រំពឹងថា​នៅ​ឆ្នាំ ២០៣០ កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​។ ហើយ​នៅ​ឆ្នាំ ២០៥០ កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។​

​កម្ពុ​ជាមាន​ចំណូល​មធ្យម​កម្រិត​ទាប ដែលមាន​កំណើនសេដ្ឋកិច្ច ៧.៧ ភាគរយ​។ កម្ពុជា​ក៏​កំពុង​ចូលរួម​យ៉ាងសកម្ម​ជាមួយ​អាស៊ាន ក្នុងទិសដៅ​ប្រែក្លាយ​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល ឲ្យ​ទៅជា​កត្តា​លី​ករ ឬ​«​ផ្កាយ​កំពុង​រះ​មួយ​ដួង​» ដែលជា​ការរួមចំណែក​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​តំបន់ និង​ពិភពលោក​ផងដែរ​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន​៕




Tag:
 ​ហ៊ុន សែន​
 ​ វិនិយោគ​
 ​ ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com