ជាតិ
សេដ្ឋកិច្ច
អត្ថបទពាណិជ្ជកម្ម
កម្ពុជា​ស្ថិតក្នុង​ភូមិសាស្ត្រ​វិនិយោគ​ល្អ​ក្នុង​តំបន់​អាស៊ាន តែ​ត្រូវ​បន្ថែម​ហេដ្ឋារចនាសម្ព័ន្ធ និង​បញ្ចុះ​ថ្លៃ​អគ្គិសនី​
15, Feb 2017 , 3:11 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកវិនិយោគ​អន្តរជាតិ បាន​លើកឡើងថា កម្ពុជា​ស្ថិតក្នុង​ភូមិសាស្ត្រ​កណ្តាល​តំបន់​អាស៊ាន​ដែល​ពួកគេ​ងាយស្រួល​ចរាចរ​ផលិតផល​ទំនិញ​ក្នុង​តំបន់ និង​ក្រៅ​តំបន់​អាស៊ាន​។ ប៉ុន្តែ​អ្នកវិនិយោគ​ទាំងនោះ​ស្នើ​ឲ្យ​កម្ពុជា ត្រូវ​បន្ត​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ បញ្ចុះ​ថ្លៃ​អគ្គិសនី និង​ធ្វើ​ច្បាប់​ការពារ​ការវិនិយោគ​ថែមទៀត ដើម្បី​លើកទឹកចិត្ត​ដល់​វិនិយោគិន​បរទេស​។​

​លោក Bretton G. Sciaroni សហប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា (The International Business Chamber of Cambodia) មាន​សុទ្ធិ​ដ្ឋិ​និយម​ថា កម្ពុជា​មានឱកាស​ច្រើន ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ពី​បរទេស​មក​បណ្តាក់ទុន​លើ​គ្រប់​វិស័យ​។  លោក Bretton G. Sciaroni បាន​តប​នឹង​សំណួរ​អ្នកសារព័ត៌មាន​ជុំវិញ​ស្ថានភាព​នៃ​ការវិនិយោគ​នៅ​កម្ពុជា​ថា នៅ​កម្ពុ​ជាមាន​ទីផ្សារ​ចរាចរ​ទំនិញ​ធំ​ទូលាយ តាមរយៈ​ការចូល​ជា​សមាជិក​អាស៊ាន ទោះបីជា​ប្រទេស​កូនពៅ​អាស៊ាន​មួយ​នេះ មាន​ចំនួន​ប្រជាជន​តែ ១៥ លាន​នាក់ និង​ផ្ទៃដី​តូចក្តី​។ «​កម្ពុ​ជាមាន​វិសាលភាព​វិនិយោគ​ធំ ដោយសារ​ទំហំ​ទំនិញ​ក្នុង​តំបន់​អាស៊ាន​ត្រូវ​ឆ្លងកាត់​កម្ពុជា​។ ឧទាហរណ៍ ការ​ចរាចរ​ទំនិញ​ទៅមក របស់​ប្រទេស​ថៃ និង​វៀតណាម​»​។ សហប្រធាន IBC បញ្ជាក់​យ៉ាងនេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន នា​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​អន្តរជាតិ​កម្ពុជា ក្រោម​ប្រធានបទ វិនិយោគ​លើទឹក​ដី​ជា​បេះដូង​នៃ​អាស៊ាន (Invest in the heart of ASEAN) នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ​នេះ​។​

​ក្រៅពីនេះ សហប្រធាន​រូបនេះ បាន​មើលឃើញថា រដ្ឋាភិបាល​បាន​បន្ត​ប្តេជ្ញាចិត្ត​ក្នុងការ​កែទម្រង់សេដ្ឋកិច្ច​បន្ថែមទៀត ក្រោយ​ការបោះឆ្នោត​ឆ្នាំ ២០១៣ ។ លោក​បានបញ្ជាក់​ជា​វិជ្ជមាន​ចំពោះមុខ​អ្នកវិនិយោគ​មកពី​តំបន់​អឺរ៉ុប អាស៊ី និង​អាមេរិក​ជាង ៥០០ នាក់​ថា ក្រសួង ឬ​ស្ថាប័នរដ្ឋ​សំខាន់ៗ មាន​សកម្មភាព​ខ្លាំងក្លា​ក្នុងការ​បង្កើត និង​ការតាក់តែង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​វិនិយោគ រហូត​បច្ចុប្បន្ន​។ លោក​បាន​លើក​ច្បាប់​ទាំងនោះ រួមមាន ច្បាប់​វិនិយោគ​ថ្មី​ដែល​លោក​ចាត់ទុកជា​ច្បាប់​វិនិយោគ​មាន​លក្ខណៈ​សេរី​បំផុត​នៅក្នុង​តំបន់ និង​ច្បាប់​ប្រឆាំង​អំពើពុករលួយ សម្រាប់​ការពារ​អ្នកវិនិយោគ​ក្នុងប្រទេស និង​ប្រជាជន​ផង​។​

​ក្រៅពី​លោក​មើលឃើញថា ការ​កាត់​តែង​សេចក្តីព្រាងច្បាប់​ស្តីពី តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ​ថែមទៀត នឹង​នាំ​ឲ្យ​កម្ពុជា​កាន់តែ​មាន​ភាព​ទាក់ទាញ​លើ​វិស័យ​ផលិតកម្ម​ធុន​ស្រាល​ខ្លាំង ដែល​នឹង​ជួយ​ពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ធំ​ទូលាយ​ថែមទៀត ។​

​តែ​យ៉ាងណា​ទន្ទឹមនឹង​លោក Bretton G. Sciaroni សរសើរ​កម្ពុជា​ថា មាន​ចំណុច​ល្អ​សម្រាប់​អ្នកវិនិយោគ​ក្នុង​តំបន់​អាស៊ាន លោក​ប្រធាន​គណៈកម្មាធិការ​វិនិយោគ IBC លោក Pierre Tami វិញ បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ដែរ​ថា កម្ពុជា​គួរតែ​បញ្ចុះ ថ្លៃ​អគ្គិសនី និង​កសាង​ហេ​រដ្ឋា​រចនាសម្ព័ន្ធ​បន្ថែមទៀត ព្រមទាំង​ពិចារណា​កែប្រែ​ច្បាប់​ប្រមូល​ពន្ធ​ទៀត ដើម្បី​លើកទឹកចិត្ត​អ្នករកស៊ី​បរទេស​លើ​គ្រប់​វិស័យ ពិសេស​គឺ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​។​

​ដោយឡែក ប្រធាន​ក្រុមប្រឹក្សា​នៃ​ក្រុមប្រឹក្សា​ធ្វើដំណើរ និង​ទេសចរណ៍​ពិភពលោក (The World Travel and Tourism Council) លោក Gerald Lawless បាន​លើកឡើងថា អ្នកវិនិយោគ​ក៏​អាច​វិនិយោគ លើ​វិស័យ​ទេសចរណ៍​កម្ពុជា​ផងដែរ ដោយ​លោក​មើលឃើញថា ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ មាន​តំបន់​ទេសចរណ៍ធម្មជាតិ និង​វប្បធម៌​ច្រើន​កន្លែង​។​

​បើតាម លោក Bretton G. Sciaroni  IBC គឺជា​លេខាធិការដ្ឋាន​សម្រាប់​ក្រុមការងារ​ទទួលបន្ទុក​ច្បាប់ ពន្ធ និង​អភិបាលកិច្ច​ស្ទើរ​គ្រប់​វិស័យ ដោយមាន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​សហប្រធាន ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៤ ៕


Tag:
 Bretton G. Sciaroni
  Pierre Tami
  Gerald Lawless
  IBC
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com