ជាតិ
ឧទ្ធរណ៍ លើក​ពេល​ប្រកាស​សាលដីកា លើ​រឿងក្តី​លោកស្រី​ទេព វ​ន្នី និង​ស្ត្រី​បឹងកក់​បី​នាក់​
15, Feb 2017 , 3:21 pm        
រូបភាព
​ភ្នំពេញ​៖ លោកស្រី ទេព វ​ន្នី រួមទាំង​ស្ត្រី​បឹងកក់​បី​នាក់​ទៀត បាន​ប្តឹងទៅ​សាលាឧទ្ធរណ៍ ដើម្បី​ជំទាស់​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ដាក់ទោស​ពួកគេ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៦​ខែ​ក្នុង​ម្នាក់ៗ ពីបទ​ប្រឆាំង​មន្ត្រីរាជការ​សាធារណៈ កាលពី​ឆ្នាំ​២០១១​។ ប៉ុន្តែ​ក្រោយ​បញ្ចប់​សវនាការ នៅថ្ងៃនេះ សាលាឧទ្ធរណ៍ មិនបាន​ប្រកាស​សាលដីកា​ភ្លាមៗ​នោះទេ ដោយ​លើក​ពេល​ប្រកាស​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ឯណោះ​វិញ​។



​សាលាឧទ្ធរណ៍ បាន​បើកសវនាការ​សំណុំរឿង​ស្ត្រី​បឹងកក់​បួន​រូប រួមមាន លោកស្រី ទេព វ​ន្នី លោកស្រី បូ ឆវី ​លោកស្រី គង់ ចន្ថា និងលោកស្រី ហេង មុំ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​។ ស្ត្រី​ទាំងបួន​នាក់​នេះ បាន​ប្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​ជំទាស់​នឹង សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ចោទ​ពួកគេ ថា​ប្រឆាំង​មន្ត្រីរាជការ​សាធារណៈ កាលពី​ឆ្នាំ​២០១១ ហើយ​កំណត់​ឲ្យ​ម្នាក់ៗ ជាប់​ព​ន្ធា​គារ​រយៈពេល​៦​ខែ​។

​ប៉ុន្តែ​ក្រោយ​បញ្ចប់​សវនាការ សាលាឧទ្ធរណ៍ បាន​ពន្យារពេល​ប្រកាស​សាលដីកា នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ឯណោះ​វិញ​។
​បច្ចុប្បន្ននេះ លោកស្រី ទេព វ​ន្នី កំពុងតែ​ជាប់ពន្ធនាគារ​។ រីឯ លោកស្រី បូ ឆវី ​លោកស្រី គង់ ចន្ថា និងលោកស្រី ហេង មុំ ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។

​បើតាម​លោកស្រី ប៉ូវ សោភា ដែលជា​សកម្មជន​បឹងកក់​ដែរនោះ លោកស្រី ទេព វ​ន្នី ជាប់ពន្ធនាគារ​នេះ មិនមែន​ដោយសារតែ​សំណុំរឿង​កាលពី​ឆ្នាំ​២០១១​នោះទេ​។ លោកស្រី ប៉ូវ សោភា បាន​ប្រាប់ថា សំណុំរឿង​ដែល​នាំ​ឲ្យ​លោកស្រី ទេព វ​ន្នី ជាប់ពន្ធនាគារ គឺ​ទាក់ទង​នឹង​អំពើហិង្សា​នៅមុខ​ផ្ទះ​សម្តេច ហ៊ុន សែន កាលពី​ឆ្នាំ​២០១៣​។

​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ សកម្មជន​បឹងកក់ រួមទាំង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​មួយចំនួនទៀត បាននាំគ្នា​ទៅ​តវ៉ា​នៅមុខ​សាលាឧទ្ធរណ៍ ដើម្បី​សុំ​ឲ្យ​ដោះលែង​លោកស្រី ទេព វ​ន្នី ខណៈ​សវនាការ​កំពុង​តែ​ដំណើរការ​។ ពួកគេ បាន​ស្រែក​រិះគន់​ប្រព័ន្ធតុលាការ ដោយ​ដៃ​កាន់​រូប​របស់​លោកស្រី ទេព វ​ន្នី​។​

​សកម្មជន​បឹងកក់ តែង​នាំគ្នា​ទាមទារ​ឲ្យ​ដោះលែង​លោកស្រី ទេព វ​ន្នី ជា​ញឹកញាប់ ជាពិសេស​តាមរយៈ «​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»​។ យ៉ាងណាក៏ដោយ ការតវ៉ា​របស់​ពួកគេ ហាក់​មានសង្ឃឹម​តិចតួច​ណាស់ ដោយសារតែ​កន្លងមក បក្ស​កាន់អំណាច បានប្រកាស​ជាច្រើន​ដង​មកហើយ​ថា សំណុំរឿង​ខាងលើ គឺ​ស្ថិតនៅក្រោម​ចំណាត់ការ​របស់​តុលាការ ដោយ​មិនមាន​ស្ថាប័ន​ណាមួយ អាច​លូកដៃ​ចូល ដើម្បី​សុំ​ឲ្យ​ដោះលែង​អ្នកទោស នោះទេ​៕


Tag:
 ទេព វ​ន្នី​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com