ជាតិ
ឧទ្ធរណ៍ លើកពេលប្រកាសសាលដីកា លើរឿងក្តីលោកស្រីទេព វន្នី និងស្ត្រីបឹងកក់បីនាក់
× ភ្នំពេញ៖ លោកស្រី ទេព វន្នី រួមទាំងស្ត្រីបឹងកក់បីនាក់ទៀត បានប្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីជំទាស់នឹងសាលាដំបូងរាជធានីភ្នំពេញ ដែលដាក់ទោសពួកគេ ឲ្យជាប់ពន្ធនាគាររយៈពេល៦ខែក្នុងម្នាក់ៗ ពីបទប្រឆាំងមន្ត្រីរាជការសាធារណៈ កាលពីឆ្នាំ២០១១។ ប៉ុន្តែក្រោយបញ្ចប់សវនាការ នៅថ្ងៃនេះ សាលាឧទ្ធរណ៍ មិនបានប្រកាសសាលដីកាភ្លាមៗនោះទេ ដោយលើកពេលប្រកាសនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ឯណោះវិញ។
សាលាឧទ្ធរណ៍ បានបើកសវនាការសំណុំរឿងស្ត្រីបឹងកក់បួនរូប រួមមាន លោកស្រី ទេព វន្នី លោកស្រី បូ ឆវី លោកស្រី គង់ ចន្ថា និងលោកស្រី ហេង មុំ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ ស្ត្រីទាំងបួននាក់នេះ បានប្តឹងទៅកាន់សាលាឧទ្ធរណ៍ ដើម្បីជំទាស់នឹង សាលាដំបូងរាជធានីភ្នំពេញ ដែលចោទពួកគេ ថាប្រឆាំងមន្ត្រីរាជការសាធារណៈ កាលពីឆ្នាំ២០១១ ហើយកំណត់ឲ្យម្នាក់ៗ ជាប់ពន្ធាគាររយៈពេល៦ខែ។
ប៉ុន្តែក្រោយបញ្ចប់សវនាការ សាលាឧទ្ធរណ៍ បានពន្យារពេលប្រកាសសាលដីកា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ឯណោះវិញ។
បច្ចុប្បន្ននេះ លោកស្រី ទេព វន្នី កំពុងតែជាប់ពន្ធនាគារ។ រីឯ លោកស្រី បូ ឆវី លោកស្រី គង់ ចន្ថា និងលោកស្រី ហេង មុំ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។
បើតាមលោកស្រី ប៉ូវ សោភា ដែលជាសកម្មជនបឹងកក់ដែរនោះ លោកស្រី ទេព វន្នី ជាប់ពន្ធនាគារនេះ មិនមែនដោយសារតែសំណុំរឿងកាលពីឆ្នាំ២០១១នោះទេ។ លោកស្រី ប៉ូវ សោភា បានប្រាប់ថា សំណុំរឿងដែលនាំឲ្យលោកស្រី ទេព វន្នី ជាប់ពន្ធនាគារ គឺទាក់ទងនឹងអំពើហិង្សានៅមុខផ្ទះសម្តេច ហ៊ុន សែន កាលពីឆ្នាំ២០១៣។
នៅព្រឹកថ្ងៃពុធនេះ សកម្មជនបឹងកក់ រួមទាំងប្រជាពលរដ្ឋក្នុងតំបន់មួយចំនួនទៀត បាននាំគ្នាទៅតវ៉ានៅមុខសាលាឧទ្ធរណ៍ ដើម្បីសុំឲ្យដោះលែងលោកស្រី ទេព វន្នី ខណៈសវនាការកំពុងតែដំណើរការ។ ពួកគេ បានស្រែករិះគន់ប្រព័ន្ធតុលាការ ដោយដៃកាន់រូបរបស់លោកស្រី ទេព វន្នី។
សកម្មជនបឹងកក់ តែងនាំគ្នាទាមទារឲ្យដោះលែងលោកស្រី ទេព វន្នី ជាញឹកញាប់ ជាពិសេសតាមរយៈ «យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ»។ យ៉ាងណាក៏ដោយ ការតវ៉ារបស់ពួកគេ ហាក់មានសង្ឃឹមតិចតួចណាស់ ដោយសារតែកន្លងមក បក្សកាន់អំណាច បានប្រកាសជាច្រើនដងមកហើយថា សំណុំរឿងខាងលើ គឺស្ថិតនៅក្រោមចំណាត់ការរបស់តុលាការ ដោយមិនមានស្ថាប័នណាមួយ អាចលូកដៃចូល ដើម្បីសុំឲ្យដោះលែងអ្នកទោស នោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com