ជាតិ
សេដ្ឋកិច្ច
កម្ពុជា​គ្រោង​ចំណាយ​ទឹកប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង នៅ​ខេត្ត​ព្រះសីហនុ
15, Feb 2017 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា គ្រោង​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​មួយ នៅ​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កម្ពុជា AKP​។​



​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ឆែ លី​ឌី​ន បាន​ឲ្យ​ដឹងថា រោងចក្រ​ចម្រាញ់​ប្រេង​នេះ គ្រោង​នឹង​ដំណើរ​សាងសង់​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ ដែលជា​ការបោះ​ទុនវិនិយោគ​របស់​ក្រុមហ៊ុន Cambodian Petrochemical Company (CPC)​។ លោក​ថា មូល​ហេតុដែល​បង្កើត​រោងចក្រ​នៅ​ខេត្ត​ព្រះសីហនុ​នេះ ព្រោះ​ទីតាំង​កន្លែង​នោះ​ជាប់​កន្លែង​ដឹកជញ្ជូន ដែល​វា​ផ្ដល់​ភាពងាយស្រួល ដល់​សេវា​ដឹកជញ្ជូន និង​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ផងដែរ​។

​លោក ឆែ លី​ឌី​ន បានបញ្ជាក់​ដូច្នេះ​ថា​៖« រយៈកាល​កន្លងមក​ក្រុមហ៊ុន​បាន​ជួប​បញ្ហា​ស្វែងរក​ប្រភព​ហិរញ្ញវត្ថុ ដើម្បី​បោះទុន​វិនិយោគ លើ​គម្រោង​នេះ គួបផ្សំ​នឹង​កត្តា​តម្លៃ​ប្រេង​ឆៅ​នៅលើ​ទីផ្សារ​អន្តរ ជាតិ​ធ្លាក់​យ៉ាងគំហុក​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ នេះ​ធ្វើ​ឲ្យ​គម្រោង​មានការ​យឺតយ៉ាវ​ក្នុងការ​អនុវត្ត​។ ប្រសិន​ដំណើរការ​ដូច​គ្រោងទុក​ក្រុមហ៊ុន​ត្រូវការ​ប្រមាណ ៣៦​ខែ ដើម្បី​រៀបចំ​សាងសង់ និង​ដាក់ឱ្យ​ដំណើរការ ហើយ​គ្រោង​នឹង​សាងសង់​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ​»​។​

​បើតាម​លោក ឆែ លី​ឌី​ន គម្រោង​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​នេះ ត្រូវ​ការចំណាយ​ទឹកប្រាក់​ប្រមាណ ១,៦​ពាន់​លាន​ដុល្លារ ។ លោក រំពឹងថា ការបង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​នេះ នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​កម្ពុជា​។ ជាពិសេស​ការសម្រួល​ត​ម្លៃ​ប្រេង​ក្នុងការ​ផ្គត់ផ្គង់​ក្នុងស្រុក និង​នាំ​ចេញទៅ​លក់​ក្រៅប្រទេស​ផងដែរ ។​

​គួរ​បញ្ជាក់ថា ក្រសួង​រ៉ែ និង​ថាមពល ធ្លាប់​បានផ្តល់​ការឯកភាព​ជាគោលការណ៍​ដល់​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​នេះ (CPC)  សហការ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​វិនិយោគ​ចិន ដើម្បី​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​នេះ តាំងពី​ឆ្នាំ​២០១២ មក​ម្លេះ​៕


Tag:
 ក្រសួង​រ៉ែ​
 ​ ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com