កីឡាជាតិ
ជាតិ
កម្ពុជា២នាក់ និងឡាវ២០នាក់ត្រូវ AFC ពិន័យមិនឲ្យចូលរួមសកម្មភាពបាល់ទាត់មួយជីវិត
× គណៈកម្មាធិការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) កាលពីថ្ងៃទី១៥ ខែកុម្ភៈ បានចេញសេចក្តីសម្រេចលើការពិន័យមន្ត្រី កីឡាករ និងអតីតកីឡាករចំនួន២២នាក់ (កម្ពុជា២នាក់ និងឡាវ២០នាក់) មិនឲ្យចូលរួមក្នុងសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត។ AFC មិនបានបង្ហាញព័ត៌មានលម្អិត ដោយគ្រាន់តែលើកឡើងថា បុគ្គលទាំងនោះ ជាប់ពាក់ព័ន្ធនឹងការកំណត់លទ្ធផលប្រកួតនៃក្រុមតំណាងនានារបស់ឡាវ និងក្លិប Lao Toyota FC។
យោងតាមសេចក្តីសម្រេចពីទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មន្ត្រី អតីតកីឡាករ និងកីឡាករទាំង២២នាក់ដែលត្រូវបានគណៈកម្មាធិការវិន័យរបស់ AFC ពិន័យមិនឲ្យចូលរួមក្នុងសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត រួមមាន លោក ពាស សុធី និងលោក ហង់ សុគន្ធា ដែលជាអតីតកីឡាករជម្រើសជាតិកម្ពុជា និងឡាវ២០នាក់ ដែលក្នុងនោះ ១៥នាក់ជាកីឡាករ អតីតកីឡាករជម្រើសជាតិឡាវ និងក្លិប Lao Toyota FC។
AFC បានស៊ើបអង្កេតឃើញថា ក្រុមដែលតំណាងឲ្យសហព័ន្ធកីឡាបាល់ទាត់ឡាវ បានជាប់ពាក់ព័ន្ធនឹងភាពមិនប្រក្រតីទាក់ទងនឹងការប្រកួត ដែលចាប់ផ្តើមតាំងពីឆ្នាំ២០១៤មក ហើយនៅតែមានបន្ត។ ការស៊ើបអង្កេតនេះ មានការចូលរួមសហការពីក្រុមហ៊ុនសេវាកម្មទិន្នន័យ Sportradar និងអង្គភាព FIFA Integrity Unit ដោយព័ត៌មានលម្អិតមិនត្រូវបង្ហាញឡើយ ក្នុងគោលបំណងការពារសុចរឹតភាពនៃស៊ើបអង្កេត។
នេះជាការសម្រេចមួយដែលបង្កប់នូវចម្ងល់ និងសំណួរជាច្រើន។ ជាមួយគ្នានេះ AFC បានបញ្ជាក់ថា គ្មានគោលនយោបាយអត់ឱនណាមួយឡើយទាក់ទងនឹងការកំណត់លទ្ធផលនៃការប្រកួត ហើយការរៀបចំមិនប្រក្រតីនានា នឹងរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ទៅតាមបទបញ្ញត្តិរបស់ AFC ។
សេចក្តីសម្រេចនេះ ត្រូវបានបញ្ជូនទៅសហព័ន្ធកីឡាបាល់ទាត់ឡាវ និងកម្ពុជា ហើយ AFC នឹងស្នើទៅសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដើម្បីឲ្យការហាមប្រាមនេះ មានវិសាលភាពទូទាំងពិភពលោក។
អ្នកទាំង២២នាក់នោះ រួមមាន៖ Vathana Keodouangdeth, Odien Syharlad, Sitthideth Khanthavong, Anousay Noyvong, Thenthong Phonsettha, Soulasack Vongsengdeuan, Vongdalasene Sayoulasouk, Paseuthsack Souliyavong , Xaisongkham Champathong , Khouanta Sivongthong , Maitee, Dao Khotsaya, Soubandit Thammavong, Phoutthakone Keovongsa, Soulixay Inthasene, Seny Sangsuvanh, ហង់ សុគន្ធា, ពាស សុធី។ Saynakhonevieng Phommapanya, Chintana Souksavath, Moukda Souksavath និង MPhatthana Syvilay ត្រូវបានព្យូរជាបណ្តោះអាសន្ននៅខែវិច្ឆិកា ឆ្នាំ២០១៦៕
© រក្សាសិទ្ធិដោយ thmeythmey.com